ព្រឹត្តិការណ៍ក្តៅជាងគេឆ្នាំ២០១៦គឺការបាញ់សម្លាប់ លោក កែម ឡី

ពិធីបុណ្យសពលោកបណ្ឌិត កែម ឡី ដែលបានប្រារព្ធឡើងនៅវត្តចាស់កាលពីពេលកន្លងទៅ

ក្នុងរយៈពេលពេញមួយឆ្នាំ២០១៦នេះ គឺមានព្រឹត្តិការណ៍ក្តៅៗមួយចំនួនបានកើតឡើង ហើយ​​ដែលធ្វើឲ្យ​មាន​ការ​កក្រើកឡើងពីស្រទាប់មហាជនទាំងនៅប្រទេសកម្ពុជានិងលើកឆាកអន្តរជាតិ។

ព្រឹត្តិការណ៍ក្តៅនោះគឺករណីបាញ់សម្លាប់ លោកបណ្ឌិត កែម ឡី អ្នកវិភាគបញ្ហាសង្គម​ដែល​ល្បី​ឈ្មោះមួយរូប។លោកគឺអ្នកជំនាញស្រាវជ្រាវពីការអភិវឌ្ឍន៍សង្គម ហើយបានប្រឡូក​ការងារ​ជាច្រើនជាមួយរដ្ឋាភិបាល និងស្ថានប័នឯកជន ពិសេសអង្គការមិនមែនរដ្ឋាភិបាល។

លោក កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់​នៅក្នុង​ស្តាម៉ាតមួយ​កន្លែង​នៃស្ថានីយប្រេង​សាំង​ស្តុបបូកគោ

បុរស ដែលសមត្ថកិច្ចចាប់បាននិងថាជាខ្មាន់កំាភ្លើងបាញ់សម្លាប់លោក កែម ឡី​

កាលពីថ្ងៃទី១០​ខែកក្កដា។ការ​បាត់​បង់ លោក កែម ឡី បានធ្វើ​ឲ្យ​​មហាជន​រាប់​លាន​សម្តែងការ​សោកស្តាយ តាមរយៈការចូលរួម​ហែសពរបស់​លោក​ទៅកាន់​ខេត្ត្​​តាកែវ​ដែល​មនុស្សចូលរួមខ្ទង់២លាននាក់។

ជាង៥​​ខែ​មកហើយ​ យុត្តិធម៌សម្រាប់​លោក កែម ឡី នៅមិនទាន់​រកឃើញនៅឡើយ ខណៈ​តុលាការ​បានបិទបញ្ចប់​ការស៊ើបសួរលើ​សំណុំរឿងនេះ ដោយមានជនសង្ស័យតែម្នាក់​គត់​ដែល​សមត្ថកិច្ចថាឈ្មោះ ជួប សម្លាប់ ដែលត្រូវបានបង្ហាញមុខ។

ចំណែកបញ្ហានយោបាយដែល​មានការ​ចាប់​អារម្មណ៍ច្រើន​នៅ​ឆ្នាំនេះ គឺការ​បើក​កកាយ​រឿង​អាស្រូវស្នេហា ដែល​គេថាជាទំនាក់ទំនង រវាងលោក កឹម សុខា មេដឹនាំគណបក្សប្រឆាំង ជាមួយ​នារីម្នាក់ហៅថា ស្រីមុំ។

កញ្ញា ខុម ចាន់តារាទី និង​លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្រ្គោះជាតិ​

សំណុំរឿងឯកជនមួយនេះបានក្លាយទៅជារឿង​នយោបាយ​ដ៏ចម្រូងចម្រាស់មួយ​ដែល​ឈាន​ទៅ​ដល់​ការ​​ចាប់​ឃុំ​ខ្លួន​មន្រ្តីការពារសិទ្ធិ​មនុស្សអាដហុក​ចំនួន៤រូប និង​មន្រ្តីគជប ម្នាក់​គឺលោក នី​ ចរិយា។

ដោយសារតែគេមើលឃើញថា ការ​ចាប់​ខ្លួន​មន្រ្តីសិទ្ធិមនុស្សទាំងនោះថា ជារឿង​នយោបាយ សកម្មជន​ដីធ្លី​បាននាំគ្នាធ្វើ​យុទ្ធនាការ​មួយឈ្មោះ Black Monday ​ដោយ​នាំគ្នាពាក់​អាវ​ខ្មៅ​រៀងរាល់​ថ្ងៃចន្ទ។​យុទ្ធនាការ​​នោះគឺទាមទារឲ្យដោះលែង​អ្នកឃុំទាំង៥រូប និង​អ្នកស្រី ទេព វន្នី សកម្ម​ជន​បឹងកក់។ប៉ុន្តែជាញឹកញាប់​ស្រ្តីសកម្មជនដីធ្លីដែល​ធ្វើ​យុទ្ធនាការ​តែង​ត្រូវបាន​អាជ្ញាធរចាប់​ឃាត់​ខ្លួន និង​បោះទៅលើ​ឡាន។

សំណុំរឿងស្នេហាឯកជននេះ ធ្វើឲ្យ លោក កឹម សុខា ត្រូវឃុំខ្លួនឯងនៅក្នុង​ទី​ស្នាក់​ការបក្សអស់រយៈពេលប្រហែល​៥ខែ ហើយបាន​តុលាការកាត់​ទោស​​ក្រោម​បទ​ចោទថា បដិសេធ​មិន​ចូល​ខ្លួន​បំភ្លឺទាក់ទងរឿង​ស្នេហានោះ។

យ៉ាងណាក៏ដោយ​បន្ទាប់ពីការ​សម្រប​សម្រួលនយោបាយ លោក កឹម សុខា ត្រូវបានព្រះ​មហា​ក្សត្រ​លើកលែង

ប្រធានគណបក្ស​សង្រ្គោះជាតិ លោក សម រង្ស៊ី (ធ្វេង) និ​ងលោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីកន្លងទៅ​

ទោស ហើយ​លោក ហ៊ុន សែន បានប្រកាស​ចាប់ដៃគូសន្ទនាជាមួយ​ប្រធាន​ស្តីទី​គណបក្សសង្រ្គោះជាតិរូបនេះ ដោយ​ផាត់ លោក សម រង្ស៊ី ដែលកំពុងនៅក្រៅប្រទេសនោះចោល។

សង្រ្គាមពាក្យ​សំដីរវាង លោក ហ៊ុន សែន និង​លោក សម រង្ស៊ី បានកក្រើក​ឡើងវិញ​នៅ​ឆ្នាំ​នេះ ហើយ​តុលាការ​ក៏បានបន្ត​កាត់ទោស ​លោក សម រង្ស៊ី ដាក់​ពន្ធនាគារ៥ឆ្នាំបន្ថែមទៀតលើ​សំណុំ​រឿង​​ថ្មី ទាក់ទងនឹងការ​បង្ហោះ​សន្ធិសញ្ញាព្រំដែន​កម្ពុជានិង​វៀតណាម​ឆ្នាំ១៩៧៩។

កញ្ញា ធី សុវណ្ណថា និងលោក ហ៊ុន ​សែន (ហ្វេសប៊ុក)
កញ្ញា ធី សុវណ្ណថា និងលោក ហ៊ុន ​សែន

នៅឆ្នាំនេះ សារឆ្លងឆ្លើយដែលគេជឿថាជាសាររបស់លោក ហ៊ុន សែន និង ធី សុវណ្ណថា ត្រូវបានគេផ្សព្វផ្សាយដោយក្នុងការសន្ទនានោះ លោក ហ៊ុន សែន និង ធី សុវណ្ណ បានប្រើពាក្យថា “តានិងចៅ” ដោយបាននិយាយពីរឿងផ្ទាល់ខ្លួនមួយចំនួន ប៉ុន្តែភាគច្រើនផ្តោតសំខាន់លើយុទ្ធសាស្ត្របំបែកបំបាក់គណបក្សប្រឆាំង។

កិច្ចសន្ទនានោះក៏បាននិយាយផងដែរ ពីការផ្តល់លុយខ្ទង់មួយ១លានដុល្លារដល់ ធី សុវណ្ណថា ដើម្បីបំបែកបំបាក់មេដឹកនាំគណបក្សសង្រ្គោះជាតិ។

ការបែកធ្លាយសារសន្ទនានេះគឺកើតឡើងតែប្រហែលមួយសប្តាហ៍ បន្ទាប់ពីនាយករដ្ឋមន្រ្តីកម្ពុជានិងវៀតណាមបានឯកភាពគ្នាប្តូរខ្នាតផែនពី១លើ១០០ពាន់ទៅ១លើ៥០ពាន់ ខណៈការព្រមព្រៀងនេះធ្វើឲ្យការរិះគន់ថា ធ្វើឲ្យកម្ពុជាចាញ់ប្រៀបវៀតណាម។

បើទោះជានៅឆ្នាំនេះ គណបក្សប្រឆាំងបានធ្វើពហិកាជាច្រើនខែមិនចូលសភាដោយ​សំអាងថា  មានការភ័យពីសុវត្ថិភាពក៏ដោយ តែប្រធានគណៈកម្មការជំនាញនៃរដ្ឋសភា​មកពីគណបក្សសង្រ្គោះជាតិ បានកោះហៅ​រដ្ឋមន្រ្តី​មួយចំនួនទៅបំភ្លឺផងដែរ។

ក្រុមសង្គមស៊ីវិលស្នើជួប​មន្រ្តីទូតសិង្ហបុរីពិភាក្សា​ពីការបូមខ្សាច់នៅកម្ពុជា​

រដ្ឋមន្រ្តីក្រសួងរ៉ែ និង​ថាមពល ត្រូវបានចោទសួរពីតួលេខខុសគ្នា​នៃ​បរិមាណ​ខ្សាច់​ដែល​នាំទៅលក់​ក្រៅ​ប្រទេស

ដោយតួលេខពីខាងនាយកដ្ឋានស្ថិតិពាណិជ្ជកម្មរបស់រដ្ឋាភិបាលសិង្ហបុរី បានបង្ហាញថា ខ្សាច់ចំនួន

៧២.៨លានតោន ត្រូវបាននាំចេញពីប្រទេសកម្ពុជា ចូលទៅប្រទេសសិង្ហបុរី តែ​ក្រសួងរ៉ែ កម្ពុជាថាមាន២.៨លានតោន។

គម្រោងធ្វើផ្លូវកាត់​វិហារ​អ៊ីស្លាម នៅបឹងកក់ ក៏បានក្លាយជារឿង​ចាប់​អារម្មណ៍មួយដែរ ដោយ​សារ​មនុស្សមួយក្រុម​បាន​នាំគ្នាផ្តួល​រំលំ​របង​ការដ្ឋានផ្លូវនោះ ខណៈខ្មែរអ៊ីស្លាម​មួយ​ក្រុម​មិន​គាំទ្រ​ឲ្យសាលារាជធានី​ធ្វើ​ផ្លូវ​កាត់​កន្លែង​ថ្វាយ​បង្គំព្រះរបស់ពួកគេ។

ឆ្នាំ២០១៦ក៏ឆ្នាំមួយដែលរឿងមិនធ្លាប់​កើតបានកើតឡើងផងដែរ នោះគឺមន្រ្តីនគរបាល​ម្នាក់​នៅ​ច្រក​អន្តរជាតិ​ប៉ោយប៉ែត បានដួលនៅមុខរថយន្តរបស់​មន្រ្តីបក្សប្រឆាំង ខណៈ​មាន​ការ​ឃាត់​រថយន្ត លោក ឌិន ពុទ្ធី។

ប៉ូលិសដួលមុខឡានមន្ដ្រីគណបក្សសង្គ្រោះជាតិ (ហ្វេសប៊ុក Sor Chandeth)
ប៉ូលិសដួលមុខឡានមន្ដ្រីគណបក្សសង្គ្រោះជាតិ 

តាមវីដេអូ ដែលថតបង្ហោះលើ​ហ្វេសប៊ុក បង្ហាញថា នគរបាលស័ក្ត៤ ​ឈ្មោះ ឈាន ពិសិដ្ឋ បាន​ផ្តួល​ខ្លួន​ឯង​នៅ​មុខ​រថយន្តម៉ាក លិចស៊ីសមួយគ្រឿង ដែល​មហាជន​ចាត់​ទុកថា ជាការ​លែង​ល្បិច​របស់នគរបាលរូបនោះ​ដើម្បី​ចាប់​ខ្លួន​មន្រ្តីបក្សប្រឆាំង។

យ៉ាងណាក៏ដោយទាំងតុលាការ​ខេត្តបន្ទាយមានជ័យ និង​ក្រសួងមហាផ្ទៃបាន​ការពារ​​ន​គរ​បាល​​​រូបនោះថាពិតជាត្រូវឡានបុក មិនមែនធ្វើពុធនោះទេ បើទោះជាមហាជនបានចាត់ទុក​ថា​ជារឿង​ហួសចិត្តមួយ។

ងាកមករឿង​ល្អៗវិញ នៅឆ្នាំ២០១៦ គឺឆ្នាំប្រវត្តិសាស្ត្រមួយ​ដែល​លោកនាយករដ្ឋមន្រ្តី និង​ព្រះមហាក្សត្រ បានយាងតាម​ផ្លូវ​រថភ្លើង​ជាលើក​ដំបូង​ទៅកាន់​ក្រុង​ព្រះសីហនុ ក្រោយ​ខក​ខាន​ដំណើរ​ការ​៣០ឆ្នាំមកនោះ។

 

ឆ្នាំនេះអ្នកនយោបាយកាន់អំណាចបានប្តូរយុទ្ធសាស្ត្ររបស់ខ្លួន​ដែល​ធ្លាប់​តែធ្វើឲ្យ​ប្រជាជន​ខ្លាច​ទៅ​ជាការបង្ហាញភាព​ស្និទស្នាលទៅវិញ។លោក ហ៊ុន សែន បានបើកយុទ្ធនាការ​ចុះ​តាម​មូលដ្ឋាន​ស្ទើរគ្រប់​ខេត្ត-ក្រុងដោយ​បង្ហាញថា លោកមានភាពសាមញ្ញជាមួយប្រជន តាមរយៈការហូប​នុះបញ្ចុក តាម​អំរែក ការ​ហូប​គុយទាវ នៅតាមផ្សារ និងការ​យក​តាស៊ីក្លូ ធ្វើជាឳពុកធម៌។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ