សភាជ្រើសរើស​សមាជិក គ.ជ.ប. ថ្មី​បីរូប​ ជំនួសអ្នកលាលែងពីតំណែង​

រដ្ឋសភា (គឹម ហុង)

អ្នក​នាំ​ពាក្យ​រដ្ឋសភា បាន​ឲ្យដឹងថា ស្ថាប័ននេះបានម្រេច​ជ្រើសរើសបេក្ខជនចំនួន ៣រូប ដើម្បីជំនួសតំណែងសមាជិក គ.ជ.ប.​ ៣រូប ដែលបានលាលែងពីតំណែង កាល​ពីថ្ងៃ​ទី​២០​ ខែវិច្ឆកា ក្រោយពីតុលាការសម្រេច​រំលាយ​គណបក្សប្រឆំាង។

អគ្គលេខាធិការរដ្ឋសភា លោក ឡេង ប៉េងឡុង បានប្រាប់ VOD នៅថ្ងៃទី៣០ ខែវិច្ឆិកានេះថា  គណៈ​កម្មាធិការ​អចិន្រ្តៃយ៍នាព្រឹកថ្ងៃនេះ បានប្រជុំ​សម្រេច​​ជ្រើស​រើស​បេក្ខជន លោក នុត សុខុម មក​ពី​គណបក្ស​ហ៊្វុនស៊ិនប៉ិច​សម្រាប់​តំណែង​អនុ​ប្រធាន​ គ.ជ.ប. លោក ហ៊ែល សារ៉ាត់ មក​ពី​គណបក្ស​សញ្ជាតិ​កម្ពុជា និង​លោក ឌឹម សុវណ្ណារុំ ប្រធាន​ផ្នែក​ទំនាក់​ទំនង​សាធារណៈ​នៃ​សាលា​ក្ដី​ខែ្មរ​ក្រហម សម្រាប់​តំណែង​សមាជិក គ.ជ.ប.។ លោក​បន្ថែម​ថា សមាជិកថ្មីទំាងបីរូបនោះ មានគ្រប់លក្ខណៈសម្បត្តិ ដែលអាច​ធ្វើការងារនៅក្នុងស្ថាប័ន​​ គ.ជ.ប. បាន។

លោក ប៉េងឡុង បានបញ្ជាក់​ថា បេក្ខជននៃសមាជិក គ.ជ.ប. ថ្មីទំាងបីរូបនេះ នឹងត្រូវ​សភាអនុម័តជាផ្លូវ​ការ នាពេល​សភាប្រជុំពេញ​អង្គ​នៅ​ពេល​ខាងមុខ​នេះ ប៉ុន្តែ លោក​មិនបា​ន​បញ្ជាក់​ពីពេល​វេលា​ច្បា​ស់​លាស់នោះទេ។

សភា​បាន​សម្រេច​ជ្រើស​រើស​ក្បាល​ម៉ាស៊ីន​ដឹកនាំ​ ៣​រូប​ថ្មី​សម្រាប់ គ.ជ.ប. បន្ទាប់​ពី​អនុ​ប្រធាន​ គ.ជ.ប. លោក គួយ ប៊ុនរឿន ​សមាជិក​ គ.ជ.ប. លោក រ៉ុង ឈុន និង​លោកស្រី តែ ម៉ានីរ៉ុង មក​ពី​កូតា​​គណបក្ស​សង្គ្រោះ​ជាតិ បានដាក់​ពាក្យ​លាលែង​ពី​តំណែង​​ កាល​ពីថ្ងៃទី២០ ខែវិច្ឆិកា ដោយ​ថា ពួកគេ​មិន​អាច​បន្ត​ក្បត់​ឧត្តម​គតិ មនសិការ និង​ជាប់​ឈ្មោះ​អាក្រក់​ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា​​។

ក្រោយ​មកបានពីរថ្ងៃ លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន បាន​បង្ហើប​ឲ្យ​ដឹង​ថា​ សមាជិក​ គ.ជ.ប ថ្មី នឹង​មាន​សមា​ជិក​​ភាព ​ចេញពី​បក្សនយោបាយ​ពីរ និងចេញពីមន្ត្រី​សង្គម​ស៊ីវិលម្នាក់​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ