ក្រុមអ្នកស្រាវជ្រាវថា ផ្ទុះអាវុធស្លាប់មន្ត្រីបីនាក់ កើតឡើង​ពេលបង្ក្រាបជនជាតិវៀតណាមកាប់ឈឺ

(ប្រភព៖ នគរបាលជាតិ)

ក្រុមអ្នកស្រាវជ្រាវទាំងមន្ត្រីរដ្ឋាភិបាល​និងមន្ត្រីអង្គការសង្គមស៊ីវិល​អះអាងថា ព្រឹត្តិការណ៍បាញ់សម្លាប់ មន្ត្រីអភិរក្សព្រៃខ្មែរ ៣រូប កាលពីម្សិលមិញ បានកើតឡើងក្រោយពួកគេល្បាតព្រៃ រកឃើញវៀតណាមមួយក្រុមចូលកាប់ឈើសុខច្បាប់ ក្នុងស្រុកអូរាំង ខេត្តមណ្ឌលគិរី។

កាលពីថ្ងៃទី៣០ខែមករា មានព្រឹត្តិការណ៍បាញ់រះមួយ បានកើតឡើងនៅតំបន់ដែនជម្រកសត្វព្រៃកែវសីមា ក្នុងតំបន់អូហ៊ុចស្រុកអូរាំង បណ្តាលឲ្យស្លាប់៣នាក់ ក្នុង​​​នោះ​​មានមន្ត្រីអាវុធហត្ថ លោក សេក វឌ្ឍនា មន្រ្តីឧទ្យានុរក្សនៃមន្ទីរបរិស្ថានលោក តើន​ សុខណៃ នៃមន្ទីរបរិស្ថាន និង បុគ្គលិករ​បស់​អង្គ​កា​រ WCS លោក ថុល ខ្នា។

មន្ត្រីសម្របសម្រួលនៅសមាគមអាដហុកប្រចាំខេត្តមណ្ឌលគិរី​ លោក សុខ រដ្ឋា អះអាងថា បើយោងតាមរបាយការណ៍ របស់អាជ្ញាធរ មុនបាញ់​ប្រហារកើតឡើង ក្រុមអភិរក្សបានជូបជនជាតិវៀតណាមមួយក្រុមកាប់ឈើ ហើយបានឃាត់ខ្លួនមនុស្សនិងវត្ថុតាង។​

​លោកថា៖ «បើតាមរបាយការណ៍បរិស្ថានគឺដោយសារតែមន្ត្រី៣នាក់ដែលបានស្លាប់ហ្នឹង ដោយសារគាត់ធ្វើការឃា​ត់វត្ថុតាងនៃ​បទល្មើ​​សព្រៃឈើ ឃាត់ឈើឃាត់ត្រង់ទីណឺអីហ្នឹង ជាពិសេសគឺឃាត់បានជនជាតិវៀ​តណាម។ប៉ុន្តែមន្ត្រីទាំងហ្នឹងមិ​ន​បា​ន​​យកវៀ​ត​ណាម​មកទេ គាត់ប្រគល់ទៅឲ្យមន្ត្រីប៉ុស្តិ៍ការពារព្រំដែនទៅវិញ ដើម្បីចាត់ចែង គាត់ជាអាជ្ញាធរជំនាញ​នៅតំ​ប​ន់ហ្នឹ​ង ប៉ុន្តែ​មួយ​សន្ទុះ​ក្រោយមកក៏មានផ្ទុះអាវុធ»។

VODមិនអាចរកការបញ្ជាក់ពីអភិបាលខេត្តមណ្ឌលគិរីលោក ស្វាយ សំអ៊ាង បានទេដោយទូរសព្ទមិនអាចទាក់ទងបាន ខណៈ​ស្នង​ការនគរបាលខេត្តលោក អ៊ុក សំណាង អះអាងថាកំពុងធ្វើរបាយការណ៍ហើយក្រោយមកបានបិទទូរស័ព្ទ ចំណែកអ្នក​នាំពា​​​ក្យកង​រាជអាវុធហត្ថលោក អេង ហ៊ី អះអាងមិនទាន់អាចបញ្ជាក់បា​នដោយរងចាំ​របាយការណ៍​លំអិតពីមន្ត្រី​ដែលចុះ​ស៊ើបអ​ង្កេតដល់កន្លែងកើតហេតុជាមុនសិន។

គេហទំព័រ Fresh News បានដកស្រង់សម្តី នាយកដែនជម្រកសត្វព្រៃកែវសីម៉ា លោក ឌិន ប៊ុនធឿន មកចុះផ្សាយថា មុនកើត​ហេតុ​ជនរងគ្រោះ ៤នាក់ មានមន្ដ្រីអាវុធហត្ថម្នាក់ មន្ដ្រីឧទ្យានុរក្សម្នាក់ បុគ្គលិកអង្គការ WCS ម្នាក់ និងអ្នកភូមិម្នាក់បាន ជិះម៉ូតូ​២គ្រឿង ចូលទៅ​ល្បាតព្រៃឈើ ពេលនោះពួកគេបានជួបជនជាតិវៀតណាមមួយក្រុម ប្រដាប់ដោយរណាយន្ដ កាំប៉ិត និងពូថៅ កំពុង​ប្រព្រឹត្តបទល្មើ​សព្រៃ​ឈើ​។

ពេលឃើញ​បទល្មើសបែបនេះ ពួកគេទាំង៤នាក់ ក៏បានរាយការណ៍មក នាយកដែនជម្រកសត្វព្រៃកែវសីម៉ា តហើយលោក ឌិន ប៊ុនធឿន បានប្រាប់ទៅវិញថា ឲ្យត្រឡប់ថយក្រោយវិញ ដើម្បីយកកម្លាំងទៅថែមឈានទៅដល់ការបង្ក្រាប។

គេហទំព័រ ដដែលបានចុះផ្សាយទៀតថា នៅពេលជនរងគ្រោះទាំង៤នាក់ បើកម៉ូតូចេញមកវិញ មិនទាន់ដល់ភូមិផង ក៏រងការបា​ញ់ប្រហា​រជាច្រើនគ្រាប់ បណ្ដាលឲ្យស្លាប់៣នាក់ ហើយម្នាក់ទៀតបានរត់គេចខ្លួនចូលទៅក្នុងភូមិ។

Fresh News ក៏បានដកស្រង់សម្តីមន្ដ្រីសមត្ថកិច្ចជាន់ខ្ពស់ម្នាក់ នៅខេត្តមណ្ឌលគិរី ដែលសុំមិនបញ្ចេញឈ្មោះ បានបង្ហើបថា មុនពេ​លកើតហេតុ មន្ដ្រីអាវុធហត្ថ មន្ដ្រីបរិស្ថាន និងបុគ្គលិកអង្គការ WCS បានចូលទៅល្បាតព្រៃ ហើយក៏ឃើញបទល្មើសព្រៃឈើ បានចេញមក​ជួបក្រុមមន្ដ្រី​នាយនគរបាលប៉ុស្ដិ៍អូររលែ ចំណុះឲ្យវរនគរបាលការពារព្រំដែនគោក នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី លេខ ៦២១អាចសង្ស័យថា មកចរចា និងនិយាយគ្នាពាក់ព័ន្ធការប្រព្រឹត្តបទល្មើសនៅទីនោះ។

សមត្ថកិច្ចជាន់ខ្ពស់រូបនេះ បានបញ្ជាក់ទៀតថា ដោយសារតែការចរចារ និងនិយាយគ្នាមិនត្រូវ រហូតមានការឈ្លោះប្រកែកគ្នា ហើយក៏មានការផ្ទុះអាវុធបណ្ដាលឲ្យស្លាប់យ៉ាងដូច្នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ