កម្មករជិត៧០នាក់នៅរោងចក្រមួយក្នុងខេត្តតាកែវដួលសន្លប់

កម្មការិនីជិត៧០នាក់បម្រើការងារនៅរោងចក្រមួយក្នុងខេត្តតាកែវដួលសន្លប់ ដោយសង្ស័យថា បណ្តាលមកពីពុលថ្នាំបាញ់ស្រូវរបស់ប្រជាពលរដ្ឋក្បែរនោះ។

ស្នងការនគរបាលខេត្តតាកែវ លោក សុខ សំណាង ប្រាប់វីអូឌីនៅថ្ងៃនេះថា កាលពីល្ងាចម្សិលមិញកម្មការិនីប្រមាណ៦៨នាក់ បម្រើការងារនៅរោងចក្រ សេឌូណូ ខេមបូ នីតធីង ស្ថិតនៅភូមិកណ្តឹងតូច ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវបានដួលសន្លប់ជា បន្តបន្ទាប់ ហើយ​ត្រូវ​បាន​អាជ្ញាធរបញ្ជូន​ទៅ​ព្យាបាល​នៅ​តាម​មន្ទីរ​ពេទ្យ។

លោក​​ថា លោក​មិន​ទាន់​បាន​ដឹង​ពី​មូល​ហេតុច្បាស់លាស់​​នៃ​ការ​ដួល​សន្លប់នេះ​នៅ​ឡើយ​ទេ ប៉ុន្តែការសន្និដ្ឋានជាជំហានដំបូងថា អាចពាក់ក្លិនថ្នាំពុលដែលកសិករបាញ់ស្រូវនៅក្បែរនោះ។​

លោកបន្ថែមថា «ឥលូវហ្នឹងក្រុមការងារកំពុងស្រាវជ្រាវបន្ត តែជាបឋមបើតាមលោកមេភូមិជាក់ស្តែងគាត់នៅជិតហ្នឹង និងថៅកែ រោងចក្រហ្នឹងវាពាក់ព័ន្ធនឹងប្រជាពលរដ្ឋបាញ់ថ្នាំស្រូវ ហើយក្រោយបាញ់ប្រហែល១ម៉ោងមកមានការដួលសន្លប់»។

ស្នងការរូបនេះឲ្យដឹងថា រហូតមកព្រឹកថ្ងៃទី៣១មករានេះមិនមានកម្មការិនីណាដួលសន្លប់ទៀតទេ ហើយអ្នកដែលដួលសន្លប់ ល្ងាចម៉ិននោះបានធូរស្បើយខ្លះហើយ។

ប្រធានសភាពការងារកម្ពុជា លោក អាត់ ធន់ មានប្រសាសន៍ថា តាមការស្រាវជ្រាវកម្មករដួលសន្លប់ដោយសារតែបរិយាកាស ទាំងក្នុង និងក្រៅរោងចក្រមិនល្អដោយការប្រើប្រាស់ថ្នាំគីមីផ្សេង ធ្វើការលួសកំលាំង ការហូបចុកមិនគ្រប់គ្រាន់ ការធ្វើការយូរឆ្នាំ និងច្រើនម៉ោងជាដើម ហើយថា ករណីមានការបាញ់ថ្នាំស្រូវក្បែរៗរោងចក្រនោះក៏អាចជះក្លិនមិនល្អធ្វើឲ្យកម្មករដួលសន្លប់ដែរ។

លោកបន្ថែមថា «ដោយសារគាត់ធ្វើការក្នុងបរិយាកាសអាក្រក់ដូចជានៅក្នុងរោងចក្រនោះមានជាតិគីមី ធូលី កំដៅ ពន្លឺ និងអុកហ្សីុសែននៅកន្លែងខ្លះមិនគ្រប់គ្រាន់ ហើយអាគារខ្លះបិទជិតមិនឲ្យខ្យល់អុកហ្សីុសែនចូលគ្រប់គ្រាន់ធ្វើឲ្យកម្មករខ្សោយ ដល់អញ្ចឹង ពេលទៅជួបប្រឹត្តិការ ឬខ្លិនអីថ្មីៗធ្វើឲ្យកម្មករសន្លប់តែម្តង។ឧទាហ៍ថា រោងចក្រខ្លះពេលល្ងាចគាត់បាញ់ថ្នាំមូល ឬថ្នាំសត្វល្អិត ព្រលឹមឡើងកម្មករចូលធ្វើការ គាត់បើក ពេលបើកខ្លិនហ្នឹងចេញពីមកផ្លិតទឹកវាជះមកពេញឃ្លាំងធ្វើឲ្យកម្មករសន្លប់»។

លោកបន្តថា ដើម្បីទប់ស្កាត់បញ្ហាដួលសន្លប់នេះ រាល់ក្រុមហ៊ុនត្រូវរៀបចំរោងចក្រឲ្យត្រឹមត្រូវ តាមស្តងដាបច្ចេកទេសមាន កម្ពស់ កម្តៅ ពន្លឺ គ្រប់គ្រន់ ត្រូវផ្តល់ប្រាក់ឈ្នួលសម្រាប់កម្មករដើម្បីចំណាយលើការហូបចុកបានគ្រប់គ្រាន់ ហើយមន្រ្តីអធិការ កិច្ចនៃក្រសួងការងារត្រូវពិនិត្យ និងចាត់វិធានការលើក្រុមហ៊ុនទាំងឡាយណាដែលមិនគោរពតាមបច្ចេកទេស។

របាយការណ៍​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ឆ្នាំ​២០១៧ បង្ហាញ​ថា កម្មការិនី​ ១១៦០​នាក់ បាន​ដួល​សន្លប់​កាល​ពី​ឆ្នាំ​២០១៧ ដោយ​ថា ចំនួន​នេះ​បាន​ធ្លាក់​ចុះ​បើធៀប​នឹង​តួលេខ​ឆ្នាំ​២០១៦ ដែល​មាន​កម្មការិនី​ដល់​ទៅ ១៦០៣​នាក់បាន​ដួល​សន្លប់។

របាយការណ៍ដដែលនេះបញ្ជាក់ថា ការ​ដួលសន្លប់​របស់​កម្មការិនី បណ្ដាល​មកពីបញ្ហាក្លិនគីមីនៅក្នុងរោងចក្រ ទីតាំងរោងចក្រមិនមានបរិយាកាសល្អ ចង្អៀត ផ្នែកចិត្តសាស្ត្រសង្គម ករណីកម្មករស្លុតដួលតាមគ្នា បញ្ហាមេកានិច ស្របពេលសុខភាពកម្មករមានសភាពទន់ខ្សោយដោយសារការសម្រាកមិនគ្រប់គ្រាន់ ការហូបអាហារមិនទៀងទាត់ និងគ្មានជីវជាតិ។

របាយការណ៍ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ឲ្យ​ដឹង​ថា កម្មករដែលធ្វើការក្នុងវិស័យកាត់ដេរសព្វថ្ងៃមានចំនួន ៨០ម៉ឺននាក់ក្នុងក្រុមហ៊ុនកាត់ដេរសំលៀកបំពាក់ជាង១០០០រោងចក្រសហគ្រាស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ