ព្រឹកថ្ងៃសុក្រនេះសាសនិកឥស្លាមប្រហែលខ្ទង់ពាន់នាក់ ឡើងមកពីតាមបណ្តាខេត្តមកថតរូបជុំគ្នាដោយសម្តែងមតិថា ពួកគេប្រឆាំងដាច់ខាតទៅនឹងគំរោងធ្វើផ្លូវកាត់ដីវិហារឥស្លាមនៅតំបន់បឹងកក់។
បន្ទាប់ពីថ្វាយបង្គំចប់នៅម៉ោងជាង១២ថ្ងៃត្រង់ ក្រុមសាសនិកឥស្លាមទាំងប្រុសទាំងស្រី ទាំងអ្នកនៅក្នុង និងនៅក្រៅវិហារស្រាប់ផង បាននាំគ្នាចេញមកឈរនៅខាងមុខវិហារ កាន់បដាដែលមានខ្លឹមសារ មិនគាំទ្រគម្រោងធ្វើផ្លូវពុះកាត់បរិវេណដីវិហារឥស្លាមអាល់សើរកាល់ បឹងកក់។ ចំណែកឯបដាខ្លះទៀតសរសេរសុំអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ស្ត្រីខ្មែរឥស្លាមម្នាក់មកពីខេត្តត្បូងឃ្មុំនៅតែអះអាងថា វិហារត្រូវការភាពស្ងប់ស្ងាត់ ម្យ៉ាងទៀតក៏មិនប្រឆាំងនឹងគំរោងធ្វើផ្លូវទេ តែសំណូមពរឲ្យអែបទៅជាប់របង ។ កញ្ញាបន្តប្រាប់ថា អ្នកដែលមិនគាំទ្រមកពីតាមខេត្តច្រើនឡានណាស់ សុទ្ធតែប្រជាពលរដ្ឋធម្មតា កញ្ញាថា «អ្នកដែលមិនគាំទ្រធ្វើផ្លូវគាត់គ្រាន់តែចង់មានអនុស្សាវរីយ៍ថតជុំគ្នា ព្រោះនេះជាប្រវត្តិសាស្ត្រដែលកន្លងមកអត់ដែលមានសាសនិកឥស្លាមណាទៅគាំទ្រឲ្យធ្វើផ្លូវពុះដីវិហារឥស្លាម។ ពួកខ្ញុំមានច្បាប់ទំលាប់ថា ដីវិហារ ទីវិហារ ជាផ្ទះរបស់អុលឡោះ(ផ្ទះរបស់ព្រះជាម្ចាស់)»។
កញ្ញាបន្ថែមទៀតថា កន្លងមកបានជួបនិយាយគ្នាច្រើនតែមិនចុះសម្រុងគ្នាសោះ ទោះជាមានការប្រជុំ អ៊ីម៉ាំមកពីទូទាំងប្រទេសអនុម័តឲ្យសាលារាជធានីបន្តអនុវត្តគំរោងធ្វើផ្លូវ R4 កាលពីថ្ងៃទី២៦កន្លងទៅក៏ដោយ កញ្ញាថា «គាត់លើកដៃគាត់តំណាង ប៉ុន្តែគាត់អត់បានចុះទៅតាមភូមិសង្កាត់មួយៗសួរថាតើពួកយើងគាំទ្រអត់ ពួកញ៉ុមអត់គាំទ្រទេ តែបែរជាគាត់ចេញមុនថាតំណាង ថាពួកញ៉ុមគាំទ្រ អញ្ចឹងពួកយើងមិនគាំទ្រទេ ពួកយើងមកដោយផ្ទាល់ថាពួកយើងមិនគាំទ្រទេ»។
ភ្លាមៗនៅពេលមានការជួបជុំថតរូបនៅមុខវិហារ លោក អូស្មាន ហាស្សាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បដិសេធមិនឆ្លើយសំណួរអ្នកសារព័ត៌មានឡើយ។
វីអូឌីមិនអាចទាក់ទងសំភាសន៍តាមទូរស័ព្ទទៅ លោក ឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញបានទេនៅរសៀលនេះ។
កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ មានកិច្ចប្រជុំគណៈអ៊ីម៉ាំគ្រប់ថ្នាក់តំណាងឥស្លាមទូទាំងប្រទេសស្តីពីការធ្វើផ្លូវកាត់ដីវិហារឥស្លាមអាល់សើរកាល់បឹងកក់ភ្នំពេញ នៅបន្ទប់ក្រោមវិហារ។ អង្គប្រជុំបានប្រកាសថា អនុម័តជាឯកច្ឆ័ន្ទ ដោយបន្តឲ្យសាលារាជធានីភ្នំពេញសង់ផ្លូវកាត់ដីវិហារអាល់សើរកាល់បឹងកក់។