ពល​រដ្ឋ​ងាក​ទៅ​​សុំ​​អន្តរគមន៍​ពី​ចិន​ បន្ទាប់ពី​គ្មានដំណោះ​ស្រាយពី​រដ្ឋាភិបាល​កម្ពុជា

ពល​រដ្ឋ​​ដែល​មាន​ជម្លោះ​ដី​ធ្លី​ជា​មួយ​ក្រុម​ហ៊ុន​ចិន​នៅ​ខេត្ត​ព្រះ​វិហា​រ​ ឡើង​មក​ស្វែង​រក​កិច្ច​អន្តរាគមន៍ពី​រដ្ឋាភិបាល​ចិន ដោយថាពួកគេបាត់បង់ក្តីសង្ឃឹម​លើ​រដ្ឋាភិបាល​កម្ពុជា ក្នុងការដោះស្រាយជម្លោះនេះ។

ពលរដ្ឋប្រមាណ​៥០នាក់ ក្នុងនោះរាប់ទាំងជនជាតិដើមភាគតិចផង ដែល​អះ​អាង​ថា​តំណាង​ឲ្យពល​រដ្ឋ​ជា​ង​បី​ពាន់​​គ្រួសារផ្សេង​ទៀតមក​ពី​ស្រុកត្បែង​មាន​ជ័យ ស្រុក​ជ័យ​សែន និង​ស្រុក​ឆែប​ ខេត្ត​ព្រះវិហារ​ នៅ​ព្រឹ​ក​ថ្ងៃ​ទី​៣០ សីហានេះ បាន​នាំគ្នា​ឡើង​មក​ដាក់​ញាត្តិ​នៅ​ស្ថាន​ទូត​ចិន​ ​​​ដើម្បី​ស្នើ​ដល់​ប្រទេសមហាអំណាចនេះ​ អន្តរាគម​ទៅ​លើ​ក្រុម​ហ៊ុន​ចិន​​ចំនួន​៥។ ក្រុមហ៊ុនទាំងនោះមាន ​ឡាន​ហ្វេង ក្រុម​ហ៊ុនរ៊ូយហ្វេង ក្រុម​ហ៊ុន​ ហេង ណុង ក្រុម​ហ៊ុន​ហេង រូយ និង​ក្រុម​ហ៊ុន ហេង យូ ដែលកំពុងធ្វើ​សកម្មភាព​នៅ​លើ​ដី​កសិកម្ម​របស់​ពួកគេ លើ​ទំ​ហំជាង​៤ម៉ឺន​ហិក​តា។

តំណាង​ពល​រដ្ឋ​ដែល​មក​ដាក់​ញត្តិ​នៅ​មុន​ស្ថាន​កុងស៊ុលសេដ្ឋកិច្ចនិង​ពាណិជ្ជកម្ម​ចិន លោក ជុំ សុភឿត បាន​ឲ្យ​អ្នកសារព័ត៌មាន​វី​អូ​ឌី​ដឹង​ថា ចាប់​តាំង​ពី​ឆ្នាំ​២០១២​មក ​ក្រុម​ហ៊ុន​ទាំង​ប្រាំ​របស់​ចិន​នេះ ​បាន​ចូល​មកឈូស​ឆាយ​ដី​របស់​ពួកគេ​យក​ទៅ​ដាំ​ដំណាំអំពៅនិង​អាកាស្យា ដោយ​សំអាង​ថា​ ពួកគេ​ទទួល​បាន​សិទ្ធិ​វិនិយោគ​ទៅ​លើ​ដី​ទាំង​នោះពី​រដ្ឋាភិបាល។ លោក​បាន​ឲ្យ​ដឹង​ថា ចាប់​តាំងពី​ពេល​នោះ​មក ពួក​គេបាន​តវ៉ាគ្រប់​ស្ថាប័ន​រដ្ឋ​ស្ទើរ​ទាំង​អស់ តែ​នៅ​តែ​គ្មាន​ដំណោះ​ស្រាយ​ ទើប​ពួកគេ​​រក​កិច្ច​អន្តរាគមន៍​ពី​ប្រទេស​ចិន​នេះ។

លោក​ថា៖ «និយាយ​រួម​ទៅ ​អត់​មាន​ការ​ឆ្លើយ​តប គាត់​ថា​ចង់​សិក្សា​តែ​ដល់​ពេល​ឲ្យ​មន្ត្រី​ថ្នាក់​ក្រោម​ថ្នាក់​ខេត្ត​នោះ​ចុះ​សិក្សា​ តែ​ដល់​ពេល​សិក្សា​ទៅ​ នៅ​តែ​ដោះ​ស្រាយ​អត់​ចេញ»។​

ក្នុងញត្តិ​របស់ពួកគេ​ដាក់​ទៅ​ប្រធានាធិបតី​នៃ​សាធារណៈរដ្ឋ​ប្រជា​មានិតចិន ​លើក​ឡើង​ថា ក្រុម​ហ៊ុន​ចិន​ទាំង​នោះ​បានរំលោភ​សិទ្ធិ​មនុស្ស និង​សិទ្ធិ​ជន​ជាតិ​ដើម​ភាគតិច ព្រម​ទាំងបង្ក​វិនាសកម្ម​បរិស្ថាន​ សេដ្ឋកិច្ច​ និង​សង្គម​វប្បធម៌ និង​បង្កអំពើ​ពុក​រលួយ​ផង​ដែរ ដោយ​បាន​គំរាម​កំហែង បំភិត​បំភ័យ បង្ក​របួស និង​ប្រមាថមើល​ងាយដល់​ពល​រដ្ឋ​ម្ចាស់​ស្រុក និង​បាន​កាប់​បំផ្លាញព្រៃ​ឈើ​ ក៏​ដូច​ជាឈូស​ឆាយ​ដី​ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ខឿន​ប្រាសាទ​បុរាណ ព្រម​ទាំង​​បង្ហូរ​ជាតិ​គី​មី​ចូល​អូរនិង​ស្ទឹង បណ្តាល​ឲ្យ​ត្រីងាប់ និង​ប៉ះពាល់​ដល់​សុខភាព​ប្រជា​សហគមន៍​ទៀត​ផង។

ជន​ជាតិ​ដើម​ភាគតិច​កួយ អ្នកស្រី នឿន ម៉ុន ​ប្រាប់សារព័ត៌មាន​វី​អូ​ឌី​ថា ចាប់​តាំង​ពី​ក្រុម​ហ៊ុន​ទាំង​នោះ​ចូល​មកបាន​ធ្វើ​ឲ្យ​ពួកគាត់​បាត់​បង់​អ្វី​ដែល​ជាប្រពៃ​ណី​ជន​ជាតិភាគ​តិចអស់​ហើយ ជាពិសេសជីវភាព​ដែលពួកគាត់​ធ្លាប់រក​បាន​ពី​មុន​ក៏​ត្រូវ​​បាន​បាត់​បង់​ផងដែរ។

អ្នក​ស្រី​ថា៖ «ការលំបាកប្រជា​ពល​រដ្ឋ​អត់​មាន​ស្រែ​ធ្វើ កន្លែងឃ្វាល​គោក្របីប្រជា​ពល​រដ្ឋ​ គឺ​បាត់​បង់​ច្រើន បាត់បង់​តាំងពី​ឱសថ​បុរាណ បាត់​បង់​តាំងពីបន្លែ​បង្ការ បាត់​បង់​តាំងពីកន្លែង​ធ្លាប់​រត់ ​ធ្លាប់​ជញ្ជាត់​ប្រពៃណីជន​ជាតិ​ភាគ​តិចកួយ​ហ្នឹង​ គឺ​វា​បាត់​បង់​អស់​ហើយ។ អញ្ចឹង​បាន​ជា​ប្រជា​ពល​រដ្ឋ​យើង​មាន​ការធ្វើ​មេដៃ​គ្រប់​គ្នា ​ដើម្បី​យក​មក​ជូន​ស្ថាន​ទូ​តចិន ជូន​ទៅ​ដល់​ប្រធានាធិបតី​ចិន​ក្រែ​ង​លោ គាត់​ដោះស្រាយ​បាន បើ​យើង​ជូន​ដល់​រដ្ឋ​សភា ព្រឹទ្ធ​សភាយើង ​គាត់​ដោះស្រាយ​អត់​បាន! មក​អស់​ហើយ​ ដោះស្រាយ​អត់​ចេញ​​»​។

ពល​រដ្ឋ​ទាំង​នោះ​ថា​ ប្រសិន​ជា​នៅ​តែ​មិន​មាន​ដំណោះ​ស្រាយ​សម្រាប់​ពួកគេ​នោះ​ទេ ​ពួកគេ​នឹង​ឡើង​មក​ស្ថាន​ទូតចិ​ន​បន្ត​ទៀត។

បើ​តាម​ពល​រដ្ឋ​ឲ្យ​ដឹង​ថា មន្ត្រីនៃ​ស្ថានកុងស៊ុលសេដ្ឋកិច្ចនិងពាណិជ្ជកម្មចិនបា​ន​ចេញមក​ទទួល​ញត្តិ​ និង​បាន​ប្រាប់​ពលរដ្ឋ​ថា​ ខ្លួន​នឹង​បញ្ជូន​ញត្តិរបស់ពួក​គេ​ទៅ​ថ្នាក់​លើ​​ជាអ្នកសម្រេច​។

មន្ត្រី​សម្របសម្រួលកម្មវិធី​តស៊ូមតិនៃ​អង្គការ​ពន្លក​ខ្មែរ លោក ប៉ឹក សោភ័ណ បាន​ឲ្យ​ដឹង​ថា ជម្លោះ​ដី​ធ្លី​នេះ​បាន​កើត​ឡើង​ជាង​៥ឆ្នាំ​មក​ហើយ ដោយ​សារតែរដ្ឋាភិបាលនិង​​ក្រុម​ហ៊ុន​ចិនទាំង​ប្រាំនោះ​ មិន​បាន​ចុះ​មក​ស្រាវជ្រាវពី​ស្ថានភាព​ដី​នេះ​ជា​មុន ទើបបណ្តាល​ឲ្យ​មាន​បញ្ហា​នេះ​កើតឡើង។ លោក​បន្ថែម​ថា​ ក្នុង​ការ​វិនិយោគ​ វា​ចាំ​បាច់​ត្រូវ​មាន​ការគោរពសិទ្ធិ​របស់​ម្ចាស់​ស្រុក​ជាមុន​ៗ​នឹង​ធ្វើ​ការ​វិនិយោគ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ