រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​​សន្តិសុខជូននាយករដ្ឋមន្ត្រីនិងភរិយា

ដោយ លោក ហ៊ុន សិរីវឌ្ឍន៍​​ | ថ្ងៃព្រហស្បតិ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧​ ម៉ោង 11:36 AM | សន្ដិសុខ | 0 | 18636 លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយារបស់លោក រៀបចំពិធីបូងសួងកាលពីពេលកន្លង (រូបភាពពី gettyimages)

រដ្ឋាភិបាលកម្ពុជាបាន​សម្រេច​បង្កើត​ក្រុម​ការ​ងារចុះ​រៀប​ចំកិច្ចការ​សន្តិសុខ​ សុវត្ថិភាព សម្រាប់​​នាយករដ្ឋមន្ត្រី និងភរិយា នៅតាម​គោល​ដៅ​ប្រារព្ធ​ពិធី​ក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា ខណៈស្ថាន​ការ​នយោបាយ​​​កំពុងមានភាព​តាន​តឹង។

ក្នុង​សេចក្តី​សម្រេច​មួយចុះ​ថ្ងៃ​ទី២០តុលាឆ្នាំ​២០១៧ ដែល​វី​អូ​ឌីទើប​ទទួល​បាន ​រដ្ឋាភិបាលកម្ពុជា បាន​សម្រេចបង្កើត​ក្រុម​ការ​ងារ​ចុះ​រៀប​ចំ​កិច្ច​ការ​សន្តិ​សុខ សុវត្ថិភាព ជូន​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ភរិយា ​នៅ​គ្រប់​គោល​ដៅ​ ដែល​អ្នក​ទាំងពីរ​អញ្ចើញ​ចូល​រួម​ប្រារព្ធពិធីនានា ​ក្នុង​ព្រះ​រាជាណា​ចក្រ​កម្ពុជា ដោយ​នៅក្នុងសេចក្តី​សម្រេច​នោះ​ រដ្ឋាភិបាល បញ្ជាក់​ថា នេះ​ជា​តម្រូវ​ការ​ចាំ​បាច់​។

បើតាមសេចក្តីសម្រេចដដែល ក្រុមការ​ងារ​សន្តិសុខចំនួន​១៥​នាក់ ដែល​ដឹក​នាំ​ដោយ​រដ្ឋលេខា​ធិការ​ក្រសួង​មុខងារសាធារណៈ លោក យូ ស៊ុនឡុង និងអគ្គ​មេ​បញ្ជា​ការ​រង​នៃ​កង​យុទ្ធពល​ខេមរភូមិន្ទ លោក ហ៊ីង ប៊ុនហៀង។ ហើយ ក្នុង​នោះ ​ក៏មាន​​កូន​ប្រុសទាំង​ពីរ​ របស់លោក ហ៊ុន សែន ​គឺលោក ហ៊ុន ម៉ាណែត និង​ ហ៊ុន ម៉ានិត ផង​នោះ ដែលពួកគេ ក៏​មាន​ភារ​កិច្ច​ចុះដឹក​នាំ​បញ្ជា ដោះស្រាយ​ និង​ទប់ស្កាត់​រាល់​បញ្ហា ​ដែល​កើត​មាន​ឡើង​ជា​យថា​ហេតុ នៅ​​គ្រប់​ទិស​ដៅ​ប្រារព្ធ​​ពិធី​ផ្សេង​ៗរបស់លោកនាយក​រដ្ឋ​មន្ត្រី និង​ភរិយា។

បើ​ពិនិត្យ​ទៅ​លើ​ថ្ងៃ ​ដែលរដ្ឋាភិបាល​ សម្រេច​បង្កើត​ក្រុម​ការងារ​នេះ គឺបានធ្វើឡើង​ចំ​ពេល​​ ដែលមានសេចក្តី​ស្នើកែ​ច្បាប់​បោះឆ្នោត​ចំនួន​៤ ខណៈតុលាការកំពូល កំពុងពិនិត្យ​បណ្តឹង​រំលាយអតីតគណបក្សសង្គ្រោះជាតិ។

វីអូឌី នៅមិនទាន់អាចសុំការអត្ថាធិប្បាយបន្ថែមណាមួយ ពីសមាជិកក្រុមការងារសន្តិសុខនោះនៅឡើយទេ។ ប៉ុន្តែ ជារឿយៗ គេសង្គេតឃើញមានការរឹតបន្តឹងសន្តិសុខយ៉ាងតឹងរឹងស្ទើគ្រប់ទីកន្លែង និងពេលវេលា ក្នុងរាជធានីភ្នំពេញ ជាពិសេសនៅក្នុងពេលមានពិធីថ្នាក់ជាតិម្តងៗ។

ចំពោះអ្នកស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍ​សង្គម​ លោក ​មាស នី មានប្រសាសន៍ថា ​ការ​រៀប​ចំ​ក្រុម​ការ​ងារ​សន្តិសុខ​ ខណៈ​ស្ថា​ន​ការ​នយោបាយ​កំពុង​តាន​តឹង​នេះ ​អាច​បណ្តាល​មក​ពី​ការ​បារម្ភពី​សុវត្ថិភាព​របស់​នាយករដ្ឋមន្ត្រី នៅពេលមានការ​រំលាយ​គណបក្សសង្គ្រោះ​ជាតិ ​ដែល​មាន​ប្រជា​ពល​រដ្ឋ​គាំទ្រ​ជាង​ពាក់​កណ្តាល​ប្រទេស​នោះ៕

សរសេរមកកាន់ លោក ហ៊ុន សិរីវឌ្ឍន៍ តាមរយៈ sirivadh@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required