លោក កឹម សុខា នឹងមានវត្តមានតតាំងក្ដីនៅសាលាឧទ្ធរណ៍ថ្ងៃស្អែក

លោក កឹម សុខា ពេលចាប់ខ្លួន កាលពីថ្ងៃទី៣ ខែកញ្ញា ​ឆ្នាំ២០១៧។

កូនស្រីលោក កឹម សុខា អះអាងលើបណ្តាញសង្គម Twitter ថា ឪពុករបស់នាង នឹងត្រូវបានគេនាំខ្លួនមកចូលមកតតាំងក្ដី​នៅសាលាឧទ្ធរណ៍ ជុំវិញបណ្ដឹងសុំនៅក្រៅឃុំ។

បើតាមការគ្រោងទុក សាលា​ឧទ្ធរណ៍​គ្រោង​នឹង​បើក​សវនាការ​លើបណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​លោក កឹម សុខា នាព្រឹក​ថ្ងៃ​ទី​១ ខែ​កុម្ភៈ​ស្អែកនេះ បន្ទាប់​ពីសាលា​ដំបូង​សម្រេចបដិសេធ​សំណើ​របស់​ក្រុម​មេធាវី​មេដឹកនាំ​អតីត​បក្ស​ប្រឆាំង​រូប​នេះ កាល​ពី​ពាក់​កណ្ដាល​ខែ​មករា​​មក។

កូនស្រី លោក កឹម សុខា គឺ កញ្ញា កឹម មនោវិទ្យា សរសេរលើបណ្តាញTwitter ថា  នៅថ្ងៃស្អែក​ឪពុករបស់នាងនឹងមានវត្តមាននៅបន្ទប់សវនាការ ៖«តាមដំណឹងជាផ្លូវការណ៍បានឲ្យដឹងថា លោក កឹម សុខា នឹងមកដល់សាលាឧទ្ធរណ៍​ក្រុងភ្នំពេញ នាម៉ោង៨ព្រឹក ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៨ ដើម្បីចូលរួមសវនាការបណ្តឹងនៅក្រៅឃុំ»

មេធាវីការពារក្ដីឲ្យលោក កឹម សុខា គឺ លោក ផែង ហេង ប្រាប់ VOD ថា លោក កឹម សុខា ពិតជាត្រូវបានតុលាការអនុញ្ញាតឲ្យចូលតតាំងក្ដី នៅសាលាឧទ្ធរណ៍នាថ្ងៃស្អែកពិតប្រាកដមែន។

លោកថា៖ «បញ្ជូនគាត់មកចូលរួមសវនាការ គឺខាងអគ្គព្រះរាជអាជ្ញា ជាអ្នកចេញលិខិត ហើយលិខិតនេះ គេអាចបញ្ជាទៅពន្ធនាគារតែម្ដង មេធាវីយើងបានទទួលព័ត៌មានតាមរយៈគ្រួសារដែរទេ»។

អគ្គនាយកនៃអគ្គនាយកដ្ឋានក្រសួងមហាផ្ទៃ លោក នុត សាវនា មានប្រសាសន៍ថា ខាងនាយកដ្ឋានពន្ធនាគារ នឹងបញ្ជូនលោក កឹម សុខា ទៅសាលាឧទ្ធរណ៍នៅថ្ងៃស្អែក តាមសំណើរបស់សាលាឧទ្ធរណ៍។​

លោកថា៖ «អាហ្នឹងស្រេចលើដីកាបញ្ជារបស់តុលាការ បើខាងតុលាការឲ្យខាងយើងខ្ញុំបញ្ជូនគាត់ទៅ យើងបញ្ជូនគាត់ទៅ»។

ចំណែក អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ គូសបញ្ជាក់ខ្លីៗថា ខាងតុលាការ និងអាជ្ញាធរ បានត្រៀមរៀបចំកម្លាំងរួចរាល់ហើយ ក្នុងការនាំខ្លួនលោក កឹម សុខា មកកាន់សាលាឧទ្ធរណ៍នៅថ្ងៃស្អែកនេះ។

លោកថា៖ «គេមានក្បួនរបស់គេ ទៅសួរខាងតុលាការថែមទៅ ខាងតុលាការ គេមានកម្លាំងគ្រប់គ្រាន់ ក្នុងការពារ»។

នេះជាលើកដំបូងហើយ ដែលតុលាការបានសម្រេចនាំខ្លួនលោក កឹម សុខា មកបង្ហាញនៅចំពោះមុខតុលាការ ចាប់តាំងពីការឃុំខ្លួនកាលពីខែកញ្ញាឆ្នាំមុន។​

ជាញឹកញាប់ តុលាការ បានបដិសេធ មិនអនុញ្ញាតឲ្យលោក កឹម  សុខា មាន​វត្តមាន​នៅក្នុង​សវនាការ​ឡើយ ​ទាំង​​ក្នុង​បណ្ដឹង​ជំទាស់​នីតិវិធី​នៃ​ការ​ឃុំ​ខ្លួន​របស់​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ និង​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ បន្ទាប់ពីសមត្ថកិច្ចចាប់ខ្លួនលោក កាលពីថ្ងៃទី៣កញ្ញាឆ្នាំមុន និងបញ្ជូន​ទៅ​ឃុំ​​ក្នុង​ពន្ធនាគារ​ត្រពាំងផ្លុង ស្ថិត​ក្នុង​ខេត្ត​ត្បូង​ឃ្មុំ៕

 

 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ