អាជ្ញាធររៀបចំកញ្ចប់សង្គ្រោះបន្ទាន់ដល់ភ្ញៀវទេសចរណ៍ក្នុងតំបន់អង្គរ

ការសង្គ្រោះបន្ទាន់ដល់ភ្ញៀវទេសចរណ៍ក្នុងតំបន់អង្គរ (រូបភាពពីហ្វេសប៊ុកអាជ្ញាធរជាតិអប្សរា)

អាជ្ញាធរជាតិអប្សរាឲ្យដឹងថាស្ថាប័ននេះបានរៀបចំកញ្ចប់សង្គ្រោះបឋមដល់ភ្ញៀវទេសចរណ៍នៅក្នុងតំបន់រមណីយដ្ឋានអង្គរដោយអះអាងថា ដើម្បីឲ្យភ្ញៀវមានទំនុកចិត្ដ នៅពេលគ្រោះថ្នាក់ផ្សេងៗដោយយថាហេតុ។

ការរៀបចំនេះ ធ្វើឡើងក្រោយពីភ្ញៀវទេសចរណ៍ជាតិនិងអន្ដរជាតិបានជួបគ្រោះថ្នាក់រងរបួសជាបន្ដបន្ទាប់ ក្នុងពេលកំពុងទស្សនាតាមប្រាង្គប្រាសាទបុរាណនានា។

ប្រធាននាយកដ្ឋានផ្សព្វផ្សាយនៃអាជ្ញាធរជាតិអប្សរា លោក ឡុង កុសល ប្រាប់វីអូឌីនៅរសៀលថ្ងៃចន្ទនេះថា រយៈពេលពីរសប្ដាហ៍មកនេះ អាជ្ញាធរជាតិអប្សរាបានបំពាក់កញ្ចប់សង្គ្រោះបឋមទៅលើមន្ដ្រីរបស់ខ្លួនជាង៤០០នាក់នៅតាមប្រាសាទ ដើម្បីជួយសង្គ្រោះដល់ភ្ញៀវនៅពេលពួកគេមានគ្រោះថ្នាក់បន្ដិចបន្តួច ដូចជានៅពេលហេវហត់ រលាត់ស្បែក ឬវិលមុខជាដើម។

លោកបន្ដថា៖ “សម្ភារៈទាំងនោះជាប្រេងកូឡា ថ្នាំក្រហម និងកន្ដ្រៃ […] ប៉ុន្ដែលោកថា អាចសង្គ្រោះបឋម”។

មន្ដ្រីអាជ្ញាធរជាតិអប្សរាបានទទួលស្គាល់ ការគ្រោះថ្នាក់ធ្ងន់ធ្ងរកន្លងមក ប៉ុន្ដែតិចតួចដោយសារភ្ញៀវទេសចរណ៍មានការធ្វេសប្រហែស ខណៈដែលពួកគេចូលតំបន់ហាមឃាត់ឬពួកគេថតរូបខ្វះការប្រុងប្រយ័ត្ដ។

លោកមានប្រសាសន៍ថា៖ “ចង់បានរូបគាត់ឲ្យកាន់តែល្អចឹងណា ចឹងទៅវាភ្លេចខ្លួន ដូចជាឧទាហរណ៍ជាន់ជណ្កើរខុសចឹងទៅវាមិនអត់ទេ គាត់រងរបួសលើសពីគ្រិចពីថ្លោះនោះ វាមិនអត់ទេបាទ”។

បើតាម លោក ឡុង កុសល បានឲ្យដឹងថាមន្ដ្រីរបស់ខ្លួន មន្ដ្រីនគរបាលបេតិកភណ្ឌ និងភ្នាក់ងារទេសចរណ៍ ក៏ទទួលបានការបណ្ដុះបណ្ដាលឲ្យចេះសង្គ្រោះបឋមពីក្រុមគ្រួពេទ្យស្ម័គចិត្ដមកពីសហរដ្ឋអាមេរិក ដើម្បីឲ្យពួកគាត់មានជំនាញសង្គ្រោះបន្ទាន់ផងដែរ នៅពេលរថយន្ដសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យនានាមានការយឺតយ៉ាវនិងដើម្បីបង្ហាញពីការយកចិត្ដទុកដាក់របស់អាជ្ញាធរជាតិអប្សរា។

ទោះជាយ៉ាងណាអាជ្ញាធរជាតិអប្សរាមិនបានបង្ហាញតួលេខពីចំនួនភ្ញៀវទេសចរណ៍ដែលរងរបួសនៅក្នុងតំបន់អង្គរនោះទេ ដោយអះអាងថាករណីគ្រោះថ្នាក់ភ្ញៀវទេសចរណ៍នេះមានតិចតួចប៉ុណ្ណោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ