ក្រុមសិទ្ធិមនុស្សអន្ដរជាតិមួយទៀត បានរិះគន់ថា ការបញ្ជាឲ្យបិទមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ធ្វើឡើងដោយពុំត្រឹមត្រូវ និងថាជាការវាយប្រហារបន្ថែមទៀតលើក្រុមអង្គការសង្គមស៊ីវិលក្នុងប្រទេសកម្ពុជា។
អង្គការលើកលែងទោសអន្ដរជាតិ ឬហៅជាភាសាអង់គ្លេសថា Amnesty International កាលពីថ្ងៃពុធម្សិលមិញ បានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសរដ្ឋាភិបាលកម្ពុជា ដែលបានបញ្ជាឲ្យបិទមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា “CCHR” ក្រោមការចោទប្រកាន់ថា បានបម្រើបរទេស និងមានទំនាក់ទំនងជាមួយអតីតមេដឹកនាំបក្សប្រឆាំងលោក កឹម សុខា។
បើតាមសេចក្ដីថ្លែងការណ៍ អង្គការលើកលែងទោសអន្ដរជាតិ លើកឡើងថា ការព្រមានពីលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ធ្វើឡើងដោយគ្មានមូលដ្ឋានច្បាស់លាស់ និងថា បានរំលោភគោលការណ៍ទទួលបានការជម្រះក្ដីដោយយុត្តិធម៌ ដែលត្រូវបានធានាដោយច្បាប់អន្ដរជាតិនានា។
អង្គការ Amnesty International បន្ដថា រដ្ឋាភិបាលនឹងប្រើច្បាប់អង្គការសមាគមថ្មី ដែលធ្លាប់ទទួលរងការរិះគន់យ៉ាងខ្លាំងនោះ ទៅចាត់វិធានការលើមជ្ឈមណ្ឌលសិទ្ធិមនុស្សនេះ និងថា ចំណាត់ការបែបនេះ ជាការបង្ក្រាបរបស់រដ្ឋាភិបាល លើសំឡេងរិះគន់ ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងអង្គការសង្គមស៊ីវិល។
យ៉ាងណាក៏ដោយ អង្គការអន្ដរជាតិមួយនេះស្នើឲ្យអាជ្ញាធរម្ពុជា បើកការស៊ើបអង្កេត មានភាពត្រឹមត្រូវពេញលេញ និងនៅចំពោះមុខស្ថាប័នមួយ ដែលមានឯករាជ្យភាព។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ្រ បានឲ្យ VOD ដឹងថា សេចក្ដីថ្លែងការណ៍របស់អង្គការអន្ដរជាតិ មិនមានឥទ្ធិពលលើកម្ពុជាទេ និងថា រដ្ឋាភិបាលកំពុងបន្ដការស៊ើបអង្កេតលើអង្គការ CCHR នេះ។
ក្រោយការបញ្ជាផ្ទាល់មាត់ពីលោក ហ៊ុន សែន មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានអះអាងថា ខ្លួនប្រកាន់ខ្ជាប់នូវជំហរឯករាជ្យរបស់ខ្លួនពីគណបក្សនយោបាយទាំងអស់ ហើយប្ដេជ្ញាលើកកម្ពស់សិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ត្រូវបានបង្កើតឡើងដោយអតីតប្រធានគណបក្សប្រឆាំង លោក កឹម សុខា នៅឆ្នាំ២០០២ ហើយក្រោយមកលោកបានលាឈប់ និងត្រូវបានដឹកនាំបន្ដដោយលោក អ៊ូ វីរៈ ពីឆ្នាំ២០០៧ ដល់ឆ្នាំ២០១៣។ ហើយលោកស្រី ចក់ សុភាព បានដឹកនាំស្ថាប័នសិទ្ធិមនុស្សនេះ បន្ដរហូតដល់ពេលបច្ចុប្បន្ន៕