កីឡាករថៃប្រមូល៣២លានរៀល ពីព្រឹត្តិការណ៍អន្តរជាតិនៅកម្ពុជា

ដោយ លោក សុខ ឆាយ​​ | ថ្ងៃអាទិត្យ ទី៣០ ខែកក្កដា ឆ្នាំ២០១៧​ ម៉ោង 4:33 PM | កំសាន្ដកីឡា | 0 | 2854

នៅទី​បំផុតការប្រកួត​អន្តរជាតិ​​​​​ក្នុងរដូវកាលទី​​៣របស់​​​​​ព្រឹត្តិការណ៍​ខារ៉ាបាវ​​នៅ​សង្វៀន​ទូរទស្សន៍អាស៊ីអាគ្នេយ៍ អត់មានកីឡាករកម្ពុជាណាម្នាក់មានឱកាសទទួល​​បាន​តំណែង​សូម្បីតែជើង​រងនោះទេ ដោយសារតែ​​​​កីឡាករ​ថៃសុទ្ធតែ​បានវាយឈ្នះ​ ហើយឡើង​មកកាន់វគ្គ​ផ្ដាច់ព្រ័ត្រ​ដូចគ្នា។ ​​​​​កីឡាករថៃ​​​​ទាំង​​​២រូប ត្រូវគេ​ឃើញឡើងប្រជែងគ្នា​យក​​តំណែង​ម្ចាស់ខ្សែក្រវាត់អន្តរជាតិ និងជើងឯករង ​​ដោយ​​​ប្រមូល​ទៅអស់គ្មានសល់ក្នុង​​​ចំនួន​ទឹកប្រាក់រហូត​ដល់​​​​​៣២លាន​រៀល​ពី​​កម្ពុជា។

​លោកញៀន សុធី អ្នករៀបចំការប្រកួត​បានអះអាងថា​នេះជាការប្រកួតអន្តរជាតិ​​រដូវកាលទី​៣ដែលបានធ្វើនៅលើសង្វៀនរបស់លោក​ ​​ដោយ​ក្នុងការប្រកួត​​នេះ គឺមានរូបមន្ត​​​​​​​​​​​​​​​អោយកីឡាករ​កម្ពុជា​​៤រូប និងកីឡាករថៃ​​​៤រូប​​ ឈរក្នុងពូលរៀងខ្លួន​ហើយ​​អោយ​ឡើងប្រកួត​​ខ្វែងដាក់គ្នា​ទៅវិញ​ទៅមក​​​​។ លោកថាកា​រប្រកួតមួយ​​នេះ​កីឡាករកម្ពុជា​​​​អត់ប្រកួត​​ជាមួយ​កីឡាករ​កម្ពុជាក្នុងវគ្គ​​សន្សំ​ពិន្ទុ​ទេ ដោយតម្រូវអោយ​ប្រកួតខ្វែងគ្នា​ឆ្លងពូល ហើយ​​ប្រមូល​ពិន្ទុ​​​​​​​យក​​អ្នកមាន​ពិន្ទុនាំមុខ​​២នាក់​ក្នុងពូល​កម្ពុជា និង​​២នាក់​ក្នុងពូល​​ថៃ អោយឡើងប្រកួតគ្នា​ក្នុងវគ្គ​​ពាក់កណ្ដាល​​ផ្ដាច់​​ព្រ័ត្រ​។ យ៉ាងណាក៏ដោយការប្រកួត​​​​​​​​ដែលបានធ្វើឡើងមិនធ្វើអោយកីឡាករកម្ពុជា​ណា​ម្នាក់មាន​ឱកាសបានឡើងវគ្គ​​​​​ផ្ដាច់ព្រ័ត្រ​នោះទេ ដោយសារតែគ្រាន់តែដល់​វគ្គ​​ពាក់កណ្ដាល​​ផ្ដាច់​ព្រ័ត្រ​ក៏ត្រូវ​​​ថៃវាយទម្លាក់ទាំង​​ព្រម ហើយធ្វើអោយថៃ​​ក្លាយជាបេក្ខភាពឡើងទៅដណ្ដើម​ខ្សែក្រវាត់ និងប្រាក់លាន​​​ទាំងគូរ​តែម្ដង កាលពីល្ងាចថ្ងៃទី​​សៅរ៍​ទី ​២៩ កក្កដា។​ គាប់ជាការប្រកួត​នេះ គណកម្មការប្រកួត​មិនត្រូវ​​​អោយមានចំណាត់ថ្នាក់លេខ​​​​៣ និងលេខ​​​៤​ផង ទើបការប្រកួត​រវាងកីឡាករ​​ថៃ និងកីឡាករថៃក្នុងវគ្គ​ចុងក្រោយ គឺមិនខុសពីកម្ពុជា​រៀបចំព្រឹត្តិការណ៍ និងបើករេញ អោយកីឡាករថៃ​​​ចែកគ្នា​យក​​​ខ្សែក្រវាត់​អន្តរជាតិ និងប្រាក់​លាន យ៉ាងរំភើយ​​​​។ ​​កីឡាករ​​​​​​ Phlay Noy  និង Loom Leng   ​មិនបានបើកឆាកប្រកួតអោយ​អ្នកទស្សនាពេញ​​​ភ្នែកនោះទេ ដោយសារតែ​ពួកគេ​​​​ហាក់ឡើងប្រឡែងគ្នា និង​ដាក់​វេណគ្នា​​​វាយ​ចេញម្ដងម្នាក់ នៅពេល​លោកអាជ្ញាកណ្ដាល​​ធ្វើការព្រមាន​​អមអោយសម្រែកអ្នកទស្សនា​​ស្រែកថា​វាយអត់ល្អមើល។ ការប្រកួតរបស់ពួកគេ​រងការរិះគន់យ៉ាងច្រើន​ ប៉ុន្តែនៅបន្តរហូតដល់ចប់​​​ដោយសារតែ​ពួកគេទាំងពី​រ​បើកឆាកវាយ​គ្នាបានមួយប្រាវ​​​​​​​ក្នុងទឹកទី​​​៣ និងទី​៤។ ​ក្នុងទឹកទី​​​៣ ​កីឡាករបង្គោលក្រហម ​​Phlay Noy  បាន​ចាប់​វាយសម្រុកខ្លាំង ហើយដោយ​​​បង្គោលខៀវ Loom Leng ក្ដៅស្លឹកត្រចៀកខុសពីមុន ទើប​​​ឆាកប្រយុទ្ធល្អមើល​​កើតឡើងមួយប្រាវ។ យ៉ាងណាមិញ នៅចុងទឹកទី៤ និងទី៥ សកម្មភាពប្រកួតរបស់ពួកគេ​នៅតែវិលទៅរកសភាព​ដើម ​​​​ដោយត្រូវ​​បាន​​អ្នកទស្សនាចោទ​ថា​​​ឡើងមក​ប្រឡែងគ្នា​ និងប្រកួត​មិនអស់ដៃ​​​ដោយសារតែពួកគេ​គឺជា​កីឡាករ​​មានសញ្ជាតិដើមតែមួយ និងមកពី​​​​​​​​​​អ្នកដឹកនាំ​មក​​​កម្ពុជាតែម្នាក់ដែល​អាចនិយាយបានថា ទោះអ្នកណា​បានខ្សែក្រវាត់ក៏​​​​មិនមែនជារឿង​​តានតឹង។ អ្នកទស្សនាប្រមាណ​ពាក់កណ្ដាល​ត្រូវគេឃើញ​​ដើរចេញពីស្ទីឌីយោនៅពាក់កណ្ដាល​ទី បើទោះជាមានការ​​ស្នើសុំពី​​ក្រុមអ្នកអត្ថាធិប្បាយ។ ឆ្លងផុត​​​​៥ទឹក កីឡាករLoom Leng បានក្លាយជាអ្នកឈ្នះ​ពិន្ទុ ហើយដណ្ដើម​បាន​ខ្សែក្រវាត់  ពាន​ជើងឯក​​​​ និងទឹកប្រាក់​​​២០លាន​រៀលដោយស្រួល ​បើធៀប​នឹងការប្រកួតដែលត្រូវប៉ះគ្នាជាមួយ​កីឡាកម្ពុជា។ ​ចំណែក​​ចំណាត់ថ្នាក់លេខ​២ បានទទួលពាន​​​កិត្តិយស និងទឹកប្រាក់​​​១២លាន​រៀល។ អ៊ីចឹងហើយទើបការប្រកួតមួយ​នេះ​គឺកីឡាករ​ថៃប្រមូល​ទាំងពាន ទាំង​​ខ្សែក្រវាត់ និងទឹកប្រាក់​ទាំង​​​៣២លានរៀល​ទៅអស់ ​​ធ្វើអោយ​កីឡាករកម្ពុជា​​ខកចិត្ត​​។

​លោកតែម ម៉ឺន ​ប្រធាន​សហព័ន្ធកីឡាករប្រដាល់កម្ពុជា បានអះអាងថា ​បើការប្រកួតនេះ​មាន​កីឡាករ​កម្ពុជា​មួយរូប​នៅវគ្គ​​ផ្ដាច់ព្រ័ត្រ គឺពិតជាល្អមើល តែដោយ​​​​​សមាសភាព​ដែលឡើងប្រកួត​​​​​ចុងក្រោយសុទ្ធតែជា​​ជនជាតិតែមួយ​បែបនេះ ទើបធ្វើអោយការប្រកួតមិនសូវ​ទាក់ទាញ​។ លោកថាជារឿង​គួរអោយស្ដាយ​​ដែលកីឡាករ​​ថៃ​​មក​​​​ប្រកួត​​គ្នា​យកខ្សែក្រវាត់និង​ប្រាក់លាន​​​​ពីកម្ពុជាយ៉ាងកាលីប​ ហើយមិនបាច់ប្រឈមនឹងគ្រោះថ្នាក់ច្រើនទៀត ​ដោយសារតែថៃ និងថៃ សុទ្ធតែដឹងបច្ចេកសេទេសគ្នា​​​​​​តាំងពីមុន​ប៉ះគ្នាទៅហើយ។ លោកថា​​ការប្រកួត​នេះ​​ក៏នឹង​ផ្ដល់​​បទពិសោធន៍អោយអ្នករៀបចំ និងកីឡាករ​​កាន់តែបង្កើន​សមត្ថភាព​ក្នុង​​​​ការ​​​​​​ហ្វឹកហាត់ និងរៀប​ចំផងដែរ ដើម្បីកុំអោយ​គណកម្មការ​ខំសម្រិត​​សម្រាំង​យកសុទ្ធតែជើងខ្លាំង​អោយឡើងប្រកួត​​​​ តែចុងក្រោយបែរជាប្រកួតចាញ់ថៃ ធ្វើអោយ​ថៃយកទៅ​ទាំងអស់​​​​​ទាំងកិត្តិយស និងទឹកប្រាក់​​​​​រហូតដល់​​៣២លានរៀល ដែលកម្មវិធីបានចាយ​​។

​​​លោក​ញៀន សុធី ​​អ្នករៀបចំ​កា​រប្រកួត​បន្តថា លោក​​ចង់អោយកីឡាករកម្ពុជា​​បានឈ្នះក្រវាត់ និង​ប្រាក់​​​លាន​ច្រើនជាង ប៉ុន្តែធ្វើមិច​មកពី​​​​​​សមត្ថភាព​របស់​​​​កីឡាករ​កម្ពុជាស្រាប់តែធ្លាក់គ្មានសល់ក្នុងវគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ទើប​លុយ និង​​​​​ពាន​​ត្រូវថៃប្រមូលយកទាំងអស់។ ​​​ព្រឹត្តិការណ៍​នេះ លោកថា​កីឡាករ​​ថៃ​ដណ្ដើម​បានខ្សែក្រវាត់ និងប្រាក់លាន​ចំនួន​​២លើកហើយ ដោយក្នុងលើកទី​​២​ក៏​ថៃជាអ្នកដណ្ដើម​​បាន​​ដែរ ប៉ុន្តែ​ល្អមើលជាងនេះ ព្រោះតែ​​ក្នុងវគ្គ​​​ផ្ដាច់ព្រ័ត្រ​ក៏មានកីឡាករ​​កម្ពុជាម្នាក់ដែរឡើងប្រកួត​ស៊ីសាច់ហុតឈាមជាមួយកីឡាករថៃ។ ការប្រកួត​​នេះ​បញ្ចប់បានចំនួ​​​ន​៣រដូវកាលហើយ ​ដោយមានតែការប្រកួត​កាលពីលើក១ប៉ុណ្ណោះ ដែលខ្សែក្រវាត់អន្តរជាតិ​បាន​លើកម្ពុជាម្ចាស់ផ្ទះ​៕

 

សរសេរមកកាន់ លោក សុខ ឆាយ តាមរយៈ sokchhay@gmail.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required