សមត្ថកិច្ចខេត្តសៀមរាបថាកំពុងតាមស្វែងរកព្រះសង្ឃនិងអាចារ្យដែលបាត់ខ្លួន

សមត្ថកិច្ចខេត្ដសៀមរាប ឲ្យដឹងថា កងកម្លាំងសមត្ថកិច្ចកំពុងតាមស្វែងរកព្រះសង្ឃ និងតាអាចារ្យដែលបានបាត់ខ្លួនកាលពីថ្ងៃទី១៨ខែមិថុនា ប៉ុន្ដែមិនទាន់មានតម្រុយនៅឡើយទេ។

កាលពីថ្ងៃទី១៨ខែមិថុនានេះ ព្រះតេជគុណ មាស វិចិត្រ ព្រះជន៣១ព្រះវស្សា ជាព្រះសង្ឃខ្មែរកម្ពុជាក្រោម និងលោកតា អាចារ្យ នី ត្រូវបានគេចោទថា ក្រុមប្រជាការពារភូមិ ស្រង៉ែ សង្កាត់ស្រង៉ែ ក្រុងសៀមរាប បានចាប់ដោះស្បង់ចីពរនិងវាយធ្វើបាប បន្ទាប់មកយកទៅប្រគល់ជូនប៉ុស្តិប៉ូលិសស្រង៉ែ ក្រុងសៀមរាប។ ក្រោយពីប៉ូលិសសួរនាំ និងពិនិត្យថាមិនមានទោសកំហុស ពួកគេទាំងពីរ ត្រូវបានដោះលែងឲ្យមានសិទ្ធិសេរីភាពទៅវិញទៅ ប៉ុន្ដែ ពួកគេបានបាត់ខ្លួនមកដល់ពេលនេះ។

អធិការនគរបាល ក្រុងសៀមរាប លោក ទិត្យ ណារ៉ុង ប្រាប់វីអូឌី នៅរសៀលថ្ងៃទី៣០ខែមិថុនានេះថា ព្រះសង្ឃនឹងតាអាចារ្យ គ្មានប្រជាការពារដោះច្បង់ចីវរ និងធ្វើបាបដូចការចោទប្រកាន់នោះទេ ដោយលោកថា ព្រះអង្គនិងតាអាចារ្យ ពួកគាត់ដោះសំលៀកបំពាក់ និងរត់គេចខ្លួនដោយខ្លួនឯង ខណៈដែលសមត្ថកិច្ចដឹកពួកគេទៅរករថយន្ដបញ្ជូនទៅភ្នំគូលេនវិញ បន្ទាប់ពីសមត្ថកិច្ចរកឃើញគ្មានកំហុស។

លោកបន្ដថា លុះព្រឹកឡើងឃើញអ្នកទាំងពីរ​ស្លៀកការ៉ុងនៅខាងមុខវត្ដធម្មយុទ្ធក្រុងសៀមរាប ទើបសមត្ថកិច្ចឃាត់ខ្លួន និងបញ្ជូនទៅទុក​នៅវត្ដមួយក្នុងបរិវេណប្រាសាទអង្គរ ប៉ុន្ដែបានបាត់ខ្លួនវិញ។ លោក អធិការនគរបាលរូបនោះ បន្ថែមថា លោកបានសហការជាមួយកងកម្លាំងនៅតាមបណ្ដាស្រុកឲ្យស្វែងអតីតសង្ឃនិងអាចារ្យ​នោះ។ លោកថា អតីតព្រះខ្មែរក្រោម និងតាអាចារ្យនោះ ហាក់មានសតិមិនប្រក្រតី។

លោកបន្ដថា៖ «ដល់ពេលថ្ងៃឡើង ឃើញនៅលើផ្លូវ ប៉ូលិសយកខោពីរទៅឲ្យគាត់ស្លៀក ហើយដឹកគាត់ទៅដាក់វត្ដអង្គរ។ នៅទេ មិនដឹងគាត់ទៅណា កំពុងដាក់កម្លាំងតាមស្រុកឲ្យមើល ប៉ុន្ដែយើងមិនទាន់បានទទួលព័ត៌មាន។ ហើយព្រឹកមិញនេះ ខាងសមាគមខ្មែរកម្ពុជាក្រោម គេមកជួបអង្គភាពខ្ញុំរួចអស់ហើយ»

គ្រូបង្វឹកគុនល្បុក្កតោ មានរិទ្ធិ នៅសង្កាត់ក្របីរៀល ក្រុងសៀមរាប លោក រស់ សេរី​​ ឲ្យដឹងថា ព្រះសង្ឃអង្គនោះឈ្មោះ មាស វិចិត្រ ធ្លាប់បានផ្ដល់សម្ភារៈនិងថវិការជួយដល់សាលាគុនលោកជាច្រើនលើកមក។

លោកបន្ដថា ចំណែកតាអាចារ្យឈ្មោះ នី មានអាយុវ៥៥ឆ្នាំ មិនធ្លាប់មកដល់សាលាគុននោះទេ ​ទើបថ្ងៃដែលលោកត្រូវបានគេធ្វើបាបប៉ុណ្ណោះ។

លោកបន្ដថា៖ «ទាំងយប់ទាំងថ្ងៃ ដើររកមិនឃើញ នៅរកទីនោះ គេឃើញនៅទីណោះទៅប៉ូលិស គេថាយកទៅវត្ដចក ខំទៅសួរវត្ដចក ទៅគេថា ទៅភ្នំក្រោម ទៅរកភ្នំក្រោម គេថា ក្រោលសេះ ទៅក្រោលសេះគេថា នៅភូមិបៃតង ដល់ពេលទៅរកគេនៅវត្ដទេពប្រណម គេកុហករហូតដើររកមិនឃើញសោះ»

ព្រះតេជគុណ ថាច់ នរិន្ទ គង់នៅវត្ដមួយក្នុងខេត្ដកណ្ដាល ដែលត្រូវជាប្អូនព្រះសង្ឃ បាត់ព្រះកាយ មាស វិចិត្រ មានសង្ឃដីការថា ព្រះអង្គបានសាកសួរសមត្ថកិច្ចជាច្រើនថ្ងៃមកហើយ ប៉ុន្ដែគ្មានតម្រុយសោះ ។ ព្រះអង្គ ព្រួបារម្ភពីការបាត់ព្រះកាយព្រះសង្ឃ មាស វិចិត្រ ដោយថា សមត្ថកិច្ច ហាក់គ្មានឆន្ទះស្វែងរកនិងជួយអន្ដរាគមន៍នោះទេ។

អ្នកឃ្លាំមើលការពារសិទ្ធិសមាគអាដហុកខេត្ដសៀមរាបលោក សួស​ ណារិន មានប្រសាសន៍ថា លោកកំពុងកំពង់ស៊ើបអង្កេតលើករណីនេះ ដោយថា ការបាត់ខ្លួននេះ មិនទាន់សន្និដ្ឋានជាករណីឃាត់កម្ម ឬករណីអ្វីផ្សេងនៅឡើយទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ