វិភាគ៖ តើការកែច្បាប់ដោយមិនឲ្យ លោក សម រង្ស៊ី នៅពីក្រោយបក្សប្រឆាំង មានចេតនាអ្វី?

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក​សម រង្សុី

លោក ហ៊ុន សែន បានបញ្ជាឲ្យសមាជិកសភានៃគណបក្សកាន់អំណាច ធ្វើវិសោធនកម្មម្តងទៀត ចំពោះច្បាប់ស្តីពីគណបក្សនយោបាយ បន្ទាប់ពីច្បាប់នេះទើបតែបានធ្វើការកែប្រែដោយចម្រូង ចម្រាសកាលពីដើមឆ្នាំ២០១៧។

ការប្រកាសរបស់ប្រមុខរដ្ឋាភិបាលនៅក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍ ៦៦ឆ្នាំ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី២៨មិថុនា ត្រូវបាន លោក ហ៊ុន សែន សំដៅទៅរារាំងលោក សម រង្ស៊ី ដោយថាអតីតប្រធានគណបក្សប្រឆាំងរូបនេះ នៅតែចេញមុខធ្វើ​សកម្មភាព​គាំទ្រ​គណ​បក្សសង្រ្គោះជាតិ។

ការបញ្ជាឲ្យកែប្រែច្បាប់នេះជាថ្មីទៀតដោយ  លោក ហ៊ុន សែន គឺតែពីរថ្ងៃបន្ទាប់ពី លោក សម រង្ស៊ី បានបង្ហោះវីដេអូនៅលើហ្វេសប៊ុករបស់ លោក ​រំលឹកឡើងវិញ ពីប្រវត្តិរបស់គណបក្សប្រជាជនកម្ពុជា ដោយថា បានកើតចេញពីគណបក្សកុម្មុយនីស​ឥណ្ឌូចិន ដឹកនាំដោយ ហូ ជីមិញ។ លោក សម រង្ស៊ី បានបកស្រាយនៅក្នុងវីដេអូនោះថា គណបក្សប្រជាជនកម្ពុជា ជាគណបក្ស«យួនបង្កើត» ដឹកនាំដោយ«យួនបង្កប់» និងធ្វើតាម«យួនបង្គាប់»។

លោក សម រង្ស៊ី ដែលបានប្រកាសលាលែងពីប្រធានគណបក្សសង្រ្គោះជាតិ ដោយសារតែ​ច្បាប់​ស្តីពីគណបក្សនយោបាយដែលត្រូវបានបក្សប្រជាជនកែប្រែនោះ បានអះអាងថា លោកនឹ​ង​វិល​ចូល​កម្ពុជាវិញ ដើម្បីប្រកួតដណ្តើម​តំណែងនាយករដ្ឋមន្រ្តីនៅឆ្នាំ២០១៨។

ជាការចំអក ភ្លាមៗនោះ លោក ហ៊ុន សែន បានប្រកាសឲ្យលុបបំរាមដែលហាមយន្តហោះ​ដឹកនាំ​លោក សម រង្ស៊ី មកកម្ពុជា។តែលោក សម  រង្ស៊ី បានដាក់លក្ខខណ្ឌឲ្យលោក ហ៊ុន សែន «បោះ​បង់​​ផែនការកំចាត់មនុស្ស១០០ទៅ២០០នាក់»ទើបលោកមកកម្ពុជាវិញ។

ជាមួយនឹងការបញ្ជាឲ្យកែប្រែច្បាប់ម្តងទៀត  ប្រឆាំងនឹងការធ្វើសកម្មភាពនៅក្រៅប្រទេសរបស់អតីតមេបក្សប្រឆាំងនោះ លោក ហ៊ុន សែន ក៏បានចំអកឲ្យលោក សម រង្ស៊ី វិលមក កម្ពុជាវិញឆាប់ដើ​ម្បីចាប់ដាក់គុក។ មិនត្រឹមតែប៉ុណ្ណោះ លោក ហ៊ុន សែន បានស្នើឲ្យ​តំណាង​រា​ស្ត្រ​​​របស់គណបក្សលោកកែច្បាប់ស្តីពីគណបក្សនយោបាយបន្ថែមទៀត ក្នុងន័យរុញច្រាន លោក សម រង្ស៊ី ឲ្យចេញឆ្ងាយពីគណបក្សប្រឆាំង។

លោកបណ្ឌិត ចាន់ វិបុល អ្នកឯកទេសខាងអភិបាលកិច្ច វិភាគថា បើតំណាងរាស្ត្របក្ស​កាន់​អំណាច​នាំគ្នាកែប្រែច្បាប់ដើម្បី​​ដាក់​ទណ្ឌកម្មតែលើ​បុគ្គលអ្នកនយោបាយ ខណៈ​ដែល​បញ្ហា​តម្រូវ​ការ​របស់​ពលរដ្ឋ​មិនត្រូវបានដោះស្រាយនោះ លោកថា នឹងមិនចំណេញ​អ្វី ​ការ​បោះ​ឆ្នោត​​​ខាងមុខឡើយ។​«ធ្វើវិសោធនកម្មនេះបើនិយាយពីគោលការណ៍ច្បាប់វាអត់មានជំហរពិតប្រាកដ​សម្រាប់​ប្រយោជន៍ជាតិ យើងគិតតែពីគណបក្សនយោបាយ យើងអត់ខ្វល់ពីជាតិឲ្យច្រើន។​រដ្ឋសភាគួទុកពេល​វេលាឲ្យបានច្រើន​ធ្វើកិច្ចទាក់ទងវិស័យកសិកម្មដែលពលរដ្ឋកំពុងប្រឈម បញ្ហាប្រជាធិបតេយ្យ[ត្រូវ]ពង្រីកឲ្យមានការចូលរួម​ចំណែក​ច្រើន​ក្នុង​អភិបាលកិច្ចល្អ ជាជាង​ការរឹត​​បន្តឹង»។

ការប្រកាសកែច្បាប់ជាថ្មីទៀត ចំពោះច្បាប់ស្តីពីគណបក្សនយោបាយនេះ គឺធ្វើ​ឡើង​ក្រោយ​ពី​លទ្ធផល​បោះ​ឆ្នោត​ឃុំ សង្កាត់​បង្ហាញថា គណបក្សប្រជាជនកម្ពុជារបួតបាត់​មេឃុំ និង​ចៅ​សង្កាត់​អស់ជាង៤០០នាក់ និង​បាត់​សមាជិកក្រុមប្រឹក្សាជិត២០០០នាក់ទៀត។

គេនៅចាំបានថា មានច្បាប់ចំនួនពីរហើយដែលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បញ្ជាឲ្យ​បង្កើត​ដោយប្រញាប់ប្រញាល់ដែលអ្នកវិភាគយល់ថាជាចេតនានយោបាយនោះ។ ច្បាប់​ឯក​ព័ន្ធភាពត្រូវបានសមាជិកសភារបស់គណបក្សប្រជាជនកម្ពុជាអនុម័ត នៅពេលសម្តេច​ក្រុម​ព្រះមានជម្លោះនយោបាយជាមួយលោក ហ៊ុន សែន។​ ចំណែក​ច្បាប់​ដាក់ទោសអ្នក​មិន​ទទួល​​ស្គាល់របបខ្មែរក្រហម ត្រូវបានតាក់តែងនិងអនុម័តឡើងតែប៉ុន្មានថ្ងៃ ដោយតំណាងរាស្ត្រ​គណ​​បក្ស​ប្រជា​ជនកម្ពុជា ដែលអ្នកវិភាគមើលឃើញថា ជាចេតនាប្រឆាំងនឹងលោក កឹម សុខា បន្ទាប់ពី​ថ្លែង​រិះគន់ទាក់ទងនឹងគុកទួលស្លែង។

ប៉ុន្តែច្បាប់ទាំងពីរនេះមិនត្រូវបានគេយកមកប្រើប្រាស់ជាទូទៅនោះទេ ក្រៅតែប្រើប្រាស់​ប្រឆាំង​​នឹង​​សម្តេចក្រុមព្រះ និងលោក កឹម សុខា នោះ។ ដោយឡែក ការ​កែប្រែលើកទី១ កាលពីដើមឆ្នាំនេះ ទៅ​លើច្បាប់ស្តីពីគណបក្សនយោបាយនោះ មិនទាន់ត្រូវបានយកទៅដាក់​ទណ្ឌលើ​អ្នក​នយោ​បាយ​​​​ណាមួយបាននៅឡើយ ខណៈលោក សម រង្ស៊ី បានប្រកាសលា​លែង​​​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិបានមុនច្បាប់នេះចូលជាធរមាន។

លោកបណ្ឌិត ចាន់ វិបុល យល់ថា កាលណាតំណាងរាស្ត្រនាំគ្នាធ្វើ​ច្បាប់​សំដៅ​ដាក់​ទណ្ឌកម្ម​នណាមួយដោយច្បាប់នោះមិនបានបម្រើ​ផល​ប្រយោជន៍ប្រជាជនទូទៅទេនោះ នឹងធ្វើឲ្យ​គណ​បក្ស​នេះកាន់តែ​ធ្លាក់​ចុះការគាំទ្រទៅទៀត។«បច្ចុប្បន្ននេះពលរដ្ឋយល់​ច្បាស់ពីគុណភាពអ្នកនយោបាយ ចរិកអ្នកនយោបាយ អំពី​ប្រសិទ្ធភាពនៃការបំពេញ[ការងារ]របស់មន្រ្តីនយោបាយនៅគ្រប់​លំដាប់ថ្នាក់…។ប្រសិនបើរាល់ការធ្វើ​វិសោធនកម្មទាំងឡាយណាដែល​មិន​ឆ្លើយតប​នឹង​សេចក្តី​ត្រូវការរបស់ពលរដ្ឋ …ខ្ញុំឃើញថាការធ្វើ​វិសោធនកម្មហ្នឹងមិនមានផលអីទេ»។

សាស្រ្តាចារ្យនយោបាយ  លោក សូ ចន្ថា មានប្រសាសន៍ថា ប្រសិនបើការប៉ុនប៉ងនៃការធ្វើវិសោធនកម្មច្បាប់នេះបានជោគជ័យ វាជាបន្ទុកមួយដែលធ្វើឲ្យលំហរសេរីភាពនយោបាយដែលការពារដោយរដ្ឋធម្មនុញ្ញត្រូវរឹតត្បឹតបន្ថែមទៀត «បក្សកាន់អំណាចគួរតែពិចារណាឡើងវិញ ដោយសារតែការធ្វើច្បាប់ទាំងអស់គួរតែពិនិត្យអំពីហានិភ័យនៃប្រជាធិបតេយ្យនៅកម្ពុជា ចៀសជាងការដែលធ្វើដើម្បីតែហេតុផលនយោបាយ»

ច្បាប់ស្តីពីគណបក្សនយោបាយ ដែលបានអនុម័តកាលពីឆ្នាំ ១៩៩៧ ត្រូវបានស្នើ​ធ្វើ​វិសោធនកម្ម​ឡើងវិញម្តងហើយ ដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីចុងខែមករាឆ្នាំ២០១៧ និង​ត្រូវបាន​ចូលជាធរមាន បន្ទាប់ពីបានចុះហត្ថលេខាកាលពីថ្ងៃទី៧ខែមីនាដោយ​លោក សាយ ឈុំ ប្រធាន​ព្រឹទ្ធសភានិង​ជាប្រមុខរដ្ឋស្តីទី ជំនួសព្រះមហាក្សត្រ ដែលបានយាងទៅចិន។

ខ្លឹមសារសំខាន់​ក្នុងសេចក្តីស្នើច្បាប់ស្តីពីគណបក្សនយោបាយនេះ​ គឺមិនអនុញ្ញាតិឲ្យប្រធាន ឬអនុប្រ​ធាន​គណ​​បក្សនយោបាយណា ដែលប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ មាន​សិទ្ធិដឹកនាំបក្សបាននោះទេ។ លើស​ពី​នេះទៀត បើប្រធាន អនុប្រធាន​បក្សណា​មួយ បាន​ប្រព្រឹត្ត​បទល្មើសព្រហ្មទណ្ឌ​ធ្ងន់ធ្ងរ​ ក្រសួង​មហាផ្ទៃ​មាន​សិទ្ធិ​ប្តឹង​ទៅតុលាការកំ​ពូល ដើម្បី​រំលាយបក្សនោះ​។

ទាំងសហគមន៍ជាតិ និងអន្តរជាតិ បានប្រតិកម្មជាបន្តបន្ទាប់ ដោយពួកគេបានរិះគន់ថាច្បាប់ថ្មីនេះថា​បាន «ផ្តល់អំណាចដ៏​លើ​សលប់ ដល់រដ្ឋាភិបាលក្នុង​ការរំលាយ​គណបក្ស​ណា​មួយ​​ហើយឈានទៅរករបបឯកបក្ស»។

ក្រុមអ្នកវិភាគ និយាយថា ការដែលមេដឹកនាំគណបក្សកាន់អំណាចចង់កែច្បាប់នេះបន្ថែម​ទៀត​​​អាចដោយសារតែការកែប្រែលើកមុន មិនទាន់ចំចំណុចដែលពួកគេចង់បាន ហើយ​មិន​អាច​ដាក់​ទណ្ឌកម្ម​ លោក សម រង្ស៊ី កើត ខណៈលោកនៅក្រៅប្រទេស។​ប៉ុន្តែអ្វីដែល​អ្នកវិភាគ​បារម្ភនៅពេល​​កែ​ប្រែជា​លើកទី២នេះ គឺអាចផ្តល់អំណាចថែមទៀតឲ្យ​រដ្ឋាភិបាល«ឈាន​ទៅ​រំលាយ​​គណបក្ស​ប្រឆាំង​ក្រោមលេសថា លោក សម រង្ស៊ី នៅតែពាក់ព័ន្ធជា​មួយគណ​បក្ស​សង្រ្កោះ​ជាតិ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ