អ្នកឃ្លំាមើលថា រយៈពេល៤ខែចុងក្រោយនេះ​បទល្មើសព្រៃឈើបន្តកើនឡើងខ្លាំង​

ដោយ លោក ណាត សុភាព​​ | ថ្ងៃពុធ ទី៣១ ខែមករា ឆ្នាំ២០១៨​ ម៉ោង 2:04 PM | បរិស្ថាន | 0 | 5165 បទល្មើសព្រៃឈើ (ប្រភព៖ EIA)

អ្នកឃ្លំាមើលបានអះអាងប្រហាក់ប្រហែលគ្នាថា នៅ៤ខែចុងក្រោយនេះ បទល្មើសព្រៃឈើ​នៅ​​ខេត្តព្រះ​វិហារ និងខេត្តមួយចំនួនទៀត​ មានការ​កើនឡើងខ្លាំង  បើទោះជា​រដ្ឋាភិបាល​ប្រកាសបិទច្រករបៀង​មិនឲ្យឈ្នួញបន្តនាំឈើលក់នៅក្រៅប្រទេស​ក៏ដោយ​​។

​ក្នុង​ពិធីមួយ កាលពីថ្ងៃទី​២៣​ ខែមករានេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង បាន​បញ្ជា​ឲ្យ​មន្ដ្រី​ក្រោម​បង្គាប់ បិទ​ឲ្យ​អស់​ច្រក​របៀង ​ ដោយថា ដើម្បី​ទប់​ស្កាត់​បទ​ល្មើស​ឆ្លង​ដែន​ខុស​ច្បាប់​គ្រប់​ប្រភេទ​។

នៅថ្ងៃ​ទី​២៣​មករានោះដែរ​ អភិបាល​ខេត្ត​ត្បូង​ឃ្មុំ លោក លី ឡេង បាន​ប្រាប់​ទៅ​កាន់មន្ដ្រី​​ក្រោម​បង្គាប់​របស់​ខ្លួន ដោយ​ហាម​​មិន​ឲ្យ​មាន​ច្រក​របៀង​​នៅ​តាម​បន្ទាត់​ព្រំដែន​ក្នុង​ខេត្ត​ត្បូង​ឃ្មុំ​ឡើយ​។ បទ​បញ្ជា​របស់​អភិបាល​ខេត្ត​ត្បូង​ឃ្មុំ​ដូច្នេះ ធ្វើ​ឡើង​ក្រោយ​ពី​លោក​ត្រូវ​បាន​ប្រមុខ​រដ្ឋាភិបាល​ស្ដី​​បន្ទោស និងព្រមាន​ដក​ចេញ​ពី​តំណែង ប្រសិនបើ​នៅ​តែ​កើត​មាន​បទ​ល្មើស​ឆ្លង​ដែន ពិសេស​បទ​ល្មើស​ព្រៃ​ឈើ ឆ្លង​ទៅ​កាន់​ប្រទេស​​​​វៀតណាម តាម​ច្រក​ត្បូង​ឃ្មុំ​ទៀត​នោះ​។

ប្រធានក្រុមកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា(CHRTF)និង​ជា​សកម្មជន​ព្រៃឈើ​ម្នាក់ដែល​បាន​ចំណាយពេលជាង​២០ឆ្នាំក្នុង​ការការពារព្រៃឈើ​ លោក អ៊ូច​ ឡេងថ្លែងថា  ឈ្មួញបានដឹកឈើចេញពីខេត្តមណ្ឌលគិរី រតនៈគិរី ព្រះវិហារ កំពង់ស្ពឺ កំពង់ធំ និងខេត្តផ្សេងទៀត ប្រហែលជា២០រថយន្តយីឌុក ក្នុងមួយម៉ោង ស្ទើរជារៀង​រាល់ថ្ងៃ ​ ចាប់ពីខែ១១ ឆ្នាំ២០១៧ ដល់ ថ្ងៃទី៣១ ខែ១ ឆ្នាំ២០១៨នេះ ដោយក្នុងមួយរថយន្តមានឈើប្រហែល ៦០ទៅ៧០ម៉ែត្រគូប។

ករណីនេះ លោក ឡេង យល់ថា វិធានការរបស់​រដ្ឋាភិបាល លើបញ្ហា​ទប់ស្កាត់បទល្មើសព្រៃឈើ និងនាំឈើ​ទៅក្រៅ​ប្រទេស​នោះ ហាក់​មិន​មាន​ប្រសិទ្ធភាព​នោះទេ​​។

លោកមានប្រសាសន៍ថា «បច្ចុប្បន្ន ខ្ញុំសង្កេតឃើញថាមានការកើនឡើងយ៉ាងគំហុក ច្រើនមែនទែន ហើយឆ្នាំនេះ ជាឆ្នាំចុងក្រោយហើយ សម្រាប់សោធនាថកម្មព្រៃឈើ បានន័យថា ក្រោយពីអស់ឆ្នាំនេះទៅ គឺមិនមានពេលណាសម្រាប់កាប់ទៀតទេ វាជាពេលចុងក្រោយសម្រាប់ឈ្មួញ ហើយគេដឹកជញ្ជូនឈើមុខការិយាល័យបរិស្ថានតែម្តង អត់មានអ្នកណាឆែក អត់មានអ្នកណាចាប់ទាំងអស់ ក្រៅអំពីប្រមូលលុយតិចតួចពីឈ្មួញឈើ»។

ចំណែក ប្រជាសហគមន៍ព្រៃឡង់ប្រចំាខេត្តកំពង់ធំ លោក ហឿន សុភាព  ឯណោះវិញ បានឲ្យដឹង​ដែរថា​​ នៅខេត្តកំពង់​ធំឈ្មួញ​បាន​ដឹក​ឈើក្នុ​ងមួយ​ថ្ងៃ៥​ទៅ១០គោយន្ត ដោយ​មិនខ្លាច​អាជ្ញាធរនោះទេ។ ករណីនេះលោកថា ដើម្បីទប់ស្កាត់បទល្មើសព្រៃឈើឲ្យមានប្រសិទ្ធិភាព បាន ​លុះត្រាតែរដ្ឋាភិបាលអនុវត្តច្បាប់​ឲ្យស្មើភាពគ្នា រវាងអ្នកមាន និងក្រ។

លោកយល់ថា «សុំឲ្យមានការអនុវត្តទៅលើផ្លូវច្បាប់ ឲ្យមានប្រសិទ្ធភាព ឲ្យមានស្មើគ្នាតែម្តង ហើយពិសេសជួយចាត់វិធានការក្នុងការទប់ស្កាត់ កុំឲ្យមន្ត្រីព្រៃឈើមួយចំនួនស៊ីតែលុយពីបទល្មើស ខាងលើ[មន្ត្រីថ្នាក់លើ]គាត់អត់សូវដឹងថាមន្ត្រីថ្នាក់ក្រោមធ្វើម៉េចទេ ខាងក្រោមគឺមានអំពើពុករលួយច្រើនមែនទែន ព្រោះយើងតាមដាន»។

រដ្ឋាភិបាល​បានសម្រេច​បង្កើត​គណៈកម្មកា​រ​ជាតិ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​ កាល​ថ្ងៃទី​១៥ មករា ឆ្នាំ​២០១៦​ ដោយ​លោក សៅ សុខា ​ធ្វើ​ជា​ប្រធាន​គណៈ​កម្មការនោះ។

បទល្មើសព្រៃឈើ (ប្រភព៖ EIA)

ប៉ុន្តែ VOD មិនអាចសុំការបំភ្លឺពី លោក សៅ សុខា បានទេនៅថ្ងៃនេះ ដោយជំនួយការអះអាងថា ជាប់រវល់ប្រជុំ។

ក្នុងវេទិកាជាតិ «ស្តីពីការការពារ និងអភិរក្សធនធានធម្មជាតិ» ក្នុងរាជធានីភ្នំពេញ កាលពី​ថ្ងៃទី​២២ខែ​សីហា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រំឭកឲ្យមន្ត្រីរបស់ខ្លួន ឲ្យពង្រឹងប្រសិទ្ធភាព ទប់​ស្កាត់​បទ​ល្មើស​ព្រៃ​ឈើ ដោ​យថា ការបណ្តោយឲ្យមានការកាប់បំផ្លាញព្រៃឈើ លោកថា «ស្មើកាប់ក្បាលរបស់លោក»។

លើសពីនេះទៀត លោក ហ៊ុ​ន សែន ក៏បាន​បញ្ជាឲ្យស្រង់ឈ្មោះមន្ត្រីខិលខូច និងឧកញ៉ាមួយចំនួន ដែល​លោក​​ថា ជួយកសា​ង​បន្តិ​ច​​​បន្តួច តែបែរជាសង្ខំលាក់ខ្លួន ធ្វើជាឧក្រិដ្ឋជនបំផ្លាញ​ព្រៃនៅ​តាមខេត្ត​មួយ​ចំនួន​ទៅវិញ។

លោក​ ហ៊ុន សែន រំឭកថា ការបង្ក្រាបឧក្រិដ្ឋជនព្រៃឈើ មិនពិបាកដូចប​ង្ក្រាបឧក្រិដ្ឋជន​ ជួញដូ​រគ្រឿង​ញៀ​ន​នោះទេ។

បើតាមរបាយការណ៍ ធនាគារពិភពលោក ឲ្យដឹងថា គម្របព្រៃឈើបានធ្លាក់ចុះពីជិត ៦០ភាគ​រយនៅក្នុងឆ្នាំ២០០៦ មកនៅតិចជាង ៤៧ភាគរយ នៅឆ្នាំ២០១៤ និងប្រមាណជា ៤៥ភាគរយ​នៃតំបន់​ដីសើម​ធម្មជាតិកាលពីដើមរបស់កម្ពុជា ត្រូវបានបាត់បង់៕

សរសេរមកកាន់ លោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required