រដ្ឋាភិបាល​សម្រេច​ដំឡើង​កម្រៃ​ប្រាក់​ម៉ោង​ទ្វេ​ដង​ដល់​គ្រូ​បង្រៀន​គ្រប់​កម្រិត

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (ដោយ សាយ ទ្បាលីស)

រដ្ឋាភិបាល​កម្ពុជា ​បាន​សម្រេច​ដំឡើង​កម្រៃ​ប្រាក់​ម៉ោង​ទ្វេ​ដង​ ទៅ​ដល់​គ្រូ​បង្រៀន​នៅ​តាម​គ្រឹះស្ថាន​អប់រំ​​សាធារណ​របស់​រដ្ឋ​គ្រប់​កម្រិត​ទាំង​អស់​ នៅ​ទូទាំង​ប្រទេស​នេះ។

ក្នុង​អនុក្រឹត្យ​ចេញ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​សម្រេច​ដំឡើង​ប្រាក់​ម៉ោង​ដល់​គ្រូ​បង្រៀន​ចាប់​ពី​កម្រិត​បឋម​រហូត​ដល់​គ្រូ​បង្រៀន​នៅ​តាម​គ្រឹះស្ថាន​ឧត្ដម​សិក្សា​នានា​របស់​រដ្ឋ។

ក្នុង​អនុក្រឹត្យ​នោះ កម្រិត​ប្រាក់​ម៉ោង​របស់​គ្រូ​បង្រៀន​នៅ​កម្រិត​បឋម​សិក្សា នឹង​ទទួល​បាន​ ៤៥០០​រៀល​ក្នុង​មួយ​ម៉ោង ខណៈ​ដែល​ក្រុម​បង្រៀន​នៅ​កម្រិត​អនុវិទ្យា​ បាន​ឡើង​ទៅ​ដល់ ៥៥០០​រៀល។

សម្រាប់​គ្រូ​បង្រៀន​កម្រិត​ឧត្ដម ប៉ុន្តែ​បង្រៀន​នៅ​កម្រិត​វិទ្យាល័យ ពួកគេ​ទទួល​បាន​កម្រៃ​ប្រាក់​ម៉ោង ១០៤០០​រៀល ហើយប្រសិន​បើ​បង្រៀន​នៅ​តាម​គ្រឹះស្ថាន​ឧត្ដម​សិក្សា ពួកគេ​នឹង​ត្រូវ​ទទួល​បាន​កម្រៃ​ប្រាក់​ម៉ោង​លើស ១៥០០​រៀល។

សម្រាប់​សាស្ត្រា​ចារ្យ​បង្រៀន​មាន​សញ្ញាបត្រ​ជាន់​ខ្ពស់ និង​សញ្ញា​បត្រ​បណ្ឌិត ហើយ​បង្រៀន​នៅ​តាម​មហា​វិទ្យាល័យ​របស់​រដ្ឋ ពួកគេ​នឹង​ទទួល​បាន​ប្រាក់​ម៉ោង​បន្ថែម​ចាប់​ពី ១៨០០០​រៀល រហូត​ដល់ ៤​ម៉ឺន​រៀល។

រដ្ឋាភិបាល​បាន​សម្រេច​ថា ប្រព័ន្ធ​ប្រាក់​ម៉ោង​ថ្មី​នេះ នឹងត្រូវ​ចាប់​អនុវត្ត​ចាប់​ពី​ថ្ងៃ​ទី​១ ខែ​មេសា​ខាង​មុខ​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ