ក្នុងពិធីប្រកាសប័ណ្ណសរសើរ និងពានក្រោមការរៀបចំរបស់ក្រុមហ៊ុន Legend Cinema កាលពីល្ងាចថ្ងៃទី២៩ ធ្នូ នៅផ្សារទំនើបTK បានបង្ហាញយ៉ាងច្បាស់ថាក្នុងចំណោមភាពយន្តដែលបានចរាចរណ៍នៅគ្រប់បណ្ដារោងកុនរបស់Legend នៅទូទាំងប្រទេស គឺរឿងរបស់ផលិតករអ្នកស្រី អែនជេលីណាជូលី ក្រោមចំណងជើងថា«មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ»បានក្លាយជារឿងដែលជាប់ពានរហូតដល់ទៅ៣ បូករួមទាំងពានជារឿងដែលមានតារាឆ្នើមប្រចាំឆ្នាំនៅក្នុងនោះផង។ នេះជាពាន និងប័ណ្ណសរសើរមួយថ្មីដែលភាពយន្តនេះទទួលបាន បន្ទាប់ពីពេលកន្លងមកទទួលបានពានកិត្តិយសរាប់មិនអស់រួចមកហើយ នៅក្នុងព្រឹត្តិការណ៍ថ្នាក់ជាតិ និងអន្តរជាតិ ថាជារឿងដែលល្អទាំងគុណភាព និងសាច់រឿងនោះ។
លោកស្រី គាវ ឆាវ៉េត អ្នកតំណាងរោងភាពយន្តលីជេនទួលគោក បានថ្លែងបញ្ជាក់ថានេះជាឆ្នាំទី២ហើយ ដែលក្រុមហ៊ុនរោងកុនរបស់អ្នកស្រីបានរៀបចំពិធីប្រគល់ពាន និងប័ណ្ណសរសើរ ដើម្បីលើកទឹកចិត្តដល់ភាពយន្តខ្មែរ និងតារាសម្ដែងខ្មែរ ដែលមានស្នាដៃ តាមរយៈការបញ្ចាំងរឿងនៅគ្រប់រោងកុនរបស់លីជេន នៅទូទាំងប្រទេស។ តាមការបញ្ជាក់ក្នុងចំណោមភាពយន្តដែលមានចរាចរណ៍ដាក់បញ្ចាំងនៅក្នុងរោងកុនទាំំងអស់របស់លីជេន គឺមានតែ១០រឿងប៉ុណ្ណោះ ដែលត្រូវបានជ្រើសរើសជារឿងដែលទទួលបានប្រាក់ចំណូលច្រើនជាងគេពីការបញ្ចាំង ខណៈដែលភាពយន្តទាំង១០នោះ គឺមាន៥រឿងជាស្នាដៃរបស់ផលិតករខ្មែរ និង៥រឿងទៀតគឺជាស្នាដៃរបស់បរទេស។
អ្នកស្រីថាភាពយន្តខ្មែរដែលមានប្រាក់ចំណូល ឬមានប្រជាប្រិយភាពខ្លាំងនាំមុខគេសម្រាប់ឆ្នាំ២០១៧នេះ រួមមានភាពយន្តរឿង«មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» រឿង«ទឹកចិត្តម្ដាយសម័យថ្មី» រឿង«ហ្លួងព្រះស្ដេចកន» រឿង«ជួបស៊យ» និងរឿង«Jailbreak ការពារឧក្រិដ្ឋជន» ។ ដោយឡែកសម្រាប់ភាពយន្តបរទេសចំនួន៥ដែលទទួលបានប្រាក់ចំណូលច្រើនជាងគេប្រចាំឆ្នាំ ឬមានប្រជាប្រិយភាពជាងគេ រួមមានភាពយន្តហូលីវូដរឿង«Fast and Furious 8» រឿង«Anabelle Creation» និង រឿង«Thor-Ragnarok» ខណៈដែលភាពយន្តថៃមានចំនួន២រឿងគឺរឿង«ក្រុមតន្ត្រីស្រុកស្រែ Slum Boys» និងរឿង«សិស្សឆ្នើមកំពូលល្បិច Bad Genius »។
អ្នកស្រីថាភាពយន្តទាំំង១០ដែលទទួលបានប្រាក់ចំណូលច្រើនជាងគេប្រចាំក្រុមហ៊ុនលីជេននេះ ត្រូវបានដាក់បង្ហោះអោយមានការបោះឆ្នោតជាសាធារណៈ ដោយក្នុងនោះតារាសម្ដែងលេចធ្លោប្រចាំភាពយន្តនីមួយៗ ក៏ត្រូវបានដាក់អោយបោះឆ្នោតផងដែរ ដើម្បីកំណត់ថាភាពយន្តណា ឬតារាសម្ដែងណា ទទួលបានប្រជាប្រិយភាពជាងគេ។ លោកស្រីថាក្រោយបោះឆ្នោតពីសាធារណជនភាពយន្តដែលទទួលបានប្រជាប្រិយភាពនាំមុខគេក្នុងចំណោមភាពយន្តទាំង១០ ដែលមានប្រាក់ចំណូលខ្ពស់ជាងគេ បានទៅលើភាពយន្តរឿង«មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» ដោយភាពយន្តនេះ ទទួលបានពានចំនួន៣គឺពាន ជាភាពយន្តដែលមានតារាសម្ដែងឆ្នើមជាងគេ ដែលបានទៅលើអ្នកនាងស្វែង សុជាតា និងពានចំនួន២ទៀត គឺពានជាភាពយន្តខ្មែរដែលមានប្រជាប្រិយភាពជាងគេប្រចាំឆ្នាំ ក្នុងចំណោមភាពយន្តខ្មែរទាំងអស់ដែលបានដំណើរការដាក់បញ្ចាំងនៅគ្រប់រោងកុនលីជេន និងជាភាពយន្តឆ្នើមនាំគេប្រចាំឆ្នាំ ក្នុងចំណោមភាពយន្តទាំងខ្មែរ និងបរទេសនៅគ្រប់រោងកុនរបស់លីជេន។
លោកស្រីថា ក្រោយការបោះឆ្នោត គឺមានតែភាពយន្តនេះប៉ុណ្ណោះ ដែលឈ្នះបានសំលេងគាំទ្រពីការបោះឆ្នោត ដោយលទ្ធផលនោះអ្នកស្រីថាមិនមែនជាការកំណត់របស់ក្រុមហ៊ុនលីជេនទេ ប៉ុន្តែជាការសម្រេចរបស់មហាជន បន្ទាប់ពីក្រុមហ៊ុនបានសម្រេចអោយមានពិធីបោះឆ្នោតនោះឡើង។ អ្នកស្រីបានបង្ហាញការអបអរយ៉ាងខ្លាំង ចំពោះភាពយន្តដ៏ល្បីល្បាញមួយនេះ បើទោះជាផលិតករពិតប្រាកដគឺអ្នកស្រីអែនជេលីណាជូលី ដែលមិនមែនជាជនជាតិខ្មែរក្ដី។ យ៉ាងណាមិញ អ្នកស្រីក៏បានកោតសរសើរផងដែរ ដល់ភាពយន្តខ្មែរចំនួន៤ទៀត ដែលបានក្លាយជាភាពយន្តមានប្រាក់ចំណូលច្រើនជាងគេក្នុងចំណោម៥រឿង ហើយត្រូវបានអ្នកលេងហ្វេសប៊ុកធ្វើការបោះឆ្នោតក្នុងសន្ទស្សន៍ច្រើនផងដែរ បើទោះជាមិនបានជាប់ពានព្រោះតែរឿង«មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ»ដណ្ដើមយកអស់៣ពានទៅហើយ ក្នុងចំណោមទាំង៣ពានដែលបានកំណត់ឡើង។ លោកស្រីថាក្នុងឆ្នាំបន្តបន្ទាប់ កម្មវិធីនេះនឹងធ្វើពិធីប្រគល់ពានអោយបានច្រើនផ្នែក ដើម្បីផ្ដល់ឱកាសអោយផលិតករកម្ពុជាទទួលបានពានអោយបានច្រើន ដើម្បីជាការលើកទឹកចិត្ត។
អ្នកនាង ស្វែង សុជាតា ដែលត្រូវបានប្រកាសថាជាតារាសម្ដែងឆ្នើមប្រចាឆ្នាំ២០១៧ដោយក្រុមហ៊ុនលីជេន តាមរយៈការសម្ដែងក្នុងរឿង«មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» បានថ្លែងបញ្ជាក់ថានេះជាពានកិត្តិយសមួយថ្មីដែលអ្នកនាងបានទទួល បន្ទាប់ពីកាលពីមុនក៏ទទួលបានពានមួយនេះពីក្រុមផលិតករភាពយន្តផងដែរ។
យ៉ាងណាមិញ អ្នកនាងថានេះជាពានដែលរំលឹកអោយមហាជនបានស្គាល់ពីការប្រឹងប្រែងរបស់អ្នកនាង បន្ទាប់ពីភាពយន្តមួយនេះត្រូវបានស្ងប់ស្ងាត់ពីការកញ្ជ្រោលដោយសំឡេងគាំទ្រ។ អ្នកនាងថាសប្បាយចិត្តណាស់ដែល ភាពយន្តមួយនេះបានក្លាយជាភាពយន្តដែលមានការពេញនិយមជាងគេក្នុងចំណោមភាពយន្តខ្មែរ និងក្នុងចំណោមភាពយន្តបរទេសនៅគ្រប់រោងកុនលីជេន ដែលលទ្ធផលនេះបើទោះជាមិនឆ្លុះបញ្ចាំងពីការបោះឆ្នោតនៅទូទាំងប្រទេស ក៏មានន័យថាជាកិត្តិយសមិនធម្មតាផងដែរ ព្រោះតែភាពយន្តរបស់លីជេនមានច្រើន ហើយទស្សនិកជនក៏ច្រើននៅទូទាំងប្រទេស៕