លោក ហ៊ុន សែន ឲ្យបញ្ឈប់ដេញកម្មករចេញពីរោងចក្រដោយសារវិវាទការងារ

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រំឭកថៅកែរោងចក្រ ឲ្យឈប់រើសអើងសហជីព និងបញ្ឈប់បណ្តេញកម្មករ ចេញពីការងារ ដោយសារតែវិវាទការងារ។

លោក ហ៊ុន សែន មានប្រសាសន៍ក្នុងពិធីចុះជួបកម្មករនៅរាជធានីភ្នំពេញនាថ្ងៃទី៣០ខែសីហានេះថា កន្លងទៅ​លោកធ្លាប់អន្តរាគមន៍ទៅក្រសួងការងារឲ្យយកកម្មករនិងសមាជិកសហជីពមួយចំនួនដែលថៅកែប​ណ្តេ​​ញចេញពីការងារ ឲ្យចូលធ្វើការវិញ។

លោក ហ៊ុន សែន ថ្លែងទៀតថា ករណីនេះភាគីពាក់ព័ន្ធ គួរតែដោះស្រា​យវិវាទការងារ ដោ​យការយោ​គ​​​​យ​ល់​គ្នា តាមច្បាប់ស្តីពីការងារ ជាជាងប្រើចំណាត់ការបណ្តេញចេញ។

លោកថា៖ «ការដោះស្រាយដោយវិធីបណ្តេញចេញពីការងារ មិនមែនជាដំណោះស្រាយដោយការ​យោគ​យល់ទេ។ ខ្ញុំសូមអំពាវនាវចំពោះបណ្តារោងចក្រសហគ្រាស សុំប្រើប្រាស់វិធីសន្ទនា​ឲ្យមានការយោគ​យល់គ្នា ជាជា​​ងកា​​របណ្តេញចេញពីការងារ រឿងនេះជារឿងដែលខ្ញុំបានតា​មដានយកចិត្តទុ​កដាក់ជា​មួយ​​ក្រសួ​ងការងា​​ររយៈពេលកន្លង​ទៅ។ មា​​នពេ​​​លខ្លះ ខ្ញុំបាន​ស្នើផ្ទាល់ទៅកាន់ម្ចាស់​រោងចក្រ ឲ្យទទួ​លយកមេ​ដឹកនាំ​សហជីព​នោះ​ ដើម្បីចូល​ធ្វើ​ការត្រ​ឡប់​​មកវិញ»។

លោក ហ៊ុន សែន បញ្ជាក់ដូចនេះថា៖ «ក៏ប៉ុន្តែយើងទាំងអស់គ្នា ក៏ត្រូវដឹងដែរថា ទង្វើទាំ​ងឡាយណាដែ​លខុ​ស​នឹងច្បាប់ការងារ វាសុទ្ធតែមានបញ្ហា ហើយទាំងសងខាងគោរពច្បាប់ការងារ វាជាឱកាសល្អ ហើយ​រា​ល់​​​​​កា​រ​ដោះ​ស្រាយ ដែលបានកើតឡើង ដោះស្រាយការមិនពេញចិត្តលើចំនុចណាមួយបាន​ទាន់ពេលវេលា គឺវាជា​កា​​​រខិតខំមួយ»។

ប្រធានសមាគមរោងចក្រកាត់ដេរកម្ពុជា លោក វ៉ាន់ សូអៀង សុំមិនធ្វើអត្ថាធិប្បាយ ដោយលោកអះ​អាង​​ថា​​កំពុ​ងនៅក្រៅប្រទេស។

អនុប្រធានសម្ព័នសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ស៊ីខាវឌូ លោក គង់ អាទិត្យ លើកឡើងថា សារនយោបាយនេះ ជាការទាក់ទាញមួយ ប៉ុន្តែលោកថា បើនាយករដ្ឋ​មន្ត្រីគ្មានយ​ន្តការតា​មដា​នការអនុវត្តរបស់មន្ត្រីថ្នាក់ក្រោមទេ លោកថា កម្មករនិងសហជីព ដែ​លជំរុញលក្ខខ​ណ្ឌការ​ងារ នៅ​តែរ​ង​គ្រោះ​​ដដែល។

លោកថា៖ «ពួកខ្ញុំជាង១០រោងចក្រឯណោះ អត់ទាន់ឲ្យចូលធ្វើការវិញទេ រោងចក្រខ្លះ​ទោះបីក្រុមប្រឹ​ក្សា​អា​ជ្ញា​​កណ្តា​លកាត់ឲ្យឈ្នះអីក៏ដោយ ក៏អត់ទាន់ឲ្យចូលធ្វើ​ការវិញដែរ។ តឹងតែងខ្លាំងណាស់ ភា​គច្រើ​ន​ឲ្យបង្កើត[ស​ហជីព]ភ្លាម យើងត្រូវទទួលបានការបញ្ឈប់ភ្លាម ហើយចំពោះច្បា​ប់សហជីពថ្មី​នេះ​ទៀត រឹត​តែតឹ​ង​ទៀត»។

ទោះជាយ៉ាងណា លោក ហ៊ុន សែន រំឭកថា កម្មករនិងសហជីព ត្រូវប្រុងប្រយ័ត្ន កុំឲ្យកា​រតវ៉ាទា​មទា​រល​ក្ខខណ្ឌការងាររបស់ខ្លួន ទៅជាការ​​រំលោភសិទ្ធិកម្មករដទៃទៀត នឹងថាកុំឲ្យធ្វើតាមការញុះញង់ ពីក្រុមអ្ន​កន​យោបាយណាមួយ ដែលលោកថានាំឲ្យការតវ៉ាបែបនោះទៅជាខុសច្បាប់។

បើតាមលោក ហ៊ុន​ សែន រោងចក្រកាន់ដេរនិងដេរស្បែកជើងនៅកម្ពុជា មានជាង១០០០រោងចក្រ មាន​កម្ម​ករជាង៧៤ម៉ឺននាក់ កំពុងបម្រើការងារក្នុងវិស័យកាត់ដេរមួយនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ