វិភាគ៖ តើមានមូលហេតុអ្វីបានបក្សកាន់អំណាចពន្យាពេលបោះឆ្នោតព្រឹទ្ធសភា?

ដោយ លោក ញឹម សុខន​​ | ថ្ងៃចន្ទ ទី៣០ ខែតុលា ឆ្នាំ២០១៧​ ម៉ោង 8:36 AM | បទវិភាគ | 0 | 2120 ព្រឹទ្ធសភា

លោកនាយករដ្ឋ​មន្ត្រី ហ៊ុន សែន មួយរយៈពេលចុងក្រោយនេះ បានគំរាមម្តងហើយម្តងទៀតថា រចនា​ស​ម្ព័​​ន្ធ​​នៃក្បាលម៉ាស៊ីនដឹកនាំរបស់គបក្សប្រឆាំង នឹងត្រូវរំលាយចោល បើទោះបីជាសំណុំរឿងនោះ នៅ​ដៃតុលាការកំពូលក៏ដោយ។

ក្រៅពីសារគំរាម លោក ហ៊ុន សែន ក៏បានអំពាវនាវ ថាមន្ត្រីជាក្រុមប្រឹក្សាឃុំសង្កាត់ របស់បក្សប្រ​ឆាំង​ ដែ​ល​បានសុំចុះ​ចូល​ជា​​មួ​យគណបក្សកាន់អំណាច មុនតុលាការកំពូល ​ប្រកាសរំលាយ​នោះ ពួក​​គេត្រូ​​វរក្សា​តំ​ណែងឲ្យនៅដដែល។

ការប្រកាសរបស់នាយករដ្ឋមន្ត្រីនេះ ទំនងជាសំដៅដល់ប្រសិទ្ធភាពនៃពាក្យបណ្តឹង របស់ក្រសួងមហាផ្ទៃ ដែល​សុំរំលាយគ​ណប​ក្ស​​ស​ង្គ្រោះជាតិ ដែលពាក្យប្តឹងនោះ ក្រសួងបានយោងទៅលើបទចោទលោក កឹម សុខា ថា ​«ក្បត់ជាតិ» និងមួយទៀត ទំនងជាសំដៅ​ដល់ការធ្វើវិសោ​​ធនកម្មច្បាប់បោះឆ្នោត៤ទៀត ដែលបើ​​កផ្លូ​​វឲ្យ​រឹបអូសអាសនៈ របស់គណ​បក្សប្រឆាំ​ង ទាំងក្នុងសភានិង​នៅ​ឃុំសង្កាត់។

ប៉ុន្តែ សម្រាប់សហគ​មន៍អន្តរជាតិ ដែលប្រកាន់លទ្ធិប្រជាធិបតេយ្យ ដូចជា សហរដ្ឋអាមេរិក សហភាពអឺរុប អាលឺម៉ង់ បារាំង សហភាពអន្តរសភា IPU ដែលមានសមាជិក១៧៣ប្រទេស និងប្រទេសមួយចំនួនទៀត ហៅ​ចំណាត់ការ របស់រដ្ឋាភិបាលនេះថា ជាការគំរាមកំហែងផ្នែកនយោបាយ ផ្ទុយទៅនឹ​ងយន្តការ​ប្រជា​ធិ​ប​តេយ្យ និងគំរាមពីវិធានការដាក់ទណ្ឌកម្មសេដ្ឋកិច្ចដល់កម្ពុជា ដោយថា បើមិនដោះលែងលោក កឹម សុខា ដើម្បីបើកផ្លូវឲ្យការបោះឆ្នោតខាងមុខ ប្រព្រឹត្តិទៅដោយសេរី និងយុត្តិធម៌នោះ។

បើគេពិនិត្យមើលពីសម្ពាធអន្តរជាតិ ដ៏ច្រើនមិនធ្លាប់មាននៅពេលនេះ និងអ្វីៗដែលបក្សកាន់អំណាច កំ​​ពុ​​​ង​មា​ន​នៅក្នុងដៃ​ ដូចជាច្បាប់រំលាយគណបក្ស ច្បាប់រឹប​អូសអាសនៈក្នុងរដ្ឋសភា និងឃុំសង្កាត់ រួមទាំងពាក្យបណ្តឹងនៅតុលាការកំពូល ផងនោះ គេពិតជាត្រូវតាមដានស្ថា​នការណ៍ន​យោ​បាយ​នៅ​​​កម្ពុ​ជា​បន្ត​ទៀ​​តថា តើសម្ពាធនេះ អាចជំរុញឲ្យបក្ស​កាន់អំណាច​វិលមករៀបចំទីលាន​ប្រកួត​ការ​បោះ​ឆ្នោ​​​​តឆ្នាំ​២០១៨ ដោយស្មើភាព ឬបក្សប្រឆាំង ត្រូវគេរំលាយមុនបោះឆ្នោតមកដល់ ដូចសារគំរាម។

បើគិតត្រឹមថ្ងៃទី៣០ខែតុលានេះ បើទោះបីគេមិនទាន់ដឹងថា តើរបត់នយោបាយ នៅកម្ពុជា នឹងបន្ត​ដើរលើ​ផ្លូ​វ​​ណាពិតប្រាកដក៏ដោយ ប៉ុន្តែគេសង្កេតឃើញ ក្រោយការគំរាម របស់លោក ហ៊ុន ​សែន តំណា​ងរា​​ស្ត្រម្នាក់ និងក្រុមប្រឹក្សា ឃុំ សង្កាត់មួយចំនួន កំពុងចាកចេញពីគណបក្សប្រឆាំង មកចុះចូលជាមួយ​គ​​ណ​​បក្ស​​​ប្រ​ជាជនកម្ពុជាជាបន្តបន្តាប់ តែខ្លះទៀតអះអា​ងថាខ្លួននៅតែមានជំនឿ​លើគណបក្សប្រឆាំដ​ដែល។

ប៉ុន្តែ អ្វីដែលជាការកត់សម្គាល់ជាងនេះ គឺរដ្ឋាភិបាលបានប្រកាសពន្យាល​ពេលថ្ងៃបោះឆ្នោ​តជ្រើស​តាំង​ស​មា​ជិ​កព្រឹទ្ធសភា ពីថ្ងៃទី១៤ខែមករា ទៅថ្ងៃទី២៥ខែកុម្ភៈឆ្នាំ២០១៨វិញ​។ ចំនួននេះ បានបង្កើន៤០ថ្ងៃទៀត។

តើមានមូលហេតុអ្វី បានបក្សកាន់អំណាចពន្យាពេលបោះឆ្នោតព្រឹទ្ធសភានេះ?

អ្នកវិភាគនយោបាយ យល់ឃើញផ្សេងគ្នា ពីស្ថានការណ៍នយោបាយ ទៅកាន់កា​របោះឆ្នោតឆ្នាំ​២០១​៨នៅ​​​ពេលនេះខាងមុខ។

អ្នកវិភាគនយោបាយ លោក ឯម សុវណ្ណារ៉ា វិភាគថា ការព្យាពេលនេះ ហាក់បង្ហាញថា បក្សកាន់អំ​ណាចកំ​ពុងជំរុញយន្តការ​​​​​រំ​លា​​​យគ​ណបក្សប្រឆាំង ដោយមិនងាក​ក្រោយមើលសម្ពាធអន្តរជាតិឡើយ។

អ្នកវិភា​គរូបនេះ វិភាគថា ការព្យាយាមរំលាយសមាជិក ក្រុមប្រឹក្សាឃុំសង្កាត់របស់​បក្ស​ប្រឆាំ​ង ទាំងជា​ង៥ពាន់អាសនៈនេះ លោកថា បក្សកាន់អំណាច ទំនងជាដឹងមុនថា ឫស​​​​កែវថ្មី​​​នេះ ជាគ្រោះថ្នា​ក់អំណាចរបស់​​​ពួកគេ នៅ​ឆ្នាំ​​២០១៨បាន ។

លោកថា៖ «ក្រុមប្រឹក្សាឃុំ សង្កាត់ វានៅច្រើន ជាង៥ពាន់អាសនៈ [៥០០០] នៅឃុំសង្កាត់ ហើយនៅគ្រប់តំបន់ទាំងអស់ ជាយន្តការមួយ ដែលគណបក្សសង្គ្រោះជាតិ អាចទៅឃោសនា អាចទៅបញ្ចៀបទស្សនៈនយោបាយរបស់ខ្លួន ដែលអាចទៅប្រជែងពីគណបក្សកាន់អំណាច កន្លែងនេះហើយ​​ដែលជាការបារម្ភមិនបា​​​​រម្ភអីនៅក្នុងតំណែង អីនៅព្រឹទ្ធសភាប៉ុន្មានទេ»

បើតាមលោក ឯម សុវណ្ណារ៉ា គណបក្សកាន់អំណាច អាចនឹងពិចារណាពីសម្ពាធអន្តរជាតិនេះ ក្រោយពីរំលាយបក្សប្រឆាំងបានជោគជ័យ ដើម្បីគេចចេញពីការដាក់ទណ្ឌកម្មពីសហគមន៍អន្តរជាតិ។

លោកថា៖ «លក្ខខណ្ឌមួយបើសិនជាមានសម្ពាធខ្លាំង គណបក្សកាន់អំណាចគេអាចបន្ថូបន្ថយបរិយាកាសយោបាយខ្លះនៅពេលដែលរំលាយគណបក្សសង្គ្រោះជាតិហើយ វាអាចមានប្រៀប។ អញ្ចឹងគ្រាន់តែបន្ថូឲ្យសមាជិក លើកលែងទោស ឲ្យអតីតគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី អីហ្នឹងចូលមកវិញទៅ វាធូស្បើ ប៉ុន្តែរចនាសម្ព័ន្ធបក្ស នៅក្រុមប្រឹក្សាឃុំ សង្កាត់ ថ្នាក់ក្រោមជាតិ វារលាយអស់ អានេះខ្ញុំមើលឃើថា ជាចរន្តមួយបន្តជំរុញចង់រំលាយគណបក្សសង្គ្រោះជាតិ នៅមានសន្ទុះខ្លាំង»

សម្រាប់អ្នកឯកទេសវិទ្យាសាស្ត្រនយោបាយ និងអភិបាលកិច្ច លោក ចាន់ វិបុល វិភាគ​ទាំងប្រ​យ័ត្នប្រយែងថា គេមិនអាចដឹងថា អ្វីជាការពិតនៃការពន្យាពេលបោះឆ្នោតជ្រើសតាំងព្រឹទ្ធ​សភា​​នេះទេ។

ប៉ុន្តែលោក ចាន់ វិបុល វិភាគថា បើផ្អែកលើចំនួនអ្នកគាំទ្របក្សប្រឆាំង សម្ពាធជាច្រើនពី​សហគមន៍អន្ត​រជាតិនិងជំហរ របស់មេដឹកនាំបក្សប្រឆាំង ទាំងលោក សម រង្ស៊ី និងលោក កឹម​ សុខា លោកវិភាគថា កា​រច​ង់រំលាយបក្សសង្គ្រោះជាតិ ឲ្យបង្កើតគណបក្សថ្មី សម្រាប់ទៅប្រកួតនៅឆ្នាំ២០១៨ លោកថា ទំនង​ជាកា​រលំ​បាក​ទៅរួច។

លោកថា៖ «បើយើងមើលជំហរ របស់គណបក្សសង្គ្រោះជាតិនៅពេលនេះ ខុសប្លែកពីជំហរ របស់គណបក្សហ្វ៊ុស៊ិនប៉ិចពីអតីតកាល។ អញ្ចឹងជំហររបស់សង្គ្រោះជាតិនេះ ប្រសិនបើមានការប៉ុនប៉ងរំលំ ឬរំលាយមែន ប្រហែ​​ជាពួកគាត់ មិនមានចេតនា ក្នុងការបង្កើតគណបក្សថ្មីទេ នេះបើយើងមើលចរន្តនយោបាយពេលនេះ»

លោក ចាន់ វិបុល វិភាគទៀតថា បើអ្នកនយោបាយខ្មែរ ហ៊ានលេងស្នៀតនេះ លោកថា ក្រុមអ្នក​នយោ​បា​យ​​​នោះ នឹងមានឈ្មោះក្នុងប្រវត្តិសាស្ត្រថា នាំកម្ពុជា​ទៅរកគ្រោះ​មហន្តរាយ​ដូចពី​អតីកាល។

លោកថា៖ «ប្រសិនបើយើងមិនមានការផ្តល់តម្លៃ ឬទទួលស្គាល់នូវសមត្ថភាព ឬភាពស្របច្បាប់នៃការប្រកួតប្រជែងទេ អញ្ចឹងការកង្វះគុណធម៌នយោបាយនេះហើយ ដែលនាំឲ្យកម្ពុជាមានវិបត្តិរាប់សឹបឆ្នាំកន្លងមកនេះ»

បើតាមអ្នកវិភាគ ដើម្បីជំរុញឲ្យកម្ពុជាឆ្ពោះទៅរកការរីកចម្រើន និងការអភិវឌ្ឍពិតប្រាកដ ពួកគេថា អ្នកនយោ​បាយខ្មែរ គួប្រើពេលវេលា ដើម្បីពិភាក្សាគ្នា ជំរុញយន្តការប្រជាធិបតេយ្យ ជាជាងពន្យាពេល ដើម្បី​​រ​កយុទ្ធសាស្ត្រ កម្ទេច​ដៃគូប្រកួត ដូចអ្នកនយោបាយពីអតីតកាល៕

សរសេរមកកាន់ លោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required