កូនប្រុសទី២ លោក ហ៊ុន សែន ត្រូវបានតែងតាំងជានាយករងខុទ្ទកាល័យឪពុក

រូបភាពពីហ្វេសប៊ុក លោក​ ហ៊ុន ម៉ានិត

កូនប្រុសទី២ របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ត្រូវបានតែងតាំងជានាយករង​ខុទ្ទកាល័យនាយករដ្ឋមន្រ្តី ឋានៈស្មើរដ្ឋលេខាធិការ។

ក្នុងព្រះរាជក្រឹត្យចុះហត្ថលេខាដោយប្រមុខរដ្ឋស្ដីទី លោក សាយ ឈុំ កាលថ្ងៃទី ២៩ ខែ កញ្ញាម្សិលមិញ បាន​សម្រេចដំឡើងឋានៈដល់លោក ហ៊ុន ម៉ានិត ជានាយករងខុទ្ទកាល័យលោកនាយករដ្ឋមន្រ្តី ដែលមានឋានៈ​ស្មើរ​ដ្ឋលេខាធិការ តាមសំណើរបស់លោក ហ៊ុន សែន។

លោក​ ហ៊ុន ម៉ានិត បច្ចុប្បន្ន​កំពុងតែកាន់តំណែងពីរសំខាន់ទៀតគឺជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ស្រាវជ្រាវ​ចារកិច្ចនៃ​ក្រសួង​ការពារ​ជាតិ និងជា​​អនុប្រធាន​គណៈកម្មាធិការ​ត្រួតពិនិត្យ នៃ​គណៈកម្មាធិការ​កណ្ដាល​នៃ​គណបក្ស​កាន់​អំណាច។​

ក្នុងព្រះរាជក្រឹត្យដដែលក៏បង្គាប់ឲ្យដំឡើងឋានៈដល់ជំនួយការ​របស់​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចំនួន ២៨ រូប ឲ្យមានឋានៈស្មើ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និង អគ្គនាយក បន្ថែមលើមុខងារបច្ចុប្បន្ន។

ជំនួយការទាំង ២៨ ក៏​មាន​​លោក ប៉ាន់ខែម ប៊ុនថន ប្រធាន​ប្រតិបត្តិ​ក្រុម​យុវជន​សម្ព័ន្ធ​សេនា​នាគ ដំឡើងឋានៈស្មើអគ្គនាយក និង​លោក ដួង តារា ដែលជាអ្នកលេងហ្វេសប៊ុកឲ្យលោក ហ៊ុន សែន ដំឡើងឋានៈស្មើអនុរដ្ឋ​លេខាធិការបន្ថែម​លើ​មុខ​ងារបច្ចុប្បន្នផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ