អ្នកជំនាញ​បារម្ភពី​ប្រសិទ្ធិភាព​​នៃវិធានការថ្មីលើបទល្មើសនេសាទ

អ្ន​ក​ធ្វើ​ការ​ទាក់ទង​នឹង​ជល​ផល​បាន​សាទរ​ចំពោះ​វិធានការ​​របស់​រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​ដែល​បាន​ដាក់​ចេញ​ថ្មី​នេះទាក់​ទង​នឹង​ការ​បង្ក្រាប​បទ​ល្មើស​ជល​ផល​ តែ​ពួកគេ​បារម្ភ​ថា​មាន​ប្រសិទ្ធិភាព​តែ​មួយ​រយៈពេល​ខ្លី ។

កាលពី​ថ្ងៃ​ទី​២៨ ខែ​ធ្នូ​កន្លង​ទៅ​ រដ្ឋ​មន្ត្រី​ក្រសួ​ង​មហា​ផ្ទៃ​លោក ស ខេង បានថ្លែង​ថា​រាជរដ្ឋាភិបាល​បាន​សម្រេច​បង្កើត​ក្រុម​ការ​ងារ​មួយ​ដើម្បីបង្ក្រាប​បទ​ល្មើស​នេសាទ​នៅ​ក្នុង​បឹង​ទន្លេសាប ក្នុងនោះ​លោក​ថា​លោក​នឹង​ជិះ​យន្ត​ហោះ​ដើម្បី​ពិនិត្យមើលពី​លើ​បឹង​ទន្លេសាប​២សប្តាហ៍​ម្តង​ឬ​១ខែ​ម្តង​ផង​ដែរ។ លើសពី​នេះ​​​លោកក៏​បាន​​ព្រមានដក​អភិបាល​ខេត្ត​ចំនួន​៥ដែល​នៅជុំ​វិញ​បឹង​ទន្លេ​សាប​ដែល​មិន​អាច​ទប់​ស្កាត់​បទ​​ល្មើសនេសាទបាន។

អ្នក​ធ្វើ​ការ​ទាក់​ទង​នឹង​ជល​ផល​បាន​សារទ​​ចំពោះ​វិធាន​ការណ៍​នេះ​តែ​បារម្ភ​ថា​​មាន​ប្រសិទ្ធិភាព​រយៈពេលខ្លី និង​បាន​រិះគន់​ទៅ​លើ​កា​រអនុវត្តន៍​ច្បាប់​ពី​មុន​ដែល​ថា​មិន​សូវ​មាន​ប្រសិទ្ធិភាព។​

ប្រធាន​សម្ព័ន្ធ​ប្រជា​នេសាទ​កម្ពុជាលោក ឡុង សូចែត យល់​ថា​វិធាន​ដែល​រដ្ឋ​ដាក់​ចេញនេះ​គួរ​តែ​មាន​ការ​អនុវត្តន៍ជា​ជាង​ការ​ដាក់​មាន​តែ​វិធានការ​ណ៍​ហើយ​ការ​អនុវត្តន៍គ្មាន​​។ លោក​បន្ថែម​ថា​លោកមិន​សូវ​ជា​មាន​ជំនឿ​លើការអនុវត្តន៍​របស់​រដ្ឋ​នៅ​ពេល​នេះ​នោះ​ទេដោយ​ថា​ វិធាន​ការ​ច្បាប់​ដែល​បាន​ចែង​ជាក់​លាក់​ហើយ​ តែ​ការអនុវត្តន៍​វិញ​បែរ​ជា​មិន​សូរ​តឹង​រឹង​ដូចដែល​មាន​ក្នុង​​ច្បាប់​នោះ​ទេ។

លោកមាន​ប្រសាសន៍​ថា « គ្រាន់តែមានប្រសាសន៍តែបើគាត់មិនអនុវត្តន៍ទេវាអត់អស់ទេព្រោះបទល្មើសពិបាកណាស់ យើងមើលស្ថានភាពឆ្នាំ២០១៦នេះ ការទប់ស្កាត់របស់ជំនាញរបស់អីគឺគាត់ទប់ស្កាត់គគ្រឹកគ្រេងពេញបឹងទន្លេសាបបទល្មើសនៅតែកើតមានដដែល។ វាពិបាកណាស់! បើយើងសង្ឃឹមតែលើយន្តការណ៍នៃការទប់ស្កាត់មិនងាយទេបទល្មើសនេសាទនោះ ព្រោះធម្មតាការទប់ស្កាត់ទៅត្រលប់មកពីទប់ស្កាត់វិញចេះតែធ្វើទៅដោយសារតែការអនុវត្តន៍ច្បាប់ដូចជាការផ្តន្ទាទោស អញ្ចឹងណាស់ »

លោក​ថា​ប្រសិនជា​ការ​អនុវត្តន៍​នោះ​មិន​មាន​វិធាន​ការផ្លូវ​ច្បាប់​ទៅ​លើ​អ្នក​ប្រព្រឹត្តិ​ល្មើ​សនោះ​ទេ​មិន​អាចធ្វើ​ឲ្យ​ការ​ទប់​​ស្កាត់​នោះ​មាន​ប្រសិទ្ធិភាព​នោះ​ទេ លើសពី​នេះ​ទៀត​​ស្ទើតែ​មិន​ចាំ​បាច់​បង្កើត​ក្រុម​ការ​ងារ​ ឬក៏​មាន​ការ​ធ្វើ​ដំណើរ​តាម​យន្ត​ហោះ​របស់​លោក​ ស ខេង នោះ​ទេប្រសិន​បើ​ការ​អនុវត្តន៍​ច្បាប់​ដែល​មានបច្ចុប្បន្ន​​នោះ​តឹង​រឹង។

​ខុស​គ្នាបន្តិច​​ពី​លោក សូចែត អ្នក​សម្របសម្រួល​ អង្គការ​អភិវឌ្ឍន៍​ធន​ធាន​ជល​ផល លោក មិញ ប៊ុនលី មាន​ប្រសាសន៍​ថា​លោកគាំទ្រ​ឲ្យ​មាន​វិធាន​ការ​នេះ តែ​លោក​បារម្ភ​ថា​វិធាន​ការ​ទាំង​នោះ​មាន​ប្រសិទ្ធិភាព​តែ​មួយ​រយៈ និង​ថវិការ​សម្រាប់​គាំទ្រ​ក្រុម​ការ​ងារ​ដើម្បី​ធ្វើ​ការ​តាម​វិធាន​ការ​នេះ។

លោក​ថា « អ្វីដែលយើងព្រួយបារម្ភយើងខ្លាចតែយុទ្ធនាការនេះ ផែនការនេះគឺបានតែរយៈពេលខ្លីនោះប្រសិនជាយើងបន្តទៅចេះតែមានបន្តទៅអ្នកនេសាទក៏យើងអាចរកបាន សម្រាប់ទទួលទានសម្រាប់រស់នៅបានល្អ ហើយធន​​ធាននោះក៏អាចនៅបានយូរអង្វែងដែរ។ យើងខ្លាចតែមានយន្តការតែខ្វះថវិការក្នុងការធ្វើប្រតិបត្តិការទាំង​​ជំនាញ ទាំងក្រុមការងារហ្នឹងបើមិនមានថវិការទេ ក៏អាចជួបឧបសគ្គដែរ »

លោក​បន្ថែម​ថា​​ កន្លង​ទៅ​មានច្បាប់​​សម្រាប់​ឲ្យ​អនុវត្តន៍​តែលោក​សង្កេតឃើញ​ថា​មាន​កត្តាមួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​ការ​អនុវត្តន៍​ច្បាប់​នោះមិន​មាន​ប្រសិទ្ធ​ភាព ​គឺ​បណ្តាល​មក​ពី​អ្នក​អនុវត្តន៍​ច្បាប់ ហើយ​មួយ​ចំនូន​ទៀត​កើត​ឡើង​ពី​ប្រជា​ពល​រដ្ឋ​។

លោក​ថា « វាមានកត្តាជាច្រើនយ៉ាងគឺទីមួយគឺទាក់ទងនឹងការអនុវត្តន៍ច្បាប់របស់មន្ត្រីដែលកាន់ច្បាប់ហ្នឹងទីពីរគឺពាក់ព័ន្ធនឹងរឿងនយោបាយដែលគាត់គិតមុខគិតក្រោយខ្លាចបាត់បង់ប្រជាបិយអីអញ្ចឹង ហើយទីទាក់ទងនឹងតម្រូវការមួយចំនួនដែលគាត់មិនបានគិតគូរពី ផលប្រយោជន៍វែងឆ្ឆាយដែលគាត់មិនបានគិតដល់កូនចៅជំនាន់ក្រោយរបស់គាត់នោះ គាត់គិតថាមិចឲ្យតែបានមានហូបចុកជំនាន់នេះ គាត់ធ្វើឧបករណ៍ខុសច្បាប់ឲ្យតែបានដោយមិនបានគិតគូរដល់អនាគតកូនចៅរបស់គាត់ »

ឧបករណ៍នេសាទ​ដែលត្រូវបានក្រសួងកសិកម្មហាមឃាត់ពី​ការ​ប្រើប្រាស់ និង​លក់​ដូរ​តាំងពីឆ្នាំ២០១២ មាន​ដូចជា​ឧបករណ៍​លប​​ឬវ៉ាវ(ប) ឧបករណ៍អួនឬមង រួមផ្សំភ្លើងឲ្យត្រីកុំ(ឈ្មក់) អួនអូសទឹកសាប​និងការនេសាទ​ដោយប្រើ​ឈិបយន្ត​​ជា​ដើម​ត្រូវ​បាន​ហាម​ឃាត់​នឹង​ត្រូវ​ចាត់​វិធាន​ការ​តឹង​រឹង​ចំពោះ​អ្នក​ប្រើ​ប្រាស់​ឧបករណ៍​ទាំង​នេះ។

ទាំង​លោក​ឡុង​ សូចែត និង​លោក មិញ ប៊ុនលី ថាប្រសិន​មិន​អាច​បង្ក្រាប​ការ​នេសាទ​​ខុសច្បាប់​នោះ​បាន​ទេ នឹង​អាច​ធ្វើឲ្យ​បាត់​បង់​ពូជ​ត្រី ប្រជា​នេសាទ​ដែល​រស់​នៅប្រកប​របរ​រកស៊ី​ដោយ​សារ​ត្រី​នោះ​ក៏​បាត់​បង់​ការ​ងារនិង​ប្រាក់​ចំនូល​តាម​នោះ​ផង​ដែរ។ ​

អ្នក​ឃ្លាំ​មើល​ពី​ការ​អភិវឌ្ឍន៍​សង្គ​​ម​លោកបណ្ឌិត​ មាស នី សង្កេតឃើញ​ថា​​កន្លង​មក​លោក​ឃើញ​រដ្ឋា​ភិ​បាល​​តែ​ង​តែ​ដាក់​ចេញ​វិធាន​ការ​ជាច្រើន​តែ​ចុង​ក្រោយ​វិធាន​ការ​ទាំង​នោះ​ហាក់​ដូច​ជា​សាប​រលាប​ទៅ​វិញ​ ហើយ​ចំពោះ​វិធាន​ការ​លើក​នេះ​ក៏​លោក​មិន​សង្ឃឹម​ថា​រដ្ឋាភិបាល​អាច​អនុវត្តន៍​បាន​ពេញ​ទំហឹង​នោះ​ទេ ដែលគ្រាន់តែ​ជាការ​ល្អ​មើល​។

លោក​ថា «លោកថាពីបទពិសោធពីមុនមកខ្ញុំអត់មានជំនឿទេហើយមិនមែនត្រឹមខ្ញុំទេ ពលរដ្ឋដទៃទៀតក៏គេគិតដូចខ្ញុំអញ្ចឹងដែរ ព្រោះអីពីមុនមកយើងថាវាអត់បានជោគជ័យ ព្រៃឈើរហូតមកដល់ពេលនេះគឹនៅតែកាប់ដដែល វិស័យជលផលក៏ដូចគ្នាដែរខ្ញុំចង់ឃើញឲ្យរដ្ឋាភិបាលហ្នឹងមិនមែនខ្ញុំប្រឆាំងទេ តែឃើញ​​ថាធ្វើហ្នឹងល្អហើយប៉ុន្តែ កុំតែថាហើយថាហើយមិនធ្វើ ហើយធ្វើហើយតែបន្តិចហើយឈប់ មានតែធ្វើដែរតែធនធានធម្មជាតិនៅតែហិនហោចដែរ»

​លោក​មាស នី ​ឲ្យ​ជា​យោ​បល់ថា បើ​មាន​តែ​ការ​អនុវត្តន៍​ហើយ​មិន​បាន​ជម្រុញ​ឲ្យ​មាន​ចូល​រួម​ជា​មួយប្រជា​ពល​រដ្ឋដែល​នៅ​តាម​សហគមន៍​​នោះគឺ​វិធាន​ការ​ដែល​ដាក់​នោះ​មិន​មាន​ប្រសិទ្ធិភាព​នោះ​ទេ។លើស​ពី​នេះ​ទៀតលោកថាត្រូវ​មាន​វិធាន​ការ​ច្បាប់​តឹងរឹង​ទៅ​លើ​មន្ត្រី​ណា​ដែល​ហ៊ាន​ប្រព្រិត្តឹ​អំពើ​ពុក​រលួយ​ នោះ​លោក​ជឿថា​ប្រសិទ្ធិភាព​នៃ​ការ​អនុវត្តន៍​វិធាន​ការ​នោះ​ប្រាកដ​ជា​បាន​ជោគ​ជ័យ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ