ប្រមុខអង្គការសហប្រជាជាតិជំរុញភូមាឲ្យគោរពសិទ្ធិមនុស្ស

ប្រមុខអង្គការសហប្រជាជាតិ លោក បាន គីមូន (រូបភាពពី Reuters)

ប្រមុខអង្គការសហប្រជាជាតិ លោក បាន គីមូន កាលពីថ្ងៃម្សិលមិញបានថ្លែងថា មេដឹកនាំភូមាថ្មី ត្រូវតែជម្នះលើការរើសអើង ហើយជំរុញការអភិវឌ្ឍប្រកបទៅដោយការគោរពសិទ្ធិមនុស្ស។ នេះដោយយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។

AFP ផ្សាយថា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បាន គីមូន បានថ្លែងដូច្នេះនៅរសៀលថ្ងៃចន្ទម្សិលមិញ នៅមុនដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសភូមា។

បើតាម AFP លោក បាន គីមូន បានថ្លែងបន្តថាការបោះឆ្នោតកាលពីខែវិច្ឆិកាឆ្នាំមុន ដែលគណបក្សរបស់លោកស្រី អ៊ុងសាន ស៊ូជី បានទទួលជ័យជម្នះយ៉ាងលើសលប់នោះ បានបើកផ្លូវឆ្ពោះទៅរកការដាក់បញ្ចូលក្រុមជនជាតិភាគតិចនានាទៅក្នុងរបបប្រជាធិបតេយ្យថ្មីរបស់ប្រទេសភូមា។

ថ្លែងនៅឯកម្មវិធីមួយដែលរៀបចំឡើងដោយសាកលវិទ្យាល័យគ្រប់គ្រងសិង្ហបុរី នៅពេលលោកចាប់ផ្ដើមដំណើរទស្សនកិច្ច២ថ្ងៃនៅសិង្ហបុរីនោះ លោក បាន គីមូន បាននិយាយថា ការបង្កើតគណៈកម្មការប្រឹក្សាមួយដឹកនាំដោយអតីតប្រមុខអង្គការសហប្រជាជាតិ លោក កូហ្វី អាណាន់ សម្រាប់ដោះស្រាយបញ្ហានៅរដ្ឋរ៉ាក់ឃីន។ លោកបន្តថា ក្រុមនោះគឺជាជំហានផ្ដល់នូវក្ដីសង្ឃឹម។

លោក អាណាន់ នឹងផ្ដល់យោបល់ទៅរដ្ឋាភិបាលថ្មីរបស់ភូមា សម្រាប់ដោះស្រាយជម្លោះនៅរដ្ឋរ៉ាក់ឃីន ជាតំបន់ដែលមានការបែងចែកជំនឿសាសនានិងស្រុកកំណើតរបស់ក្រុមជនជាតិភាគតិចមូស្លីមរ៉ូហ៊ីងយ៉ា។

លោក បាន គីមូន បានបន្ថែមថាមេដឹកនាំថ្មីត្រូវតែជម្នះលើការរើសអើងធានានូវសមភាពនិងជំរុញការអភិវឌ្ឍពិសេសសម្រាប់មនុស្សទាំងអស់ ដោយមានការគោរពសិទ្ធិមនុស្សពេញលេញ។

ប្រមុខអង្គការសហប្រជាជាតិរូបនេះនឹងធ្វើដំណើរទៅកាន់ប្រទេសភូមានៅថ្ងៃនេះ ដើម្បីជួបពិភាក្សាជាមួយលោកស្រី ស៊ូជី ដែលជានាយករដ្ឋមន្ត្រីកាន់អំណាចពិតប្រាកដនៅក្នុងការដឹកនាំកំណែទម្រង់ប្រទេស ក្រោយពីស្ថិតក្រោមរបបយោធាអស់ជាច្រើនទសវត្សរ៍មកនោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ