ពលរដ្ឋ៤ខេត្តដែលរងផលប៉ះពាល់ដោយក្រុមហ៊ុនចំការអំពៅរកកិច្ចអន្តរាគមន៍ពីនាយករដ្ឋមន្រ្តី

ប្រជាសហគមន៍មកពីខេត្តចំនួន៤ ដែលអះអាងថារងផលប៉ះពាល់ដោយសារក្រុមហ៊ុនចំការអំពៅរកកិច្ច អន្តរាគមន៍ពីលោកនាយករដ្ឋមន្រ្តីឲ្យជួយដោះស្រាយបញ្ហាដីធ្លីជូនពួកគេ ខណៈជម្លោះខ្លះបានអូសបន្លាយជិត១០ឆ្នាំគ្មានដំណោះស្រាយ។

ពលរដ្ឋប្រមាណ៥០០នាក់មកខេត្តកំពង់ស្ពឺ កោះកុង ព្រះវិហារ និងឧត្តរមានជ័យ នៅព្រឹកថ្ងៃទី៣១ មករាឆ្នាំ២០១៧នេះ នាំគ្នាយកញត្តិមកនៅ ខុទ្ទកាល័យនាយករដ្ឋ ដើម្បីសុំលោក ហ៊ុន សែន ពន្លឿនការចុះហត្ថលេខាលើក្របខណ្ឌ ការងារមួយដែលបង្កើតដោយរដ្ឋាភិបាល និងសហភាពអ៊ឺរ៉ុបសម្រាប់ដោះស្រាយផលប៉ះពាល់ នៃគម្រោងវិនិយោគអភិវឌ្ឍន៍ដំណាំអំពៅ។

ក្រុមពលរដ្ឋឲ្យដឹងថា គម្រោងផ្តល់ដីសម្បទានសេដ្ឋកិច្ចទៅឲ្យក្រុមហ៊ុនវិនិយោគដំាអំពៅពេល កន្លងមកបានបង្ករផលប៉ះពាល់ដល់ពលរដ្ឋរាប់រយគ្រួសារដូចជា ការរំលោភយកដីធ្លី ការ បណ្តេញចេញទាំងបង្ខំជាដើម។

តំណាងពលរដ្ឋមកពីខេត្តកំពង់ស្ពឺលោក សឹង សុខុម ឲ្យដឹងថា ពលរដ្ឋក្នុងសហគមន៍របស់លោក ជាង៧០០គ្រួសារមានជម្លោះជាមួយក្រុមហ៊ុនស្ករអំពៅ ភ្នំពេញស៊ូហ្គឺ និងកំពង់ស្ពឺស៊ូហ្គឺ ជិត១០ឆ្នាំហើយមិនទាន់ទទួលបានដំណោស្រាយទេ។

លោកបន្ថែមថា៖ «មកដាក់ញត្តិដើម្បីឲ្យលោកនាយករដ្ឋមន្រ្តីធ្វើការពិចារណាចុះហត្ថលេខាលើ ការវាយតម្លៃផលប៉ះពាល់ដីធ្លីប្រជាពលរដ្ឋលើឧស្សាហកម្មដំណាំអំពៅ ព្រោះដំណើរការរបស់ គណៈកម្មការអន្តរក្រសួង និងសហភាពអ៊ឺរ៉ុបបានរៀបចំរួចហើយចាំតែសម្តេចគាត់ចុះហត្ថ លេខាទៅលើរឿងហ្នឹងទេ»។

លោកបន្តថា ការអូសបន្លាយមិនដោះស្រាយនេះបានធ្វើឲ្យប្រជាពលរដ្ឋធ្លាក់ខ្លួនក្រីក្រ និងជំពាក់បំណុលគេជាដើម។

តំណាងប្រជាពលរដ្ឋម្នាក់ទៀតមកខេត្តឧត្តរមានជ័យ លោក ស្មិត តិ និយាយថា ពលរដ្ឋក្នុង ខេត្តនេះប្រមាណ៥០០គ្រួសារមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនដាំអំពៅមួយឈ្មោះថា មីត ផល រយៈពេលជាង១០ឆ្នាំហើយ ដោយអាជ្ញាធរខេត្តមិនទាន់ដោះណោះស្រាយជូន ពលរដ្ឋទេ បើទោះជាពេលនេះក្រុមហ៊ុននោះបានដកចេញហើយក៍ដោយ។

លោកបន្ថែមថា៖ «ផលប៉ះពាល់ជាមួយប្រជាពលរដ្ឋមានជាច្រើនទាក់ទងទៅនឹងជីវភាពរបស់ ប្រជាពលរដ្ឋ កាលពីមុនដំបូងឡើយដែលរដ្ឋាភិបាលយើងមិនទាក់ដាក់ដីសម្បទានសេដ្ឋកិច្ច ជាមួយក្រុមហ៊ុនប្រជាពលរដ្ឋអាចរកមុខរបរបានច្រើនដូចជារកអនុផលព្រៃឈើ ធ្វើការស្រែ ចំការជាដើម ដល់ពេលក្រុមហ៊ុនចូលមកប្រជាពលរដ្ឋខ្វះខាតរកស៊ីអត់បាន។ តាមការពិត ពួកខ្ញុំត្រូវការដីយើងមកវិញ និងសំណងខូចខាតនៃការអាស្រ័យផលនៅលើដីពួកយើងរយៈពេលប៉ុន្មានឆ្នាំនោះដែលសំណងជាលុយនោះយើងចង់បានពីក្រុមហ៊ុន មីត ផលដីយើងចង់ បានពីរដ្ឋាភិបាល»។

ប្រធានគណៈកម្មការចម្រុះទទួល និងដោះស្រាយបណ្តឹងតវ៉ានៃខុទ្ទកាល័យនាយករដ្ឋមន្រ្តីគឺលោក ប៉ាល់ ចន្ទតារា បានទទួលយកញត្តិពីក្រុមពលរដ្ឋហើយប្រាប់អ្នកសាព័ត៌មានថា  លោកនឹងបញ្ជូនឯកសារនោះទៅក្រសួងដែនដីជាអ្នកដោះស្រាយ។

លោកបន្ថែមថា៖ «ខ្ញុំចាត់ចែងបញ្ជូនទៅហើយ គេជំនាញ ព្រោះរឿងដីធ្លីនេះមិនអាចដោះ ស្រាយនៅភ្នំពេញបានទេ ត្រូវទៅដោះដល់ទីកន្លែង ទៅរកឯកសារជាក់ស្តែង។ បងប្អូនមកតវ៉ា ឯកសារអីខ្លះ យើងបញ្ជូន ហើយគណៈកម្មការរបស់ក្រសួងដែនដីគេនឹងចាត់ចែងតាមហ្នឹង»។

បើតាមញត្តិរួមរបស់ក្រុមពលរដ្ឋឲ្យដឹងថា ពលរដ្ឋមកពីខេត្តកំពង់ស្ពឺមានជម្លោះដីធ្លីជាមួយក្រុម ហ៊ុនស្ករអំពៅភ្នំពេញស៊ូហ្គឺ និងកំពង់ស្ពឺស៊ូហ្គឺ។ ចំណែកពលរដ្ឋខេត្តឧត្តរមានជ័យថាមានជម្លោះដីធ្លីជាក្រុម ហ៊ុន មីត ផល តាមរយៈក្រុមហ៊ុនអង្គរស៊ូហ្គឺ ទន្លេស៊ូហ្គឺ និងក្រុមហ៊ុនវ៉ាឡេយ៍ស៊ូហ្គឺ ខណៈពលរដ្ឋខេត្ត ព្រះវិហារថាមានជម្លោះជាក្រុមហ៊ុនឡានហ្វេង រូយហ្វេង និងក្រុមហ៊ុនផ្សេងទៀត។ រីឯពលរដ្ឋ ក្នុងខេត្តកោះកុងថា មានជម្លោះជាមួយក្រុមហ៊ុនកោះកុងស៊ូហ្គឺនិងក្រុមហ៊ុនកោះ​កុងភ្លែនថេសិន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ