ភិន សុដាលីស សារភាពរឿងផ្ញើសារឲ្យ ប៉ែន ចំរ៉ុង កុំតបតឪពុក

លោក ប៉ែន ចំរ៉ុង និងនាង ភិន សុដាលីស​ កាលពីពេលកន្លងទៅ (រូបភាពហ្វេសប៊ុក)

ក្នុងប៉ុន្មានថ្ងៃនេះមានការលើកឡើងពីក្នុងចំណោមអ្នកសិល្បៈដូចគ្នាកាន់តែខ្លាំងថា ហេតុផលដែលប៉ែន ចំរ៉ុង មិនព្រមចេញមុខបកអាក្រាតក្នុងន័យតបតចំពោះលោក អ៊ិន សុភិន គឺដោយសារតែលោកយោគយល់ដល់សាររបស់ ភិន សុដាលីស ដែលសុំឲ្យលោកកុំប្រតិម្មជាមួយឪពុកខ្លួន។ ក្រោយការលេចធ្លាយដំណឹងនេះ ភិន សុដាលីស បានចេញមុខទទួលស្គាល់ និងប្រាប់មូលហេតុមួយចំនួនពីការបញ្ជូនសាររបស់នាងទៅកាន់លោក ប៉ែន ចំរ៉ុង។

យ៉ាងហោចជាងពាក់កណ្ដាលតារាសិល្បៈដែលស្និទ្ធស្នាលនឹងលោ ប៉ែន ចំរ៉ុង បានអះអាងថា លោកប៉ែន ចំរ៉ុង មិនមែនគ្មានរឿងលាងខ្លួន ដើម្បីឲ្យមហាជនបានយល់នោះទេ ប៉ុន្តែមកពីលោកចង់ទុកមុខឲ្យលោក អ៊ិន សុភិន និងយោគយល់ដល់សាររបស់ ភិន សុដាលីស ដែលបានផ្ញើមកជាសម្ងាត់សុំឲ្យលោកកុំតបត ទើបលោកនៅស្ងៀម។

តារាសិល្បៈ២រូប បានបង្ហើបស្រដៀងនឹងព័ត៌មានដែលលើកឡើងក្នុងចង្កោមអ្នកសិល្បៈថា ភិន សុដាលីស បានបញ្ជូនសារជាសម្ងាត់សុំឲ្យលោកប៉ែន ចំរ៉ុង កុំប្រកាន់ចំពោះឪពុកខ្លួន ទើបលោកសុខចិត្តអត់ធ្មត់ ហើយទទួលរងនូវការវាយប្រហារគ្រប់យ៉ាង បើទោះជាត្រូវប៉ះពាល់អាជីពសិល្បៈ។

តារាទាំងនោះថា៖ «ដាលីសផ្ញើសារអង្វរកុំឲ្យចំរ៉ុង តបតជាមួយឪពុក តែខ្លួនឯងបែរជាវាយប្រហារគ្នាទាំងឪពុកទាំងកូន ចឹងហើយបានអ្នកដឹងខ្លោចចិត្តអាណិតចំរ៉ុងគ្រប់គ្នា»

ក្រុមតារាដែលបានស្ដាប់សម្ដីដោយផ្ទាល់មាត់ពី ប៉ែន ចំរ៉ុង នៅតែយល់ថា ភិន សុដាលីស លេង៣សន្លឹកជាមួយលោក ដោយសារតែខ្លួនបានចេញមុខសុំអង្វរកុំឲ្យអតីតស្វាមីតបតណាមួយចំពោះលោក អ៊ិន សុភិន និងខ្លួន ប៉ុន្តែនាងនិងឪពុកបែរជាបានបន្តសាច់រឿងវែងឆ្ងាយ អូសបន្លាយរហូតបណ្ដាលឲ្យមហាជនជេរប្រទិចលោក ប៉ែន ចំរ៉ុង យ៉ាងពេញៗមាត់។

ពាក់ព័ន្ធនឹងការលើកឡើងដ៏រសើបនេះ វីអូឌី បានព្យាយាសុំការបំភ្លឺបន្ថែមពីលោក ប៉ែន រស់ បងប្រុសរបស់លោក ប៉ែន ចំរ៉ុង ប៉ុន្តែមិនមានការឆ្លើយតបណាមួយ ខណៈដែលលោក ប៉ែន ចំរ៉ុង បានប្រកាន់ជំហរមិនផ្ដល់ការសម្ភាសន៍ ពាក់ព័ន្ធនឹងរឿងឯកជន។

យ៉ាងណាមិញ ភាគីខាងអ្នកនាង ភិន សុដាលីស បានទទួលស្គាល់ថាការលើកឡើងរបស់តារាសិល្បៈ គឺជារឿងពិត ដោយគ្រាន់តែមិនបានត្រូវចំនឹងបរិបទជាក់ស្ដែងនៃជម្លោះប៉ុណ្ណោះ។

ភិន សុដាលីស និយាយថា សារដែលបានផ្ញើទៅអង្វរករលោក ប៉ែន ចំរ៉ុង នោះ គឺជាសារយូរមកហើយ គឺតាំងពីនាងនិងលោក មិនទាន់ត្រូវបានតុលាការកាត់ឲ្យលែងគ្នាម្ល៉េះ។ នាងថា ការនិយាយរបស់តារាសិល្បៈ ដែលមានទំនាក់ទំនងស្និទ្ធនឹងលោក ប៉ែន ចំរ៉ុង ត្រឹមត្រូវ ប៉ុន្តែប្រហែលមិនបានដឹងថាសារនោះកើតឡើងរបៀបមិច និងស្ថិតនៅក្នុងកាលៈទេសៈ ទើបម្នាក់ៗមានការរិះគន់ចំពោះនាង។

នាង ភិន សុដាលីស បន្តថា ក្នុងពេលលោក ប៉ែន ចំរ៉ុង ដាក់បណ្ដឹងលែងនាងថ្មីៗ នឹងមិនដែលគិតថាចំណងបាក់បែកនោះនឹងកើតឡើងទេ ដោយសារតែនាងយល់ថាខ្លួនមានកូនរបស់លោក ប៉ែន ចំរ៉ុង ទើបបានអង្វរករកុំឲ្យលោកប៉ែន ចំរ៉ុង តបតណាមួយទៅលើឪពុក ដើម្បីឲ្យពេលត្រូវរ៉ូវគ្នាវិញ មិនមានវិប្បដិសារី។

នាងថា៖ «ខ្ញុំសារភាពថា ខ្ញុំធ្លាប់ផ្ញើសារជាសម្ងាត់ សុំឲ្យគាត់កុំតបតជាមួយប៉ាខ្ញុំ ក្រោយពេលពួកយើងបែកគ្នា តែកាលនឹងយូរហើយ គឺតាំងពីសាលក្រមមិនទាន់ចេញម្ល៉េះ ចឹងអ្នកលើករឿងហ្នឹងមកជាថ្មី គឺមិនខុសពីថា ខ្ញុំលេងបីសន្លឹកដាក់គាត់ (ប៉ែន ចំរ៉ុង) ទេ ខ្ញុំអត់ទទួល»

នាងថា ក្រោយពេលតុលាការសម្រុះសម្រួលលែងបាន នាងមិនដែលពាក់ព័ន្ធជាមួយលោក ប៉ែន ចំរ៉ុង ទៀតទេ ហើយក៏មានវិប្បដិសារីណាស់ដែរ ដែលខំអង្វរលន់តួកុំឲ្យ ប៉ែន ចំរ៉ុង លែងខ្លួនម្ដងជាពីរដង តែចុងក្រោយលោក ប៉ែន ចំរ៉ុង នៅតែបន្តដាក់បណ្ដឹងព្រមជាមួយនឹងការលើកឡើងថា កូនក្នុងផ្ទៃនាងមិនច្បាស់ថាជាឈាមរបស់ខ្លួន។

នាងថាការផ្ញើសាររវាងនាង និង ប៉ែន ចំរ៉ុង រស់នៅបែកគ្នាហើយ ប៉ុន្តែក្រោយពេលដឹងថាចំណងស្នេហ៍ស្រោចស្រង់លែងបាន គឺអត់មានខ្លាចរឿងលោកចំរ៉ុង តបត ឬ មិនតបតចំពោះឪពុកនោះទេ។

នាងស្នើកុំឲ្យតារាសិល្បៈ ដែលស្ដាប់រឿងនេះតែម្ខាង យល់ថានាងទើបនឹងផ្ញើសារថ្មីសុំឲ្យលោក ប៉ែន ចំរ៉ុង អត់ធ្មត់ ហើយខ្លួនឯងបែរជាលេង១០០ៗដាក់តែម្ខាង។ នាងថាលោក ប៉ែន ចំរ៉ុង អាចចេញមុខបកអាក្រាតពីអ្វីក៏បាន តែសុំឲ្យនិយាយចេញពីមាត់ផ្ទាល់ខ្លួន។

លោក អ៊ិន សុភិន ឪពុក ភិន សុដាលីស បានអះអាងថា លោកមានការភ្ញាក់ផ្អើលនៅពេលតារាកាន់តែច្រើនបានសួរនាំលោកពាក់ព័ន្ធនឹងរឿងកូនស្រីផ្ញើសុំចិត្តលោក ប៉ែន ចំរ៉ុង។ យ៉ាងណាមិញ លោកថាខ្លួនអស់ចិត្តហើយ បន្ទាប់ពីបានដឹងថាសារដែលដាលីសអង្វរករនោះគឺតាំងពីស្ថានការរវាងនាង និងអតីតស្វាមីមិនទាន់ដាច់ស្រឡះ។

លោកថា បើ ប៉ែន ចំរ៉ុង ពិតជាមានរឿងអាស្រូវរបស់លោក និងដាលីសប្រាកដមែន គឺគួរតែចេញនិយាយដោយផ្ទាល់ខ្លួនឯងដើម្បីឲ្យលោកបានដឹងពីចំណុចល្អនោះផង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ