រដ្ឋមន្ត្រីក្រសួងព័ត៌មានជំរុញអ្នកប្រើហ្វេសប៊ុកត្រូវមានក្រមសីលធម៌

​លោក ខៀវ កាញារីទ្ធ ​រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន​ នាពេលកន្លង​មក

រដ្ឋមន្ត្រីក្រសួងព័ត៌មាន អំពាវនាវឲ្យអ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមទាំងអស់ ត្រូវមានក្រមសីលធម៌ ក្នុងការប្រើប្រាស់ ខណព័ត៌មានមួយចំនួនត្រូវគេចែករំលែងតាមហ្វេសប៊ុកដោយមិនមានមូលដ្ឋានច្បាស់លាស់ ។

នៅក្នុងកិច្ចពិភាក្សាតុមូលស្ដីពី «អ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមនិងក្រមសីលធម៌ តួនាទីប្រព័ន្ធផ្សព្វផ្សាយសង្គមនៅកម្ពុជា» នៅព្រឹកថ្ងៃទី៣០ ខែវិច្ចិកា នេះ  រដ្ឋមន្ត្រីក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធ ថ្លែងថា អ្នកប្រើហ្វេសប៊ុកមួយចំនួន តែងតែចែករំលែងព័ត៌មានមិនច្បាស់លាស់ ដោយយកមកចែករំលែកតៗគ្នា ហើយអ្នកខ្លះយកហ្វេសប៊ុកនេះមក ជេរប្រមាថទៅអ្នកដទៃ ដែលបញ្ហាទាំងនេះ ធ្វើជះឥទ្ធពលខ្លាំងមកសង្គមកម្ពុជា។

លោកបន្តថា ពលរដ្ឋមួយចំនួនប្រើប្រាស់ហ្វេសប៊ុក ដើម្បីទំនាក់ទំនងគ្នា ចែករំលែងព័ត៌មានផ្សេងៗឲ្យគ្នាទៅវិញទៅមក តែការប្រើប្រាស់និងចែករំលែកទាំងត្រូវមានក្រមសីលធម៌និងទទួលខុសត្រូវខ្លួន។

លោកថា៖ «ដោយសារតែកម្រិតយល់ យើងអាចនិយាយបានថាមេទឹកអាស៊ីតស្រុកខ្មែរ  […] អ្នកយ់ដឹងច្រើនគ្រាន់តែចំណុចខ្សោចយើងមួយ គេដាក់រឿងក្ដៅក្រហាយមួយ ចាប់ផ្ដើមជេរ លូវម៉េចវប្បធម៌ជេរ។ អ្នកជេរហ្នឹង ថោកទាប អ្នកណាដែលជេរ ចេញមក គឺពូជអំបូលថោក ព្រោះពូជអំបូលអ្នកថ្លៃថ្នូរគេមិនជេរគ្នាទេ យើងមើល។ លូវទៅជាអ្នកថ្លៃថ្នូរ អ្នកពូកែជេរទៅវិញ អាហ្នឹងហើយជា […] បើយើងទម្លាប់វិញថាអ្នកណាដែលជេរកុំទទួលស្គាល់ ឆាប់ៗពេលហ្នឹងទទួលស្គាល់ ពេលនោះអ្នកដឹងនុងអ្នកហ្នឹងដឹងខ្លួន ប៉ុន្តែបើនៅតែថាតម្លៃមាត់អ្នកណាពូកែអ្នកហ្នឹងល្អអាហ្នឹងខុស”។

ប្រធានក្លឹបអ្នកការសែតកម្ពុជាលោក ប៉ែន បូណា បានលើកឡើងថា ពលរដ្ឋមួយចំនួនមិនដឹងពីផលប៉ះពាល់និងសារៈប្រយោជន៍នៃការប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកមកលើកខ្លួន។

លោកថា៖ «មហាជនទូទៅជនកាលគាត់អត់យល់ដឹងទេ គាត់អត់បានផ្ទៀងផ្ទាត់អីទាំងអស់ គាត់គ្រាន់តែឃើញមក គាត់ខោមមិន ចែករំលែងតៗ ដោយអត់មានដឹងប្រភពវាយ៉ាងម៉េច វាជាគ្រោះថ្នាក់ ដែលយើងចង់លុបបំបាត់ដោយចាប់ផ្ដើមពីអ្នកសារព័ត៌មាន។ បើយើងឃើញព័ត៌មានមួយបង្ហោះតាមហ្វេសប៊ុកយើងកុំអាចាត់ទុកថា ជាព័ត៌មាន យើងគ្រាន់តែចាត់ទុកវាជាប្រពភសិន។ យើងធ្វើការផ្ទៀងផ្ទាត់ មុនហ្នឹងផ្សាយឲ្យ វាលំអិត ឲ្យវាមានលក្ខណៈច្បាស់លាស់ជាងហ្នឹង យើងពង្រឹងខ្លួនយើងបានហើយបានន័យថា អ្នកមើលទូទៅគេដឹងថាបើសិនយើងចង់បានព័ត៌មានពិតយើងគួរតែទៅមើលព័ត៌មានបែបអាជីពវិជ្ជាជីវមិនមែនហ្វេសប៊ុកទេ»។

ចាប់តាំងពីឆ្នាំ២០១៥ ដល់ចុងឆ្នាំ២០១៦នេះ មានមនុស្សជាង១០នាក់ហើយ ត្រូវបានចាប់ខ្លួននិងចោទប្រកាន់ ឬផ្ដន្ទាទោស ពាក់ព័ន្ធនឹងការប្រើប្រាស់បណ្ដាញសង្គមហ្វ៊េសប៊ុក ក្នុងនោះយុវជនមួយរូប ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាត់ទោសដាក់ពន្ធនាគារ១ឆ្នាំ៦ខែ ពីបទញុុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ក្រោយយុវជនរូបនេះ លើកឡើងអំពីបដិវត្តន៍ពណ៌នៅក្នុងហ្វេសប៊ុករបស់ខ្លួន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ