ក្រសួងយុត្តិធម៌ថានឹងប្ដេជ្ញាតាមចាប់មេខ្លោងគ្រឿងញៀនយកមកផ្តន្ទាទោស

ក្រសួងយុត្តិធម៌

ក្រសួងយុត្តិធម៌ អះអាងថានឹងខិតខំស្រាវជ្រាវវែកមុខមេខ្លោងជួញដូរគ្រឿងញៀនមកផ្ដន្ទាទោសឲ្យបាន ខណៈអ្នកវិភាគស្នើឲ្យរដ្ឋាភិបាលមានការប្ដេជ្ញាចិត្ត និងលះបង់ខ្ពស់។

ក្រសួងយុត្ដិធម៌ នៅថ្ងៃសុក្រ ទី៣០ ធ្នូនេះ បានរៀបចំបើកកិច្ចប្រជុំមួយស្ដីអំពីយុទ្ធនាការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន បទល្មើសធនធានធម្មជាតិ  និងបទល្មើសជលផលនៅទូទាំងប្រទេសកម្ពុជាសម្រាប់ឆ្នាំ២០១៧។

នៅក្នុងកិច្ចប្រជុំនេះ មន្រ្តីបញ្ជាក់ថា ទោះកម្ពុជាមិនមែនជាប្រទេសផលិតគ្រឿងញៀនក៏ដោយ ប៉ុន្ដែសកម្មភាពលួចលាក់នាំចូលសារធាតុញៀនខុសច្បាប់នៅតែបន្ដកើតមានពីក្រៅប្រទេស ដូចជា មកពីទ្វីបអាហ្វិក និងអាមេរិកខាងត្បូង ខណៈការចរាចរ និងជួញដូរគ្រឿងញៀនក្នុងស្រុកក៏កើនឡើងខ្ពស់។

លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្ដិធម៌ បានឲ្យដឹងថា កិច្ចប្រជុំនេះមានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នតុលាការ និងអាជ្ញាធរមានសមត្ថកិច្ច ពិសេសដើម្បីបង្រ្កាបបទល្មើសគ្រឿងញៀន និងមេខ្លោងជួញដូរធំៗ មកដាក់ទោសតាមច្បាប់។

លោកមានប្រសាសន៍ថា៖ «ប្ដេជ្ញាថា នៅឆមាសទី១ ដើមឆ្នាំ២០១៧ យើងនឹងធ្វើឲ្យចេញជារូបរាង ចេញជាលទ្ធផល បានន័យថាបទល្មើសធំៗ ឈ្មួញធំៗ គឺត្រូវតែបានចាប់យកមកដាក់ទោសទណ្ឌ។ ដោយកន្លងមក យើងឃើញថាអាចមានតែចាប់ត្រឹមតូចតាច ឬអ្នកប្រើប្រាស់អីតិចតួច ក៏ប៉ុន្ដែនៅក្នុងយុទ្ធនាការនេះ គឺថាអ្នកដែលពាក់ព័ន្ធ ឈ្មួញធំៗ ឧក្រិដ្ឋជនធំៗ ត្រូវតែចាប់យកមកផ្តន្ទាទោសឲ្យបាន»

លោកបន្ដថា ដើម្បីសម្រេចគោលដៅនេះបាន គឺត្រូវមានការចូលរួមពីគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងការអនុវត្ដគោលការណ៍សំខាន់ៗមួយចំនួន ដូចជា -ស្រាវជ្រាវរកមេខ្លោង និងបណ្ដាញជួញដូរគ្រឿងញៀនឆ្លងដែន -បើកយុទ្ធនាការបោសសម្អាតក្រុមជួញដូរ និងអ្នកប្រើប្រាស់គ្រឿងញៀន -គ្រប់គ្រង និងបង្រ្កាបការផលិត កែច្នៃ ឬនាំចូលវត្ថុធាតុដើមក្នុងដែនសមត្ថកិច្ចរបស់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និង-អនុវត្តវិធានច្បាប់ឲ្យបានម៉ឺងម៉ាត់។

លោក គឹម សុខ អ្នកឃ្លាំងមើលការអភិវឌ្ឍន៍សង្គម និងនយោបាយ បានសាទរចំពោះចំណាត់ការនេះ ប៉ុន្ដែលោកថារដ្ឋាភិបាលត្រូវមានការប្ដេជ្ញាចិត្តឲ្យបានម៉ឺងម៉ាត់ ជាជាងចេះតែនិយាយឲ្យពិរោះស្ដាប់។

លោកថា៖ «ការនិយាយ ការប្ដេជ្ញា វាដូចជាការសរសេរលើក្រដាសអ៊ីចឹង វាអត់បានផលអីទេ។ ជាផលសម្រាប់ប្រទេសជាតិ ទាល់តែយើងប្ដេជ្ញា ហើយយើងធ្វើជាក់ស្ដែង។ មិនមែនដូចដែលលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ធ្វើកន្លងមក រឿងគ្រឿងញៀនបែរជាសុំឲ្យ ប៉ាគីអាវ មកជួយអប់រំ រឿងអស់ហ្នឹង វាទៅមិនរួចទេ»

លោកសង្កត់ធ្ងន់ថា បញ្ហាគ្រឿងញៀននៅកម្ពុជា គឺជាស្មុគស្មាញ និងស៊ីជម្រៅ ដោយលោកថាបើរដ្ឋាភិបាលពិតជាចង់ចាប់ខ្លួនមេឈ្មួញគ្រឿងញៀនមែន លុះណារដ្ឋាភិបាលហ៊ានលះបង់ខ្ពស់ ដោយថាបើចាប់ប៉ះចំមន្ដ្រីណា គឺត្រូវយកមន្ដ្រីនោះមកផ្ដន្ទាទោស។

លោកថា៖ «បើសិនជាគាត់ហ៊ានលះបង់ខ្ពស់ ហើយចាត់វិធានការតឹងរ៉ឹង គឺប៉ះអ្នកណា ក៏គាត់ត្រូវធ្វើ អាហ្នឹងបានអាចចាត់វិធានការកម្ចាត់គ្រឿងញៀននៅប្រទេសកម្ពុជា»

សេចក្ដីសម្រេចរបស់រដ្ឋាភិបាលចុះថ្ងៃទី៣ ធ្នូ ឆ្នាំ២០១៦ បញ្ជាក់ថាផែនការប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកទី១ មានរយៈពេល៦ខែ គឺចាប់ពីថ្ងៃទី១ មករា ដល់ថ្ងៃទី៣០ មិថុនា ឆ្នាំ២០១៧៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ