គ្មានជំនួបកំពូលនៅខែធ្នូនេះដូចការគ្រោងទុកដើម្បីដោះលែ​​ងអ្នក​ការពារ​សិទ្ធិម​នុស្ស

លោក កឹម សុខា និងលោក ហ៊ុន សែន​កាល​ពី​ពេល​កន្លង​ទៅ​ (រូបថត Fresh​​​ News)

មន្ត្រីបក្សកាន់អំណាច និងបក្សប្រឆាំង អះអាងប្រហាក់ប្រហែលគ្នាថា គ្មានជំនួបកំពូលណាមួយ ធ្វើឡើង នៅចុងខែធ្នូ ឆ្នាំ២០១៦នេះទេ ដើម្បីឈានទៅដោះលែងអ្នក​ការ​ពា​រ​សិ​ទ្ធិ​ម​​​នុ​​ស្ស ដូចដែ​​លបានអះអាងកាលពីពេលកន្លងទៅនោះទេ។

កាលពីថ្ងៃទី៧ខែធ្នូ លោក ហ៊ុន សែន និងលោក កឹម សុខា បានចាប់ដៃ​គ្នាក្នុងកិច្ចប្រជុំ​ស​ភាពេញអង្គ។ បន្ទាប់​មកពួកគេបានជួបពិភាក្សាគ្នា ក្នុងបន្ទប់បិទជិតមួយ ដាច់ដោយឡែក។

បើទោះបីជំនួបដ៏កម្រ របស់មេដឹកនាំទាំងពីរពេលនោះ មិនត្រូវបានគេទម្លាលឲ្យដឹងក៏ដោយ ក៍​ប៉ុន្តែ​ម​ន្ត្រី​​ជាន់ខ្ពស់ ​គ​ណ​​បក្សប្រជាជន លោក ស ខេង បានបង្ហើបឲ្យអ្នកសារព័ត៌មានដឹងថា «បើ​តា​​​​ម​​លោក ដឹងប្រ​ហែ​​ល​​​​ជា​មុនដំណាច់ខែធ្នូនេះ នឹងមានការដោះស្រា​យករណី​មន្ត្រីសិទ្ធិ​ម​នុស្ស  នឹ​ងអ​គ្គ​លេខាធិការរង គ.ជ.ប»។

មន្ត្រីការពារសិទ្ធិមនុស្សអាដហុក៤រូបគឺ លោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ងដា និងលោកស្រី លឹម មុនី និងមន្ត្រី គ.ជ.ប លោក នី ចរិយា ត្រូវបានតុលា​ការ ​សម្រេច​ឲ្យឃុំ​ខ្លួននៅ​ពន្ធ​គារបណ្តោះអាសន្នជិត៨ខែមកហើយ ចោទប្រកាន់ពីបទសូកប៉ាន់សាក្សីពាក់ព័ន្ធនឹង សំណុំរឿ​​ង​ស្នេ​ហា​ដ៏ចម្រូងចម្រាស់ជាមួយ របស់មេដឹកនាំគណបក្សប្រឆាំង លោក កឹម សុខា ដែល​គេចាត់​ទុក​ថាជា​រឿ​ង​ន​​​យោបាយ។

មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង ឲ្យ VOD ដឹងនៅថ្ងៃទី៣០ខែធ្នូឆ្នាំ២០១៦ ថា គណបក្ស​​​លោក​គ្មានព័ត៌មានណាមួយ ពីគណបក្សប្រជាជនកម្ពុជា ដើម្បីពិភាក្សាគ្នា ឈានទៅដោះ​​លែងមន្ត្រី​អង្គការ​ស​​​ង្គ​​ម​ស៊ីវិលដូចដែលបានគ្រោងទុកនេះទេហើយក៏គ្មានការបញ្ជាក់ពីមូលហេ​តុនៃការលុ​ប​ចោ​​​​លគម្រោងនេះដែរ។

លោកថា៖ «បើកាលណាមានជំនួបគេប្រកាសហើយកុំទៅខ្វល់ច្រើនពេក ព្រោះកូនសោមិ​នមែនស្ថិត​នៅ​លើ​គ​ណបក្សសង្គ្រោះជាតិឯណា?»

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន អះអាងប្រហាក់ប្រហែលដែរថា គ្មានព័ត៌មាន​ស្តី​ពី​ជំ​នួ​បកំពូលថ្មី រវាងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា និងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិទេ។

អ្ន​កនំាពាក្យរូបនោះបញ្ជាក់ថា បើមានជំនួបក៏គ្មានលទ្ធផលដែរ ដោយថារដ្ឋាភិបាល នឹងមិនអាច​ផ្តល់​ដំ​ណោះ​​​​​ស្រាយណាមួយរំលោភលើនីតិវិធី របស់តុលាការទេ។

លោកថា៖ «ខ្ញុំយល់ថាបើជួបគ្នាក៏អត់អាចដោះស្រាយអីបានដែរ ពីព្រោះតុលាការមិនទាន់បញ្ចប់នីតិវិធីទេ  រឿង​ពាក់​ព័ន្ធនឹងចំនួនមនុស្សប៉ុន្មាននាក់ហ្នឹង បាទ»

អ្នកគ្រប់គ្រងផ្នែកអង្កេតនៅអង្គការលីកាដូ លោក អំ សំអាត លើកឡើងថា ការអនុវត្តច្បាប់ជារឿងមួយ ប៉ុ​ន្តែ​លោកថា ជាការកត់សម្ភាល់នៅកម្ពុជា ឆន្ទះនយោបាយជាប្រសិទ្ធិភាព បំផុតដែលជំរុញ​ឲ្យមន្ត្រីយុត្តិ​ធ​ម៌​​​ពេលខ្លះធ្វើ​ការទាំងយប់។

លោកថា៖ «បើគេត្រូវរ៉ូវគ្នា គេចង់ដោះលែងមិនពិបាកទេ រឿងតុលាការគេធ្វើតាមនីតិវិធីគឺ​គេជំរុញយ៉ាងលឿ​នបំ​ផុ​តហើយ រឿងខ្លះគេដោះលែងទាំងយប់ក៏មានដែរ»

បើ​​តាមលោក អំ សំអាត អ្នកនយោបាយគួតែបន្តស្វែងរកជួបគ្នា ឈប់ប្រើប្រាស់ប្រព័​ន្ធតុលាការ​ធ្វើ​ជាឧ​បក​រណ៍នយោបាយ ដែលលោកថាដើម្បី​ពន្លឿនការដោះ​លែងអ្នកទោ​សមនសិកាដែ​លកំ​ពុងជា​ប់ឃុំ និង​ឈា​​​នទៅពង្រឹងឯករាជ្យភាព របស់តុលាការ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ