ឧក្រិដ្ឋជន​សង្គ្រាម​ក្រូអាត​បូស្នី​ស្លាប់​ក្រោយ​ផឹក​ថ្នាំ​ពុល​ក្នុង​បន្ទប់​សវនាការ

ដោយ លោក សូរ្យ ជ័យឧត្ដម​​ | ថ្ងៃព្រហស្បតិ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧​ ម៉ោង 10:04 AM | អន្តរជាតិ | 0 | 8594

ឧក្រិដ្ឋជន​សង្គ្រាម​ប៊ូស្នី​ក្រូអាត បាន​ស្លាប់​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ បន្ទាប់​ពី​គេ​មើល​ឃើញ​ថា ឧក្រិដ្ឋជន​រូប​នោះ ហាក់​បាន​ផឹក​ថ្នាំ​ពុល​នៅ​ក្នុង​បន្ទប់​សវនាការ ក្រោយ​ពី​ក្រុម​ចៅក្រម​អង្គការ​សហ​ប្រជាជាតិ បាន​សម្រេច​រក្សា​សាល​ក្រម​ដាក់​ទោស​រូប​លោក​ឲ្យ​គុក ២០​ឆ្នាំ។ នេះ​ដោយ​យោង​តាម​ការ​ចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP​ ដែល​បាន​ដក​ស្រង់​សេចក្ដី​រាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្រូអាត។

ការ​សម្លាប់​ខ្លួន​ឧក្រិដ្ឋជន​សង្គ្រាម​រូប​នេះ បាន​ធ្វើ​ឲ្យ​តុលាការ​អន្តរជាតិ​របស់​អង្គការ​សហ​ប្រជាជាតិ ធ្លាក់​ទៅ​ក្នុង​សភាព​ច្របូក​ច្របល់ នៅក្នុង​ដំណើរការ​ក្ដី​ចុងក្រោយ​របស់​ខ្លួន។

ដោយ​បាន​ដក​ស្រង់​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​ក្រូអាត ទីភ្នាក់ងារ​ព័ត៌មាន Reuters បាន​រាយការណ៍​ថា លោក ស្លូបូដាន ប្រាលចាក អាយុ ៧២​ឆ្នាំ បាន​ស្លាប់​នៅ​ក្នុង​មន្ទីរ​ពេទ្យ បន្ទាប់​ពី​លោក​ផឹក​ទឹក​ក្នុង​ដប​ខ្មៅ​មួយ នៅ​ឯ​សវនការ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​នៅ​ទីក្រុង​ឡាអេ​សម្រាប់​កាត់​ក្ដី​អតីត​របប​ដឹកនាំ​យូកូស្លាវី។

បន្ទាប់​ពី​ក្រុម​ចៅក្រម​សម្រេច​តម្កល់​ទោស​លោក​ដែល​បាន​សម្រេច​ឲ្យ​ជាប់​គុក ២០​ឆ្នាំ​កាល​ពី​ឆ្នាំ​២០១៣​នោះ លោក ប្រាលចាក អតីត​មេបញ្ជាការ​យោធា​ក្រូអាត​បូស្នី បាន​ស្រែក​ទាំង​កំហឹង​ថា រូប​លោក​មិន​មែន​ជា​ឧក្រិដ្ឋជន​ទេ ហើយ​លោក​ច្រាន​ចោល​សេចក្ដី​សម្រេច​របស់​តុលាការ។

បន្ទាប់​មក លោក​ក៏​បាន​លើក​ទឹក​មួយ​ដប​តូច​ផឹក នៅ​ក្រោម​ការ​តាម​ចាប់​រូបភាព​ពី​កាមេរ៉ា​សុវត្ថិភាព​ ដែល​ត្រូវ​បាន​ដាក់​នៅ​ក្នុង​បន្ទប់​សវនការ​ សម្រាប់​កាត់​ក្ដី​មេដឹកនាំ​នយោបាយ និង​យោធា​ក្រូអាត​បូស្នី ៦​រូប។

សវនាការ​នោះ បន្ទាប់​មក​ត្រូវ​បាន​លើក​ពេល​ជា​បន្ទាន់ បន្ទាប់​ពី​មេធាវី​របស់​លោក ប្រាលចាក ស្រែក​ថា កូន​ក្ដី​លោក​បាន​និយាយ​ថា បាន​ផឹក​ថ្នាំ​ពុល។

អាជ្ញាធរ​ប្រទេស​ហូឡង់ នៅ​ពេល​នេះ បាន​ចាប់​ផ្ដើម​ការ​ស៊ើប​អង្កេត​មួយ​ទៅ​ក្នុង​ករណី​នេះ៕

សរសេរមកកាន់ លោក សូរ្យ ជ័យឧត្ដម តាមរយៈ oudom@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required