អ្នកការពារសិទ្ធិមនុស្ស និងមន្ត្រី​ គ.ជ.ប ថាស្ទើ​រតែ​មិន​ជឿ​ថា​ខ្លួន​មាន​សេរីភាព

ដោយ លោក ហ៊ុន សិរីវឌ្ឍន៍​​ | ថ្ងៃសុក្រ ទី៣០ ខែមិថុនា ឆ្នាំ២០១៧​ ម៉ោង 5:55 PM | បោះឆ្នោតសិទ្ធិមនុស្ស | 0 | 2682

មន្ត្រី​ការ​ពារ​សិទ្ធិ​មនុស្ស និង​អគ្គលេខា​ធិការ​រងគ.ជ.ប ​ដែល​ត្រូវបា​ន​ដោះ​លែងឲ្យនៅក្រៅឃុំ ​កាលពី​ល្ងាច​ថ្ងៃទី២៩ខែមិថុនាម្សិល​មិញ ​បាន​បញ្ចេញ​មតិ​យោបល់​ខុស​គ្នា​ពី​ដោះ​លែង និង​​ថាពួកគេ​ស្ទើ​រតែ​មិន​ជឿ​រ​អំពីការ​ដោះ​លែង​នេះទេ។

មន្ត្រីការពារសិទ្ធិមនុស្សទាំង៥រូបនោះ ត្រូវបានចាប់ខ្លួនដោយអង្គភាពប្រឆាំងអំពើពុករលួយ កាលពីចុងខែមេសាឆ្នាំ២០១៦ ខណៈស្ថានការណ៍នយោបាយកំពុងឡើងកម្តៅ។ បើតាមមេធាវីការពារក្តី លោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ងដា និងលោកស្រី លឹម មុនី រួមទាំង​មន្ដ្រី​ គ.ជ.ប លោក នី ចរិយា ត្រូវបាន​ឃុំ​ខ្លួន​ជាបណ្តោះអាសន្ន​ដោយ​គ្មាន​ភស្ភុតាងដាក់​បន្ទុក​នៅ​ឡើយទេ។

ក្នុង​ដី​កាបង្គាប់​ឲ្យ​ដោះ​លែងចុះ​ថ្ងៃ​ទី​២៩មិថុនាឆ្នាំ​២០១៧ ​ចៅក្រម​ស៊ើប​សួរ​លោក ធាម ច័ន្ទ​ពិសិដ្ឋ បានបញ្ជា​ទៅ​កាន់​ប្រធាន​ពន្ធនាគារភ្នំពេញ និង​ប្រធានមណ្ឌល​អប់​រំ​ទី១ ឲ្យ​ដោះ​លែង​អ្នក​ទាំង៥​នាក់​នេះ ដោយ​ពុំ​បាន​បញ្ជាក់​ពី​មូល​ហេតុ​នៃ​ការ​ដោះ​លែង​ទេ។

ដើ​រចេញពី​ពន្ធនាគារ​ក្នុងសំលៀក​បំពាក់​ស៊ីវិល​ អគ្គលេខា​ធិការ​រង​គ.ជ.ប លោក នី ចរិយា មាន​ប្រសាសន៍​ទៅ​កាន់​អ្នក​សារព័ត៌មាន​ថា ​លោក​មាន​អារម្មណ៍​សប្បាយ​រីក​រាយ​ជាខ្លាំង ចំពោះ​ការ​ដោះ​លែង​នេះ​ តែ​លោក​សុំ​មិន​បញ្ចេញ​មតិ​យោបល់​លើ​ការ​ដោះ​លែង​នេះ​ទេ ដោយ​​ថា​ រឿងនេះ កំពុងស្ថិត​នៅ​ក្នុ​ង​នីតិវិធី​តុលា​ការ​​នៅ​ឡើយ។

លោក​ថា៖ «ខ្ញុំមិនអាចធ្វើអត្ថាធិប្បាយពាក់ព័ន្ធនឹងនីតិវិធីតុលាការទេ ព្រោះរឿងនេះ កំពុងស្ថិតក្នុងនីតិតវិធីតុលាការនៅឡើយ។ខ្ញុំមានអារម្មណ៍សប្បាយចិត្តដូចប្រជាពលរដ្ឋខ្មែរយើងដទៃទៀតដែរណា ព្រោះខ្ញុំបានជួបគ្រួសារខ្ញុំវិញ »

ងាក​ទៅ​កាន់​ទីស្នាក់ការសមាគមន៍​អាដហុក​ឯណោះ​វិញ មន្ត្រី​សមាគម​អាដហុក​ទាំង​៤​រូប ​បាន​ជួប​ជុំ​អ្នក​ធ្វើ​ការ​ជាមួយ​​ខ្លួន​ និងបានធ្វើសន្និសិទកាសែត ដើម្បីថ្លែង​​អរគុណ​ទៅ​ដល់គ្រប់​ស្ថាប័នពាក់ព័ន្ធ ដែល​​តែងគាំទ្រ​ខ្លួន​តាំង​ពី​ដើម​រហូត​មក​ដល់ពេ​ល​នេះ។

មន្ត្រី​អាដហុក​ លោក យី សុខសាន្ត មានប្រសាសន៍ថា ​លោក​អរគុណ​ជា​ខ្លាំង​ចំពោះ​សារព័ត៌មាន​ អង្គការ​ សមា​គមន៍​ជាតិ​​អន្ត​រជាតិ អង្គទូតទាំងអស់​ និង​ប្រជាពលរដ្ឋ​ដែលនៅគាំទ្រ​ពួក​លោក​រហូតមក​ដល់ពេល​នេះ។ ​​លោក​ថា លោក​មាន​ក្តី​សង្ឃឹម​ពី​ការ​ដោះ​លែង​នេះ ហើយថានេះ ទំនងជាធ្វើឡើង​គឺ​បន្ទាប់​ពី​អគ្គរដ្ឋ​ទូ​តសហរដ្ឋ​អាមេរិក​បាន​ទៅ​ជួប​ជា​មួយ​នាយក​រដ្ឋ​មន្ត្រី​ដោយ​ផ្ទាល់​ក្នុង​សប្តាហ៍​នេះ។ លោក យី សុខសាន្ត ក៏បានស្នើ​ថា កុំ​ដោយ​សារ​នយោបាយរវាង​មនុស្ស​ពីរ​នាក់ ​ធ្វើ​ឲ្យ​មាន​ព​លរដ្ឋ​រងគ្រោះ និង​ចលាចល​នៅ​ទូ​ទាំង​ប្រទេស​នេះ​បន្ត​ទៀត។

លោក​ថា «ល្ងាចមិញ ខ្ញុំគ្មានសង្ឃឹមថា ខ្ញុំមានសេរីភាពទេ ហើយមន្ត្រីពន្ធនាគារម្នាក់គាត់ប្រាប់ខ្ញុំថា ពូគេឲ្យពូចេញហើយតែខ្ញុំមិនចង់ជឿរទេ ប៉ុន្តែនៅពេលដែលគេនាំខ្ញុំទៅស្លៀកពាក់និងចេញមក ខ្ញុំថាអូនគេឲ្យខ្ញុំមានសេរីភាពហើយ។បន្ទាប់ពីខ្ញុំទទួលពត៌មានថា ឯកអគ្គរដ្ឋទូសហរដ្ឋអាមេរិក ទៅជួបជាមួយសម្តេច ថាប្រហែលជាឲ្យមានការបោះឆ្នោត​​សេរីនឹងយុត្តិធម៌ លើកស្ទួយសិទ្ធិមនុស្សហើយមានការធ្វើពាណិជ្ជកម្មរួមគ្នា ខ្ញុំគិតថា ប្រាកដជាមានចំណុចណាមួយដែលអាចនាំឲ្យជជែកគ្នាឲ្យខ្ញុំបាននៅក្រៅឃុំ»

​ចំពោះ​លោក ណៃ​ វង់ដា មានប្រសាសន៍ថា ​លោកក៏​ស្ទើ​តែ​មិន​ជឿ​រថា ​លោក​អាច​មាន​សេរីភាពពេល​នេះ​ទេ ដោយលោកបដិសេធ​មិន​​និយាយ​អ្វី​បន្ថែម​ទេ ​ទាក់​ទង​នឹង​ការ​ដោះ​លែង​នៅពេល​នេះ​ទេ។

លោក​ថា៖ «ជារួម ខ្ញុំមានការត្រេកអរនិងថ្លែងអំណរគុណដល់អ្នកសារព័ត៌មានទាំងអស់ អង្គការសង្គមស៊ីវិល បងប្អូននិងប្រជាពលរដ្ឋ ដែលបានទាមទារអត់ឈប់អត់ឈរដល់ការដោះលែង ហើយក៏សុំអរគុណដល់អ្នកដែលបានដោះលែងផងដែរ ដល់រដ្ឋាភិបាល តុលាការ ព្រោះគាត់យល់ថា ពួកយើងអត់មានកំហុសបានដោះលែង។ខ្ញុំមិនចង់និយាយអីវែងឆ្ងាយទៀតទេ ព្រោះឥឡូវនេះ ជាពេលវេលាសប្បាយជួបជុំបងប្អូនប្រពន្ធកូន រឿងអ្វីផ្សេងទៀតសុំមិនទាន់និយាយពេលហ្នឹងទេសុំអធ្យាស្រ័យ​​»

ឯកមកលោកស្រី​ លឹម មុនី ឲ្យដឹងថាលោក​ស្រី​ មិន​នឹក​ស្មាន​ថា ​អ្វីដែល​លោក​ស្រី​ធ្វើ​ការ​តាម​វិជ្ជាជីវៈរបស់​ខ្លួន​នេះ ត្រូវបាន​រដ្ឋាភិបាល​ចាប់​យក​ទៅ​ដាក់​ពន្ធនាគារ​នោះ​ទេ តែ​ទោះ​ជា​យ៉ាង​ណា​ លោក​ស្រី​នៅ​តែ​មាន​សង្ឃឹម​ពី​សេរីភាព​ ថ្វីបើមិនទាន់មានការបង្ហាញពេលវេលាជាក់លាក់។​

លោកស្រី​ថា៖ «ខ្ញុំគិតថា ការងារខ្ញុំដែលជួយសង្គម បានច្រើនជាការងារដែលជួយស្ត្រីបានច្រើន ហើយកន្លង​​មកដែលខ្ញុំជាប់ឃុំ ជាងមួយឆ្នាំនេះ ខ្ញុំតែតែគិតដល់គាត់គ្រប់ពេលវេលា ចំពោះជនរងគ្រោះខ្លះដែខ្ញុំមិនទាន់ជួយដល់គាត់ខ្ញុំនៅតែគិតពីគាត់ ហើយខ្ញុំសង្ឃឹមថា ទង្វើររបស់ខ្ញុំនឹងអាចជួយឲ្យខ្ញុំមានសេរីភាពវិញ​​នៅពេលណាមួយ ហើយនៅពេលនេះ ក៏ជាលទ្ធផលមួយតាមការំពឹងទុក ក៏ប៉ន្តែទៅមុខទៀតមិនដឹងជាយ៉ាងមិច! »

អ្នកនាំពាក្យសមាគមអាដហុក លោក សំ ចាន់គា ថាលោកក៏មានការភ្ញាក់ផ្អើលដូចអ្នកដែលជាប់ឃុំទាំង៥នាក់នោះដែរ ដោយថា សមាគមព្យាយាមដាក់ពាក្យសុំឲ្យនៅក្រៅឃុំនេះចំនួន៥លើកពីមុន គឺត្រូវបានតុលាការបដិសេធជានិច្ច តែការដាក់ពាក្យនៅក្រៅឃុំលើកចុងក្រោយនេះ ត្រូវបានតុលាការយល់ព្រម។

លោកយល់ មានប្រសាសន៍ថា ការដោះលែងនេះ អាចមកពីតុលាការមើលឃើញពីការលំបាក និងសុខភាពរបស់អ្នកជាប់ឃុំទាំង៥នាក់។ បើតាមលោក សំ ចាន់គា រហូតមកដល់ពេលនេះ អ្នកទាំង៤នាក់ ត្រូវបានអនុញ្ញាតឲ្យសម្រាក និងតាមដានសុខភាពជាមុនសិន មុនអនុញ្ញាត្តិឲ្យចូលធ្វើការវិញ។

លោកថា៖ «យើងអត់ទាន់ច្បាស់ទេ ចាំមើលប្រជុំនៅគណៈគ្រប់គ្រង តើយើងមានលទ្ធភាពប៉ុណ្ណា យើងនឹងមើលពេទ្យខាងក្នុងស្រុកហ្នឹងថា មានលទ្ធភាពប៉ុណ្ណាដែល ប្រសិនជាត្រូវបញ្ជូនចេញព្យាបាលនៅខាងក្រៅយើងនឹងបញ្ជូនទៅក្រៅបាទ!…សុខភាពដែលខ្សោយជាងគេគឺលោក នី សុខា និងលោក យី សុខសាន្ត ឯលោក ណៃ វ៉ង់ដា ខ្សោយដែរ ជាក់ស្តែងពេលចេញសវនាការនៅតុលាការកំពូល លោកមិនអាចអង្គុយបានផង ប្រហែលជាចំណុចហ្នឹងហើយ ដែលតុលាការមើលឃើញនឹងឲ្យពួកគាត់ចេញក្រៅ»

មន្ត្រីការពារសិទ្ធិមនុស្សសមាគមអាដហុក និង​អគ្គលេខាធិការ​រង​គ.ជ.ប ទាំង​៥នាក់​នោះ​ ត្រូវតុលាកា​រ​សម្រេច​ឃុំខ្លួន​បណ្តោះ​អាសន្ននៅ​ពន្ធនា​គារ​ព្រៃ​សជាងមួយឆ្នាំហើយ ដោយតុលាការចោទប្រកាន់ពីបទ «សូកប៉ាន់​សាក្សី» ទាក់ទិន​សំណុំ​រឿងដ៏​ចម្រោ​ង​ច​​ម្រាស់ជាមួយនឹងកញ្ញា ខុម ចាន់តារាទី ហៅ “ស្រីមុំ”។ ហើយបើតាមមេធាវីការពារក្តី តុលាការ ហាក់នៅមិនទាន់រកមិនឃើញភស្តុតាងគ្រប់គ្រាន់ ដើម្បីដាក់បន្ទុកនិងកាត់ទោសនៅឡើយ។

ក្រោយ​មាន​ការឃុំ​ខ្លួន​អ្នក​ទាំង​៥​ ស្ថាប័នជាតិនិង​អន្តរជាតិ​ជាច្រើន បាន​​ប្រតិកម្ម​និងទទូច​ឲ្យ​មាន​ការ​ដោះ​លែង​អ្នក​ទាំង​នោះ​នាក់​ជាបន្ទាន់ ដោយពួកគេ​ចាត់​ទុក​ថា ​ការ​បន្តឃុំ​ខ្លួននេះ ​ជាការ​រំលោភ​សិទ្ធិ​មនុស្សយ៉ាងធ្ងន់ធ្ងរ និង​ជាចេតនា​នយោបាយ​៕

សរសេរមកកាន់ លោក ហ៊ុន សិរីវឌ្ឍន៍ តាមរយៈ sirivadh@vodhotnews.com

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required