ទុន​វិនិយោគ​ក្នុង​វិស័យ​សំណង់​បន្ត​កើន​ឡើង​ខ្ពស់ អ្នក​ជំនាញ​នៅ​តែ​មើល​ឃើញ​ឱកាស

សំណង់អគារនៅរាជធានីភ្នំពេញ (ដោយ ទូច សុខា)

របាយការណ៍​ក្រសួង​ដែន​ដី បាន​បង្ហាញ​ថា ទុន​វិនិយោគ​លើ​វិស័យ​សំណង់​នៅ​កម្ពុជា​ក្នុង​រយៈ​ពេល ១០​ខែ​ក្នុង​ឆ្នាំ​២០១៧​នេះ បាន​កើន​ឡើង​ជិត ៣០​ភាគរយ បើធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន ខណៈ​ដែល​អ្នក​ជំនាញ​ក្នុង​វិស័យ​នេះ ពុំ​បារម្ភ​ពី​ផល​ប៉ះ​ពាល់​លើ​វិស័យ​នេះ​កើត​ចេញ​ពី​បញ្ហា​នយោបាយ​នោះ​ឡើយ។

​សន្ទរកថា​របស់​រដ្ឋ​មន្ត្រី​ក្រសួង​រៀបចំ​ដែន​ដី នគរូបនីយកម្ម និង​សំណង់ ​លោក ជា​ សុផារ៉ា សម្រាប់​ថ្លែង​ក្នុង​ថ្ងៃ​បើក​ពិព័ណ៌​ឧស្សាហកម្ម​សំណង់​នៅ​ថ្ងៃ​នេះ បាន​ឲ្យ​ដឹង​ថា កម្ពុជា​ទទួល​បាន​ទុន​វិនិយោគ​ក្នុង​វិស័យ​សំណង់​ប្រហែល ៦,២៦៧​លាន​ដុល្លារ ចាប់​ពី​ខែ​មករា​រហូត​ដល់​ខែ​តុលា​ឆ្នាំ​នេះ ដោយ​បាន​កើន​ឡើង ២៧​ភាគរយ បើធៀប​ទៅ​នឹង​រយៈ​ពេល ១០​ខែ​ក្នុង​ឆ្នាំ​២០១៦​កន្លង​មក។

របាយការណ៍​ក្នុង​​សន្ទរកថា​នោះ ​ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា ក្រុមហ៊ុន​ឯកជន ១០៣៨​ បាន​ចុះ​បញ្ជី​ធ្វើ​អាជីវកម្ម​សំណង់​នៅ​ក្រសួង​មួយ​នេះ​នៅ​ក្នុង​រយៈ​ពេល ១០​ខែ​កន្លង​មក​នេះ ក្នុង​នោះ​មាន​ក្រុមហ៊ុន​វិនិយោគ​ដោយ​ជន​បរទេស​ ៣២៤។

ប្រធាន​សមាគម​អ្នក​សាងសង់​កម្ពុជា​ លោក ពុង ឃាវ​សែ បាន​ឲ្យ​អ្នក​សារព័ត៌មាន​ដឹង​ថា វិស័យ​សំណង់​កម្ពុ​ជា​មាន​ការ​កើន​ឡើង បើ​ទោះ​បី​ជា​បញ្ហា​នយោបាយ​នៅ​កម្ពុជា​ហាក់​មាន​ភាព​រកាំ​រកូស​ក៏​ដោយ​។

​លោក​ថា៖ «ប៉ុន្តែ ​ខ្ញុំ​គិត​ថា ​អ្នក​ដែល​មក​ទិញ​ដី​ អ្នក​ដែល​មក​សាង​សង់ គេ​ដូច​ជា​មិន​សូវ​ចាប់​អារម្មណ៍​រឿង​ហ្នឹង​ទេ។ គេ​នៅ​តែតម្រូវការ​ទី​ផ្សារ​ ពីព្រោះ​ថា ​បើ​យើង​មិន​ទិញ​ គេ​ក៏​មិន​ហ៊ាន​វិនិយោគ​។ មកពី​មាន​គេ​ទិញ​បាន​ជា​មាន​គេ​មក​វិនិយោគ។ នេះ​យើង​មើល​ពី​និន្នា​ការ​អ្នក​វិនិយោគ ​គេ​មិន​ដូច​លើក​មុន​ទេ គេមាន​ខួរ​ក្បាល។ គេ​ក៏​មិន​សូវ​មាន​ការ​បារម្ភ​ យើង​ក៏​មិន​សូវ​មាន​ការ​បារម្ភ​ដែរ»។

នាយក​ប្រតិបត្តិក្រុម​ហ៊ុន​​អចលទ្រព្យ​ KAT APPRAISAL កញ្ញា ចេវ សុគន្ធ បាន​ឲ្យ​វី​អូ​ឌី​ដឹង​ថា និន្នាការ​​តម្រូវ​ការ​អចល​នទ្រព្យ​នៅ​កម្ពុជា​នៅ​តែ​មា​ន​កំណើន ខណៈដែល​តម្លៃ​អច​ល​ន​ទ្រព្យ​ ហាក់​ថយ​ចុះ​បន្តិច​ នៅ​ពេល​ជិត​បោះ​ឆ្នោត។ ទោះ​ជាយ៉ាង​ណា​ កញ្ញា​លើក​ឡើង​ដែរថា បញ្ហា​នយោ​បាយ​នៅ​កម្ពុជា​ មិន​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់​ធ្ងរ​ដល់​វិស័យ​នេះ​ទេ។

កញ្ញា​ថា៖ «សម្រាប់​ការ​យល់​ឃើញ​របស់​ខ្ញុំ​នៅ​ក្នុងវិស័​យ​នេះ នៅ​ក្នុង​ស្ថាន​ភាព​នយោបាយ​ផ្សេង​ ស្ថានភាព​សេដ្ឋ​កិច្ច​ផ្សេង អ្នក​ដែល​មាន​ឱកាស​គាត់​ចេះ​ចាប់​យក​ឱកាស ​គឺ​គាត់មានឱកាស​ច្រើន​ជាងអ្នក​ដែល​គិត​ថា ​វា​ប៉ះពាល់ គាត់​ហ៊ាន​ទិញ ​គឺ​គាត់​ហ៊ាន​ចំណេញ។​ គ្រាន់​តែ​ថា ​ប្រជា​ជន​នៅ​ក្នុង​ស្រុក​ខ្មែរ​យើង​ភាគច្រើន​ ផ្នត់​គំនិត​របស់​គាត់​ច្រើន​តែ​ខ្លាច​ៗសង្គ្រាមខ្លាច​អី​អញ្ចឹង​។ បើ​សម្រាប់​អ្នក​ដែល​មាន​លុ​យ​ គាត់​អត់​អញ្ចឹង​ទេ។ គាត់​គិត​ថា​ ស្ថាន​ភាព​កាន់​តែ​ធ្ងន់​ធ្ងរ ​អ្នក​ដែល​ចាប់​យក​ឱកាស​ពេល​ហ្នឹង​ គឺ​គាត់​ចំណេញ»។

​ទុន​វិនិយោគ​ក្នុង​វិស័យ​សំណង់​កម្ពុជា​កាល​ពី​ឆ្នាំ​២០១៦​កន្លង មាន​ទំហំ ៥៥៧៩​លាន​ដុល្លារ ដោយ​បាន​កើន​ឡើង ៦៨​ភាគរយ បើធៀប​ទៅ​នឹង​ឆ្នាំ​២០១៥ ដែល​ការ​វិនិយោគ​ធំៗ​នាំ​មុខ​ដោយ​ប្រទេស​ចិន កូរ៉េ​ខាង​ត្បូង និង​ជប៉ុន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ