តៃវ៉ាន់​ខឹង​សម្បារ​នឹង​ម៉ាឡេស៊ី​បញ្ជូន​ពលរដ្ឋ​ខ្លួន​ទៅ​ចិន​ដី​គោក

កោះតៃវ៉ាន់នៅថ្ងៃនេះបានបង្ហាញ “ការជំទាស់យ៉ាងខ្លាំង” របស់ខ្លួន ទៅនឹងប្រទេសម៉ាឡេស៊ី ដែលបានបណ្ដេញពលរដ្ឋរបស់ខ្លួនចំនួន ២១នាក់ ទៅប្រទេសចិន។ នេះដោយយោងតាមការផ្សាយរបស់ទីភ្នាក់ងារ Reuters។

បើតាម Reuters ពលរដ្ឋតៃវ៉ាន់ទាំង ២១នាក់នោះ ត្រូវបានសង្ស័យថាប្រព្រឹត្តបទល្មើសគំរាមយកប្រាក់ជាច្រើនលានដុល្លារ ដែលនេះគឺជាបញ្ហាថ្មីបំផុតជំរុញឲ្យទំនាក់ទំនងកោះតៃវ៉ាន់ និងប្រទេសម៉ាឡេស៊ីមើលមុខគ្នាមិនត្រង់។

ចំណែកទីភ្នាក់ងារព័ត៌មានរដ្ឋស៊ិនហួររបស់ចិន បានផ្សាយថា ពលរដ្ឋតៃវ៉ាន់ទាំង ២១នាក់នោះ ស្ថិតក្នុងចំណោមជនសង្ស័យបោកប្រាស់ចំនួន ៧៤នាក់ ដែលត្រូវបានប៉ូលិសចិននាំខ្លួនពីប្រទេសម៉ាឡេស៊ី និងបញ្ជូនទៅទីក្រុងអ៊ូហាន ភាគកណ្ដាលប្រទេសចិន កាលពីល្ងាចថ្ងៃម្សិលមិញនេះ។ ចំណែកជនសង្ស័យ ៥៣រូបផ្សេងទៀត គឺជាពលរដ្ឋចិនដីគោកទាំងអស់។

ក្រសួងការបរទេសកោះតៃវ៉ាន់ បានបង្ហាញការសោកស្ដាយ និង “ជំទាស់យ៉ាងខ្លាំងក្លាយ” ចំពោះការសម្រេចបែបនេះរបស់រដ្ឋាភិបាលម៉ាឡេស៊ី។

ក្រសួងការបរទេសតៃវ៉ាន់បាននិយាយនៅលើសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួនថា ប៉ូលិសតៃវ៉ាន់បានធ្វើការជាមួយអាជ្ញាធរម៉ាឡេស៊ី ដើម្បីរៀបចំជនសង្ស័យទាំងនោះ ឲ្យត្រឡប់ទៅកោះតៃវ៉ាន់វិញ ប៉ុន្តែ ថា ក្រុងប៉េកាំងបានដាក់សម្ពាធទៅលើរដ្ឋាភិបាលម៉ាឡេស៊ី ឲ្យបញ្ជូនជនសង្ស័យទាំងអស់ ទៅចិនដីគោក។

ក្រសួងសន្តិសុខចិន បាននិយាយកាលពីខែកញ្ញាកន្លងមកថា ចាប់តាំងពីខែវិច្ឆិកាឆ្នាំមុន ចិនបានសហការជាមួយប៉ូលិសនៅតាមបណ្ដាប្រទេសនានា ដូចជា កេនយ៉ា កម្ពុជា ឡាវ ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី ដើម្បីបំបែកសំបុកឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យាទូរគមនាគមន៍ជាង ៦០ករណី ដោយបានចាប់ខ្លួនមនុស្សជាង ១ពាន់នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ