លិខិតមិត្តអ្នកអាន៖ “សន្តិភាព” និង “ហិង្សា”

ទិដ្ឋភាពទីក្រុងភ្នំពេញ (មាស មុនី)

បើតាម​និយមន័យនៅ​ក្នុងវចនានុក្រម​សម្តេចសង្ឃ ជួន ណាត ពាក្យ “សន្តិភាព” មានន័យ​ថា ភាព ​ឬ ​ដំណើរ​ស្ងប់ សាន្តត្រាណ រាប​ទាប ដំណើរ​សះជា​នឹង​គ្នា ចំណែក​ពាក្យ “ហិង្សា” មានន័យ​ថា ការបៀតបៀន ការពាធា ការ​ធ្វើ​អាក្រក់​រក​គ្នា ការ​ធ្វើ​ទុក្ខគ្នា។ ស្រដៀង​គ្នាដែរ​ បើ​យើងក្រឡេក​មើល​និយមន័យ​ជាភាសា​អង់គ្លេស ពាក្យ Peace (“សន្តិភាព”) គឺសំដៅដល់កា​រ​មិនមាន​ជម្លោះ និង ការមាន​សេរីភាព​រួចចាកផុតពី​ការ​ភ័យខ្លាច​អំពើ​ហិង្សា​រវាង​ក្រុម​មនុស្ស​នៅក្នុង​សង្គម។ ចំណែក​ពាក្យ Violence (“ហិង្សា”) ដែលត្រូវ​បាន​កំណត់​និយមន័យ​ដោយ​អង្គការសុខភាពពិភពលោក​គឺ​ថា ជា “ការប្រើ​ប្រាស់​កម្លាំង​កាយ ឬ​អំណាច​ដោយ​ចេតនា ដែល​គំរា​ម​កំហែង មកលើបុគ្គលណាម្នាក់ ឬ​អ្នក​ដទៃ ឬ​ក្រុម​មនុស្ស ឬ​សហគមន៍ណាមួយ ដែល​បណ្តាល​ឲ្យ​មាន​របួស​ស្នាម ព្យសនកម្មផ្លូវ​ចិត្ត ប៉ះពាល់​ដល់​ការ​អភិវឌ្ឍ ឬ​ការ​ដក​ហូតសិទ្ធិសេរីភាព”។

តាម​រយៈ​និយម​ន័យខាងលើ តើ​ពាក្យ​ទាំង​ពីរ​ត្រូវ​ដើរ​ទន្ទឹម​គ្នា ឬ​ដើ​របញ្ច្រាស​ទិ​សគ្នា?

កន្លងមក​មាន​ការ​អះអាង​ថា ដើម្បី​រក្សា​បាន​សុខ​សន្តិភាព (ដំណើរស្ងប់​សុខ ដំណើ​រសះជានឹង​គ្នា) អាជ្ញាធរ​ត្រូវតែ​បង្ខំ​ចិត្ត​កម្ចាត់ចោល (ហិង្សា) ​នូវ​ក្រុម​បង្ក​អសន្តិសុខ ភាព​ចលាចល។ តើ​ការ​ប្រើ​ប្រាស់​អំពើ​ហិង្សា ជា​មធ្យោបាយ​ល្អ ​ដើម្បី​បាន​ភាព​ស្ងប់​សុខដែរ​ ឬទេ?

បើ​យើងងាក​ទៅមើល​ប្រវត្តិសាស្រ្ត​សម័យខ្មែរ​ក្រហម (១៩៧៥-៧៩) វិញ យើង​ឃើញថា នៅ​ក្នុង​ឯកសារ​ឃោសនានយោបាយ​របស់​បក្សកុម្មុយនីស្តកម្ពុជា ​ក៏​មាន​និយាយដែរ​ពី​បញ្ហា​សន្តិភាព សន្តិសហ​វិជ្ជមាននៅ​ក្នុង​សង្គមជាតិ​ខ្មែរ។ តែ​ទន្ទឹម​នឹងនោះ គេ​ក៏មិន​ភ្លេច​និយាយ​ពី​ការ​ “កម្ចាត់” “កម្ទេច” “​បោសសម្អាត” “សម្រិត​សម្រាំង” “យកទៅរៀន​សូត្រ” “វាយ​នឹងគល់ប្ញស្សី” “វាយ​នឹង​ត្បូង​ចប” “អាករនឹង​ធាងត្នោត” ។ល។ ចំពោះ​ជន​ទាំង​ឡាយ ​ដែល​គេចាត់​ទុក​ថា ជា​ខ្មាំងសត្រូវ ជា​ដង្កូវ​ស៊ីរូង​ផ្ទៃក្នុង​ជា​ដើមដែរ។ ទីបំផុត ប្រជាជនខ្មែរ​រាប់​លាន​នាក់​ត្រូវ​បាន​សម្លាប់ ឬ​បាន​ស្លាប់ ដោយសារ​ទ្រឹស្តីបែប​ហិង្សា​និយម​នេះ​ តែម្តង។

ថ្មីៗបំផុត​នេះ ក៏​មាន​លេចឡើងនូវ​ព័ត៌មាន​ថា ក្រុម​យុវជនស្រឡាញ់​សន្តិភាព [sic] ទូទាំង​ប្រទេស​​គំរាម​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ស្ថានទូត​អាមេរិក​ ដោយលើកថា ស្ថានទូតនេះ ​បានចេញ​សារ​មាន​ចរិត​ញុះញង់ …។ អ្វីដែល​នៅ​ចាំ​បាន​នោះគឺ ក្រុម​យុវជន​ស្រឡាញ់​សន្តិភាពទាំ​ងនោះ ធ្លាប់​ធ្វើបាតុកម្ម​ទម្លាក់​លោក ​កឹម សុខា ចេញពី​តំណែង​ជា​ប្រធាន​ទី១ នៃ​រដ្ឋសភា និង​បាន​ធ្វើការវាយ​ដំ (ហិង្សា) ទៅលើ​តំណាង​រាស្រ្ត​បក្សប្រឆាំង​ពីរ​នាក់ ក៏ព្រោះតែការ​ស្រឡាញ់​សន្តិភាព​ផ្តាច់​មុខ​តែ​ឯង​នេះ​ហើយ ក្រោម​លេស​ថា ការ​ផ្លាស់ប្តូរ​មេដឹកនាំ (នាយករដ្ឋមន្រ្តី) នឹងបង្កឲ្យ​មាន​សង្រ្គាម​ស៊ីវិល បាត់​បង់​សន្តិភាព [sic]។

តើ​ការ​ផ្លាស់​ប្តូរ​ សុទ្ធតែ​នាំ​ឲ្យ​មាន​សង្រ្គាម​ស៊ីវិលទាំង​អស់​នោះឬ?

សម្តេច​ព្រះបរម​រតនកោដ្ឋិ នរោត្តម សីហនុ បាន​ទាមទារ​ឯករាជ្យពីបារាំង​នៅឆ្នាំ​១៩៥៣ ដោយ​មិន​បាន​ប្រើ​ហិង្សា​ប្រដាប់​អាវុធ​ទេ។ លោក មហាត្មៈគន្ធី (Mahatma Gandhi)) បាន​ទាមទារ​ឯករាជ្យ​ឲ្យ​ប្រទេស​ឥណ្ឌា​ចេញពី​អាណានិគម​ចក្រភព​អង់គ្លេស​នៅឆ្នាំ​១៩៤៧ ដោយ​គ្មានអំពើហិង្សា​ទេ។ លោក ណែលសុន មែនដែលឡា (Nelson Mandela) បាន​តស៊ូ​ លុបបំបាត់​របប​អាប៉ាថេត​ នៅ​ប្រទេស​អាហ្រ្វិក​ខាង​ត្បូង​ដោយមិនប្រើ​អំពើ​ហិង្សា​ទេ។ ការ​ជ្រើសរើស​មេដឹកនាំ​ថ្មីនៅ​វៀតណាមក្តី ចិន​ក្តី រវាង​១០ឆ្នាំ សុទ្ធតែ​ធ្វើ​ឡើង​ដោយ​មិន​មាន​សង្រ្គាម​ស៊ីវិល​ទេ។ ការ​ផ្លាស់​ប្តូរ​នាយករដ្ឋមន្រ្តី​នៅជប៉ុន ឬ​បាតុកម្ម​ទម្លាក់​លោក​ស្រី ប៉ាក់​ជឺង​ហេ (Park Geun-hye) ចេញពី​តំណែង​ជា​ប្រធានា​ធិបតី​ប្រទេស​កូរ៉េខាង​ត្បូង ​ក៏​មិន​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​មាន​អំពើ​ហិង្សាដែរ។

ជាសរុប​មក បុគ្គលដែល​ជ្រើសរើស​ប្រើវិធីហិង្សា ទាំង​ផ្លូវ​កាយ​​ក្តី ផ្លូវ​ចិត្ត​ក្តី ឬ​ដោយ​ពាក្យសម្ដី​ក្តី​ មិន​អាច​ជា​បុគ្គលដែល​ស្រឡាញ់​សន្តិភាព​ពិត​ប្រាកដ​ទេ។ អតីត​សកម្មជ​ន​ទាមទារ​សិទ្ធិ​សម្រាប់​ជនជាតិ​ស្បែក​ខ្មៅអាមេរិក លោក បាយ៉ាដ រុស្ទីន (Bayard Rustin) ធ្លាប់​មាន​ប្រសាសន៍ថា “If we desire a society of peace, then we cannot achieve such a society through violence. If we desire a society without discrimination, then we must not discriminate against anyone in the process of building this society. If we desire a society that is democratic, then democracy must become a means as well as an end.” (“ប្រសិន​បើ​យើង​ ចង់បានសង្គមមួយដែ​ល​មាន​សន្តិភាព យើង​មិន​អាច​ទទួល​បាន​សង្គមបែបនោះ​តាម​រយៈ​អំពើ​ហិង្សា​​​ឡើយ។ បើ​យើង​ចង់​បាន​សង្គមមួយ​ដែល​គ្មាន​ការ​រើស​អើង យើង​មិន​ត្រូវ​រើស​អើង​រវាង​គ្នានឹងគ្នាទេ នៅ​ក្នុង​ដំណើរ​ការ​ស្ថាបនា​សង្គមមួយនេះ។ បើយើង​ចង់​បាន​សង្គម​ប្រជាធិបតេយ្យ យើង​ត្រូវ​យក​លទ្ធិប្រជាធិបតេយ្យ​ជា​មធ្យោបាយ និងជាគោលដៅ​ចុង​ក្រោយ​របស់​យើង!”)។ សូម​និយាយ​ថា​ទេ ចំពោះ​អំពើ​ហិង្សា! សូមនិយាយ​ថាទេ ចំពោះ​ការរើសអើង!

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ