ក្រសួងធនធានទឹកនិងឧតុនិយមបានឲ្យដឹងថា ទឹកក្នុងអាងតាម៉ុក ស្ថិតនៅឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានស្រកចុះជាបណ្តើរក្នុងរយៈពីរថ្ងៃចុងក្រោយនេះ ប៉ុន្តែស្ថិតនៅក្នុងកម្រិតប្រកាសអាសន្ននៅឡើយ។
យោងតាមទំព័រហ្វេសប៊ុករបស់ក្រសួងធនធានទឹកនិងឧតុនិយមបានចុះផ្សាយនៅថ្ងៃពុធនេះថា ទឹកក្នុងអាងតាម៉ុកថ្ងៃនេះ បានស្រកចុះនៅត្រឹមកំពស់ ៣,៦០ម៉ែត្រ គឺបានស្រកចុះ០,១០ម៉ែត្រ បើប្រៀបធៀបទៅនឹងថ្ងៃ២៩ ម្សិលម៉ិញនេះ គឺ៣,៧០ម៉ែត្រ។
តាមរបាយការណ៍ក្រសួងធនធានទឹកបានឲ្យដឹងថា កាលពីថ្ងៃទី២៨ ខែសីហានេះ កំពស់ទឹកក្នុងអាងតាម៉ុកបានកើនឡើងរហូតដល់ទៅ៤ម៉ែត្រ គឺលើសកម្រិតប្រកាសអាសន្ន ដែលក្រសួងកំណត់ត្រឹម៣ម៉ែត្រកន្លះ៕
ហូរ តុងហាន់