ប្រធានអង្គការមួយប្រកាសមិនចូលបំភ្លឺតាមដីកាកោះរបស់តុលាការ

អតីតប្រធានអង្គការសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា លោក ឡេង សេងហុង

អតីតប្រធានអង្គការមួយ ប្រកាសមិនចូលបំភ្លឺតាមដីកាកោះរបស់តុលាការ ដោយអះអាងថា មិនមានជំនឿលើតុលាការ ក្រោយពីប្រធានអង្គការរូបនោះ ត្រូវបានដាក់ឱសានវាទឲ្យចូលបំភ្លឺមុនថ្ងៃព្រហស្សតិ៍នេះ ជុំវិញអ្វី​ដែល​តុលាការ​ហៅ​ថា ញុះញង់ឲ្យមានបទឧក្រិដ្ធ។

អតីតប្រធានអង្គការសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា លោក ឡេង សេងហុង បានបញ្ជាក់តាមបណ្តាញសង្គមថា លោកមិនទៅបំភ្លឺតាមការបញ្ជារបស់តុលាការនោះទេ ដោយថា លោកមិនបានប្រព្រឹត្តិអ្វីខុសឡើយ ហើយលោកនឹងគេចខ្លួនទៅក្រៅប្រទេសដើម្បីសុវត្តិភាព។

លោក ឡេង សេងហុង បានប្រកាសជំហរបាតុកម្មដដែល និងមិនទទួលស្គាល់រដ្ឋាភិបាល ប្រសិនបើគ្មានវត្តគណបក្សប្រឆាំងក្នុងការបោះឆ្នោតឆ្នាំ២០១៨។

លោកសរសេរថា៖ «ខ្ញុំ ឡេង សេងហុង​ អតីតប្រធានសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា សម្រេចថា មិនចូលខ្លួនទៅបំភ្លឺតាមការបញ្ជារបស់តុលាការតេឡេ​លោក​ ហ៊ុន​ សែន​ នោះទេ ព្រោះខ្ញុំមិនបានប្រព្រឹត្តិអ្វីខុសនោះទេ»។

លោក ឡេង សេងហុង ត្រូវព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញលោក សៀង សុខ បង្គាប់ឲ្យចូលខ្លួនទៅបំភ្លឺ​នៅនាយកដ្ឋានសន្តិសុខផ្ទៃក្នុង នៃអគ្គស្នងការនគរបាលជាតិ ឱ្យបានមុនថ្ងៃទី៣០ ខែវិច្ឆិកានេះ ពាក់ព័ន្ធរឿងញុះញង់ឲ្យមានបទឧក្រិដ្ឋជាអាទិ៍។

ការកោះហៅនេះ ធ្វើឡើងបន្ទាប់ពីលោកបានអំពាវនាវ​ឲ្យ​សមាជិក​របស់ខ្លួន ក៏ដូចជាប្រជាពលរដ្ឋខ្មែរ ត្រៀមខ្លួនធ្វើបាតុកម្មប្រឆាំង ក្នុងករណីគណបក្សសង្គ្រោះជាតិត្រូវរំលាយដោយសាលដីកាតុលាការកំពូល។

វិអូឌីមិនអាចសុំការពន្យល់ពីអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាណា បានទេជុំវិញបញ្ហានេះ បន្ទាប់​ពីអតីតប្រធានអង្គការរូបនោះខកខានចូលបំភ្លឺ។

កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ ក្រសួងមហាផ្ទៃបានចេញលិខិតផ្អាកសកម្មភាពរបស់អង្គការសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជាបណ្តោះអាសន្នរយៈពេល ៦០ថ្ងៃ ក្រោមហេតុផលថា អង្គការនេះបានធ្វើសកម្មភាពរំលោភច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលត្រង់មាត្រា ២៤ និងលក្ខន្តិកៈមួយចំនួនដែលតម្កល់នៅក្រសួងមហាផ្ទៃ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ