ឧទ្ធរណ៍លើកពេលប្រកាសសាលដីកាករណីបណ្តឹងទាស់របស់មន្រ្តីសិទ្ធិមនុស្សអាដហុក

លោក នី ចរិយា(ធ្វេង)លោក យី សុខសាន្ត(កណ្តាល)និង​លោក នី សុខា

សាលាឧទ្ធរណ៍លើកពេលប្រកាសសាលដីកាលើបណ្ដឹងសុំមោឃភាពនីតិវិធីរបស់អង្គភាពប្រឆាំងអំពើពុករលួយដែលប្តឹងដោយមន្រ្តីសមាគមសិទ្ធិមនុស្សអាដហុក៤រូប ប្រឆាំងនឹងការឃុំខ្លួនពួកគេលើសច្បាប់កំណត់។

សវនាការអសាធារណៈនៅថ្ងៃនេះ សាលាឧទ្ធរណ៍មិនឲ្យអ្នកសាព័ត៌មានចូលស្តាប់ទេ ប៉ុន្តែបើតាមមន្រ្តីសិទ្ធិមនុស្សដែលតាមដានករណីនេះ សាលដីកានឹងត្រូវប្រកាសនៅថ្ងៃទី២ខែកញ្ញា។

កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦  អង្គភាពប្រឆាំងអំពើពុករលួយបានកោះហៅមន្ត្រីការពារសិទ្ធិ លោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ងដា និងលោកស្រី លឹម មុនី ទៅសាកសួរ បន្ទាប់ពី ខុម ចាន់តារ៉ាទី ហៅស្រីមុំ ឆ្លើយថាមន្រ្តីសិទ្ធិមនុស្សទាំងនោះឲ្យនាងកុហកតុលាការ ករណីទំនាក់ទំនងស្នេហាជាមួយ លោក កឹម សុខា។ ប៉ុន្តែអង្គភាពនេះបានសួរពួកគេរហូតដល់ពាក់កណ្តាលយប់។

អ្នកគ្រប់គ្រងបច្ចេកទេសឃ្លាំមើលការរំលោភសិទ្ធិមនុស្សអង្គការលីកាដូ លោក អំ សំអាត ប្រាប់អ្នកសារព័ត៌មានក្រោយសវនាការថា ការឃុំខ្លួននេះ មេធាវីការពារក្តីថាធ្វើឡើងហួសការកំណត់របស់ច្បាប់ ទើបបានជាប្តឹងទាស់មកឧទ្ធរណ៍។ លោកបញ្ជាក់ថា បើតាមផ្លូវច្បាប់សមត្ថកិច្ចអាចឃាត់ខ្លួនបានតែ៧២ម៉ោងទេ ប៉ុន្តែចំពោះការឃាត់ខ្លួនរបស់អង្គភាពប្រឆាំងអំពើពុករលួយគឺលើសអ្វីដែលច្បាប់បានកំណត់។

លោកមានប្រសាសន៍ថា៖ “អ្វីដែលប្រទាំងប្រទើសគ្នា ខាង ACU គាត់គិតថា ការរាប់ពីការឃាត់ខ្លួនគឺចាប់ពីប្រកាសឃាត់ខ្លួន ប៉ុន្តែមេធាវីគាត់លើកពីបញ្ហាផ្លូវច្បាប់ គឺចាប់ពីកូនក្ដីរបស់គាត់ចូលទៅកាន់ការិយាល័យរបស់ ACU ហើយត្រូវបានគេឃាត់នៅទីនោះ អាហ្នឹងគិតពីរឿងការឃាត់ខ្លួន។ ចឹងការចម្រូងចម្រាស ហើយសួរបើសិនជាយើងគិតថាការឃាត់ចាប់ពី ចាប់ពី ACU ប្រកាសថាការឃាត់ខ្លួនទៅបានគិតថាការឃាត់ខ្លួន ចុះអាហៅគេទៅសួរតាំងពីមុន ហើយទុករហូតទៅដល់ការប្រកាសឃាត់ខ្លួននោះ អាហ្នឹងគេហៅស្អីវិញ ពីព្រោះគាត់ក៏បាត់បង់សិទ្ធិសេរីភាពរបស់គាត់ដែរ នៅពេលដែលហៅទៅសួរនាំហើយទុកឃាត់គាត់ទុកនៅទីនោះ ទោះបីមិនទាន់ចេញ ប្រកាសថាឃាត់ខ្លួន ប៉ុន្តែគាត់អស់សេរីភាព“។

លោក យី សុខសាន្ត បានស្រែកទាំងដៃជាប់ខ្នោះនៅពេលឆ្មាំនាំចូលក្នុងរថយន្តថា ការសួរចូលសវនាការនៅសាលាឧទ្ធរណ៍ក្នុងថ្ងៃនេះលោកថា គ្រាន់តែមកបំពេញទៅតាមនីតិវីធីរបស់តុលាការតែប៉ុណ្ណោះ ។ លោកមានប្រសាសន៍ថា៖ “ពួកយើងមកនេះបំពេញទៅតាមនីតិវិធីរបស់តុលាការ ប៉ុន្តែខ្ញុំមិនសង្ឃឹមថាតុលាការហ្នឹងមោឃភាពទៅតាមការស្នើសុំរបស់ពួកយើងទេ

ពាក់ព័ន្ធសុំណុំរឿងនេះដែរ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) ក៏បានសម្រេចឃាត់ខ្លួនអគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក នី ចរិយា ផងដែរ។

បច្ចុប្បន្នមន្រ្តីសិទ្ធិមនុស្សនិងមន្រ្តី គ.ជ.ប ទាំងនោះ កំពុងជាប់ឃុំឃាំង ដោយតុលាការចោទពីបទសូកប៉ាន់ សាក្សីនិងសមគំនិតសូកប៉ាន់សាក្សីទាក់ទងសំណុំរឿង លោក កឹម សុខា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ