ផលិតកររឿង«វិកលចរឹត»ថា ក្រុងបាងកក មិនអនុញ្ញាតិអោយដាក់បញ្ចាំងរឿង

ដោយ លោក វង្ស សុម៉ាលីន​​ | ថ្ងៃអាទិត្យ ទី៣០ ខែកក្កដា ឆ្នាំ២០១៧​ ម៉ោង 4:15 PM | កំសាន្ដ | 0 | 2708 លោក​ហ៊ុយ យ៉ាឡេង ព្រមទាំងតួអង្គនៅក្នុងរឿងវិកលចរឹត

បើ​ទោះ​ជា​មានការ​បញ្ជាក់​ថា​ភាពយន្ត​ខ្នាត​ធំ​រឿង​«​វិកលចរឹត»នឹង​ត្រូវ​ដាក់​បញ្ចាំង​ផ្លូវការ​នៅ​ក្នុង​ប្រទេស​ថៃ​នៅ​ថ្ងៃ​ទី​៣ សីហា​នេះ ស្រប​គ្នា​នឹង​រោង​ធំៗ​នៅ​ក្នុង​ប្រទេស​ឡាវ  និង​នៅ​កម្ពុជា ក៏​ក្នុង​ទីក្រុង​បាងកក​ ដែល​ចម្រុះ​ដោយ​រោង​ភាពយន្ត​ទំនើប​ និង​មាន​អ្នក​ស្នេហា​វិស័យ​ភាពយន្ត​ដល់​ខ្ទង់​លាន​នាក់​នោះ​  មិន​អនុញ្ញាតិ​​អោយ​រឿង​មួយ​នេះ​បាន​ដាក់​បញ្ចាំង​នៅ​ទី​នោះ​នោះ​ឡើយ។ យោង​តាម​ការ​អះអាង​ថា ​ភាពយន្ត​មួយ​នេះ​បាន​ត្រឹម​តែ​អនុញ្ញាតិ​អោយ​ដាក់​បញ្ចាំង​នៅ​ក្នុង​ខេត្ត​ចំនួន​៤ នៅ​ក្នុង​ប្រទេស​ថៃ​ប៉ុណ្ណោះ។

លោក​ហ៊ុយ យ៉ាឡេង ​ផលិតករ​រឿង​បាន​អះអាង​ថា​នៅ​ថ្ងៃទី​៣ សីហា នេះ​ភាពយន្ត​របស់​លោក​នឹង​ត្រូវ​បាន​អនុញ្ញាតិ​អោយ​ដាក់​បញ្ចាំង​ព្រម​គ្នា​នៅ​ក្នុង​ប្រទេស​ថៃ​ និង​ឡាវ​ ហើយ​ដោយ​សារ​តែ​ចង់​អបអរ​ជា​មួយ​នឹង​ឱកាស​ដែល​លោក​ចាត់​ទុក​ថា​ជា​ឱកាស​មាស​នោះ​ទើប​លោក​សម្រេច​ដាក់​បញ្ចាំង​ភាពយន្ត​នេះ​ជា​ថ្មី​នៅ​ក្នុង​ប្រទេស​កម្ពុជា ​ដោយ​រំពឹង​យ៉ាង​មុត​មាំ​ថា​នឹង​ទទួល​ជោគជ័យ​បើ​ទោះ​ជា​បាន​ដាក់​បញ្ចាំង​រួច​ទៅ​ហើយ​។ លោក​ថា​នៅ​ក្នុង​ប្រទេស​ឡាវ​នឹង​ត្រូវ​ដាក់​បញ្ចាំង​ក្នុង​រោង​ភាពយន្ត​ទំនើប​នៅ​ក្នុង​ទីក្រុង​វៀងច័ន្ទ​ និង​ក្នុង​ខេត្ត​បាក់សេ ​​បន្ទាប់​ពី​រឿង​របស់​លោក​បាន​យក​ទៅ​ឆ្លង​នៅ​ក្នុង​នាយក​ដ្ឋាន​ភាពយន្ត​របស់​ឡាវ​ ហើយ​មាន​ការ​ជ្រោមជ្រែង​ពី​ម្ចាស់​រោងកុន​ទំនើប​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​មាន​ទំនាក់​ទំនង​នឹង​រោង​កុន​នៅ​ក្នុង​ប្រទេស​នោះ​។ ដោយ​ឡែក​នៅ​ក្នុង​ប្រទេស​ថៃ​លោក​ថា​ភាគី​ខាង​ថៃ​មិន​ទាន់​អនុញ្ញាតិ​អោយ​ដាក់​បញ្ចាំង​នៅ​ក្នុង​ទីក្រុង​បាងកក​នោះ​ទេ ​ដោយ​អនុញ្ញាត្តិ​ត្រឹម​តែ​អោយ​បញ្ចាំង​នៅ​ក្នុង​ខេត្ត​៤​ដែល​មាន​ប្រជាជន​ខ្មែរ​រស់​នៅ​ច្រើន​តែ​ប៉ុណ្ណោះ​។ ខេត្ត​ដែល​ថៃ​អនុញ្ញាតិ​អោយ​ដាក់​បញ្ចាំង​ភាពយន្ត​រឿង​«វិកលចរឹត»​នៅ​ថ្ងៃទី​៣ សីហា​ នេះ​រួម​មាន​ខេត្ត​បុរីរ៉ាំ ​ខេត្ត​ស៊ីសាកេត ​ខេត្ត​អ៊ូប៊ុន​ និង​ខេត្ត​សុរិន្ទ  ​ដែល​ការ​ដាក់​បញ្ចាំង​យូរ​ថ្ងៃ​ ឬ​តិច​ថ្ងៃ​គឺ​អាស្រ័យ​លើ​សន្ទុះ​អ្នក​ទិញ​សំបុត្រ​ទស្សនា​។ ​លោក​ថា​នៅ​ក្នុង​ទីផ្សារ​បាងកង​គេ​មាន​លក្ខណ្ឌ​ច្រើន​យ៉ាង ​ប៉ុន្តែ​ប្រសិន​បើ​រឿង​របស់​លោក​ទទួល​ជោគជ័យ​ក្នុង​ការ​ដាក់​បញ្ចាំង​នៅ​ខេត្ត​ទាំង​៤នោះ​គឺ​ថៃ​នឹង​ពិចារណា​អោយ​ដាក់​បញ្ចាំង​នៅ​ទីក្រុង​បាងកក​ផ្អែក​តាម​ការ​ចរចារ​លើក​ក្រោយ​។ យ៉ាង​ណា​ក៏​ដោយ​ លោក​ថា​គឺ​ជា​រឿង​មោទនភាព​ដែល​លោក​ធ្វើ​ការ​តស៊ូ​មតិ​ ហើយ​អាច​យក​រឿង​ទៅ​ដាក់​បញ្ចាំង​អោយ​ពលរដ្ឋ​ខ្មែរ​ និង​ថៃ​បាន​ទស្សនា​ បើ​ទោះ​ជា​កា​រដាក់​បញ្ចាំង​នោះ​គឺ​បាន​ត្រឹម​តែ​នៅខេត្ត​ចំនួន​៤​ ដែល​មិន​មែន​ជា​ទីផ្សារ​ធំ​សម្រាប់​ការ​ដាក់​បញ្ចាំង​ភាពយន្ត​ដូចគ្នា​នឹង​ទីក្រុង​បាងកក​។ លោក​នៅ​តែ​បង្ហាញ​ក្ដី​រំពឹង​ថា​នឹង​មាន​អ្នក​ទស្សនា​ច្រើន​ពាន់​នាក់​សម្រាប់​កា​រដាក់​បញ្ចាំង​ភាពយន្ត​នៅ​ថៃ​ និង​ឡាវ ដោយ​ប៉ាន់​ស្មាន​ថា​នៅ​ក្នុង​ប្រទេស​ថៃ​នឹង​មាន​អ្នក​ទិញ​សំបុត្រ​ច្រើន​ជាង​ឡាវ​នោះ​ផង​ដោយ​សារ​តែ​សម្អាង​ថា​នៅ​ក្នុង​ប្រទេស​ថៃ​ មាន​ពលរដ្ឋ​ខ្មែរ​ច្រើន​រស់​នៅ​។ លោក​ប្រកាស​មួយ​ដុល្លារ​ពី​ការ​លក់​សំបុត្រ​គ្រប់​សំបុត្រ​ទាំង​អស់​ពី​ការ​ដាក់​បញ្ចាំង​ភាពយន្ត​មួយ​នេះ ​ដើម្បី​យក​ថវិកា​ទាំង​នោះ​ជួយ​ដល់​ក្មេង​កំព្រា ​ជា​ពិសេស​ក្មេង​ៗ​ដែល​មាន​បញ្ហា​សតិ​អារម្មណ៍​នៅ​ក្នុង​មន្ទីរពេទ្យ​កុមារ​ជាតិ​ និង​ក្មេង​ប្រុស​២​នាក់​ដែល​មានបញ្ហា​ដូច​គ្នា​នឹង​តួអង្គ​វិកលចរឹត​ក្នុង​រឿង​របស់​លោក​នៅ​ក្នុង​សមាគម​របស់​លោក​តាហ្វុយស្សូ​។ សម្រាប់​ការ​ដាក់​បញ្ចាំង​កាល​ពី​លើក​ទី​១​នៅ​ក្នុង​ប្រទេស​កម្ពុជា​ លោក​ថា​សន្ទុះ​អ្នក​ទស្សនា​បាន​ជួយ​អោយ​រឿង​របស់​លោក​ទទួល​ផល​ចំណេញ​ បើ​ទោះ​ជា​ការ​ចំណេញ​នៅ​ក្នុង​ពេល​នោះ​មិន​សូវ​បាន​ច្រើន​ដូច​ការ​រំពឹង​ទុក​។ អ៊ីចឹង​ហើយ​ការ​ដាក់​បញ្ចាំង​លើក​នេះ​ លោក​បាន​ប្រកាស​ដក​មួយ​ដុល្លារ​គ្រប់​សំបុត្រ​ដែល​អ្នក​ទស្សនា​ទិញ​ជួយ​ដល់​សង្គម​។ បើ​តាម​ការ​រំពឹង​ទុក​លោក​ថា​អ្នក​ទស្សនា​ទាំង​៣​ប្រទេស​នឹង​អាច​ឈាន​ដល់​រង្វង់​៥០០០​នាក់​ ដែល​មាន​ន័យ​ថា​ចំនួន​ទឹក​ប្រាក់​សម្រាប់​ដក​ជួយ​ដល់​ក្រុម​ក្មេងៗ​គឺ​អាច​ឈាន​ដល់​៥ពាន់​ដុល្លារ​ដូច​គ្នា។ ​លោក​នឹង​បង្ហាញ​តួ​លេខ​អ្នក​ទិញ​សំបុត្រ​ទស្សនា​ ដោយ​មិន​បន្លំ​ស្ថិតិ​ប្រាក់​ចំនូល​នោះ​ទេ​ ដើម្បី​កុំ​អោយ​មាន​អ្នក​យល់​ថា​លោក​ប្រកាស​មិន​ច្បាស់​លាស់​ជុំ​វិញ​ប្រាក់​ចំណូល​ដែល​ត្រូវ​ដក​ទុក​សម្រាប់​ក្មេងៗ​កុមារ​កំព្រា​។

លោក​ហ៊ុយ យ៉ា​ឡេង​បញ្ជាក់​ថា​ប្រសិន​បើ​ទី​ផ្សារ​ថៃ​អនុញ្ញាតិ​អោយ​រឿង​«វិកលចរឹត»​បាន​ដាក់​បញ្ចាំង​នៅ​ក្នុង​ទីក្រុង​បាងកក​ ទើប​ប្រាក់​ចំណូល​ដែល​អាច​កើប​បាន​ពី​ការ​ដាក់​បញ្ចាំង​រឿងនេះ​នឹង​ទទួល​បាន​ចំណូល​ខ្ពស់​ ដោយ​សារ​តែ​នៅ​ទីក្រុង​បាងកក​មាន​អ្នក​ទស្សនា​ច្រើន​ ហើយ​បើ​និយាយ​ពី​ពលករ​ខ្មែរ​ដែល​បម្រើការ​នៅ​ក្នុង​តំបន់​នោះ​ក៏​ច្រើន​ដែល​ងាយ​នឹង​ធ្វើ​អោយ​រឿង​របស់​លោក​លក់​សំបុត្រ​បាន​ច្រើន​។ ប៉ុន្តែ​លោក​ក៏​ចាត់​ទុក​ថា​ឱកាស​បាន​បញ្ចាំង​ក្នុង​ខេត្ត​ចំនួន​៤នៅ​ក្នុង​ប្រទេស​ថៃ​ក៏​ជា​ការ​បើក​ផ្លូវ​អោយ​រឿង​របស់​លោក​ត្រូវ​បាន​ប្រជាជនថៃ​ និង​ពលរដ្ឋ​ខ្មែរ​ដែល​រស់​នៅ​ទី​នោះ​បាន​ស្គាល់​ស្នាដៃ​ផង​ដែរ​។ លោក​គ្មាន​គម្រោង​បន្ត​ការ​ដាក់​បញ្ចាំង​នៅក្នុង​ខេត្ត​ផ្សេង​នោះ​ទេ​ ប្រសិន​បើ​ការ​ដាក់​បញ្ចាំង​នៅ​ខេត្ត​ទាំង​៤រ​បស់​ថៃ​មិន​ទទួល​បាន​អ្នក​ទស្សនា​ច្រើន​តាម​ការ​រំពឹង​។ ​អ៊ីចឹង​ហើយ​ទើប​លោក​ត្រូវគេ​ឃើញ​ប្រឹង​ធ្វើ​យុទ្ធនាការ​បំផុស​អោយ​មាន​ការ​ចាប់​អារម្មណ៍​ជា​ថ្មី​ម្ដង​ទៀត​សម្រាប់​ការ​ដាក់​បញ្ចាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ច្រើន​ជាង ​ដោយ​សារ​តែ​លោក​ចង់​អោយ​អ្នក​គាំទ្រ​ភាព​យន្ត​ខ្មែរ​ទាំង​អស់​ទៅ​ទស្សនា​រឿង​នេះ​អោយ​បាន​ច្រើន​ម្ដង​ទៀត។ លោក​ត្រូវ​គេ​ឃើញ​ធ្វើ​យុទ្ធនាការ​​​​ផ្សព្វ​ផ្សាយ​នៅ​តាម​សាលា​រៀន​នោះ​ផង ​តែ​នៅ​មិន​ទាន់​ដឹង​ថា​ក្នុង​ការ​ដាក់​បញ្ចាំង​នៅ​ដើម​ខែសីហា​ខាង​មុខ​នេះ​ តើ​នឹង​អាច​ទាក់​ទាញ​អ្នក​ទស្សនា​បាន​ច្រើន​ដូច​ការ​រំពឹង​ទុក​ឬ​យ៉ាង​ណា​នោះ​ទេ​ ក្នុង​ពេល​ដែល​ការ​ទស្សនា​ភ្លូក​ទឹក​ភ្លូក​ដី​កាល​ពីលើក​មុន​ គឺ​ដោយ​សារ​តែ​ម្នាក់ៗ​ចង់​អោយ​លោក​បាន​ដើម​ត្រលប់​មក​វិញ ​ដើម្បី​រួច​ផុត​ពីការ​ដោះស្រាយ​បំណុល​ដែល​ខ្ចី​យក​មក​ផលិត​រឿង​តែ​ប៉ុណ្ណោះ​។ ក្នុង​នោះ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​មិន​ទាន់​ដឹង​ថា​តើ​រឿង​«វិកលចរឹត»​នឹង​ត្រូវ​បាន​ម្ចាស់​រោង​កុន​ដាក់​បញ្ចាំង​ប៉ុន្មាន​លើក​ និង​ក្នុង​ម៉ោង​ខ្លះអោយ​ប្រាកដ​នោះ​ទេ ​ដោយ​លោក​បញ្ជាក់​ថា​បញ្ហា​មួយ​នោះ​ គឺ​អាស្រ័យ​លើ​ចំនួន​អ្នក​កក់​សំបុត្រ​។ លោក​ថា​បើ​មាន​អ្នក​ចង់​មើល​ច្រើន​នោះ​រោងកុន​នឹង​ទុក​ម៉ោង​ល្អ​ដើម្បី​ដាក់​បញ្ចាំង​ តែ​បើ​អ្នក​ទស្សនា​មិន​សូវ​ច្រើន​ គឺ​ម៉ោង​ល្អៗ​ពិត​ជា​ត្រូវ​ម្ចាស់​រោង​កុន​ដក​ចេញ​អស់​ហើយ​៕

សរសេរមកកាន់ លោក វង្ស សុម៉ាលីន តាមរយៈ vongsomalin@yahoo.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required