សាលាឧទ្ធរណ៍​កោះ​ហៅ​សកម្មជនអារ៉ែង លោក អាឡិច ឲ្យ​ចូល​បំភ្លឺនៅ​សប្ដាហ៍​ក្រោយ​

សកម្មជនអារ៉ែង ជនជាតិអេស្ប៉ាញ លោក អាឡិច ដែលត្រូវបានបណ្តេញចេញពីកម្ពុជាកាលពីឆ្នាំ២០១៥(រួបថតដោយMonica Prieto)

​សាលាឧទ្ធរណ៍កម្ពុជា​កោះ​ហៅ​​សកម្មជន​អារ៉ែង​ លោក អាឡិចហ្សង់ដ្រូ ហ្គន់សាឡេស ដេវិតសិន (Alejandro Gonzalez Davidson) ឲ្យ​ចូល​ខ្លួន​បំភ្លឺ​នៅ​ថ្ងៃ​ទី​៥ ខែ​មេសា ខាងមុខ បន្ទាប់ពីជនជាតិ​អេស្ប៉ាញរូបនេះត្រូវបានរដ្ឋាភិបាលបណ្តេញចេញពីកម្ពុជា។

នៅ​ក្នុងដីកា​កោះ​ចុះ​ថ្ងៃទី​២៨ ខែ​មីនា ព្រះរាជអាជ្ញា​នៃ​មហាអយ្យការ​អម​សាលាឧទ្ធរណ៍លោក ង៉ែត សារ៉ាត បាន​បង្គាប់​ឲ្យ​លោក អាឡិច ចូល​ទៅ​សាលាឧទ្ធរណ៍​នា​ថ្ងៃ​ទី​៥ ខែមេសា នៅ​ម៉ោង​៨​ព្រឹក នៅ​បន្ទប់​សវនាការ​ទី​៣ “​ដើម្បី​ជំនុំ​ជម្រះ​ពី​បទ​ សមគំនិតគំរាមកំហែង​ថា​នឹង​ធ្វើ​ឲ្យ​ខូចខាត​ដែល​ភ្ជាប់​នូវ​បញ្ហា​អ្វីមួយ​”​។

កន្លង​ទៅ​លោក អាឡិច បានឲ្យ​ដឹង​​ថា លោក​ត្រូវ​បាន​​ចៅក្រម​ស៊ើប​សួរ​នៃ​សាលាដំបូង​ខេត្ត​កោះកុង​ លោកស្រី ឈុន ដាវី​ ​ចោទ​ប្រកាន់​ពី​បទ​សមគំនិត​​​ក្នុង​អំពើ​គំរាម​កំហែង​និង​ធ្វើ​ឲ្យ​ខូច​ខាត​ដោយភ្ជាប់នូវ​បញ្ហា​អ្វីមួយ ប្រព្រឹត្ត​ទៅ​នៅ​ស្រុក​បទុមសាគរ ខេត្ត​កោះកុង កាលពីថ្ងៃទី២៦ដល់ថ្ងៃទី២៨ខែកក្កដាឆ្នាំ​២០១៥និង​នៅថ្ងៃទី​១២ខែសីហាឆ្នាំ​២០១៥។​ លោក​បាន​ឲ្យ​ដឹង​ដែរ​​ថា ​តុលាការ​បាន​បង្គាប់​ឲ្យ​ចាប់ខ្លួន​លោកនិង​បញ្ជា​ដល់​កងកម្លាំង​សាធារណៈ​ឲ្យ​ស្រាវ​ជ្រាវ​​ចាប់និង​នាំ​ខ្លួន​រូបលោក​ទៅពន្ធនាគារ​កោះកុងឬ​មណ្ឌ​លឃុំខ្លួន​បណ្តោះអាសន្ននៅកន្លែង​ចាប់ខ្លួន។

លោក អាឡិច បាន​ឲ្យ​វីអូឌី​ដឹង​បន្ថែម​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថាការ​កោះហៅ​របស់​សាលាឧទ្ធរណ៍​ធ្វើ​ឡើង​ក្រោយ​ពី​មេធាវី​ការពារ​ក្ដី​របស់​លោក​បាន​ដាក់ពាក្យ​ប្ដឹង​ជំទាស់​ទៅ​នឹង​ការចោទ​ប្រកាន់​របស់​ចៅក្រម​ស៊ើបសួរ​នៃ​តុលាការ​ខេត្ត​កោះកុង​។

សកម្មជន​បរិស្ថាន​រូប​នេះ​ឲ្យ​ដឹង​ទៀត​ថាលោក​បាន​ណែនាំ​ទៅ​មេធាវី​ឲ្យ​ស្នើ​ទៅ​សាលាឧទ្ធរណ៍​ដើម្បី​លើកពេល​សវនាការ ដោយ​លោក​បញ្ជាក់​ថាដោយ​សារ​លោក​នៅ​មិនទាន់ទទួល​បាន​ការ​​អនុញ្ញាត​ឲ្យ​ចូល​ទៅ​កាន់​ប្រទេស​កម្ពុជា​នៅ​ឡើយ​។ លោក​ថា លោក​ក៏​បាន​ណែនាំ​ទៅ​មេធាវី​របស់​លោក​ថា ករណី​សាលាឧទ្ធរណ៍​មិន​ព្រម​តាម​សំណើ​នេះ មេធាវី​មិន​ត្រូវ​ចូល​ក្នុង​សវនាការ​តំណាង​រូប​លោក​នោះ​ទេ​។

លោក អាឡិច ឲ្យ​ដឹង​ដែរ​ថាលោក​គ្រោង​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​បាងកក​ដើម្បី​ស្នើសុំ​ទិដ្ឋាការ​ជា​លើកទី​២​ពី​ស្ថានទូត​ខ្មែរ​នៅទីនោះ​។

កន្លង​ទៅ លោក អាឡិច បាន​ឲ្យ​ដឹង​ថា​លោក​បាន​ស្នើ​រដ្ឋមន្រ្តីក្រសួង​មហាផ្ទៃ លោក ស ខេង សុំទិដ្ឋាការ​ចូល​មក​កម្ពុជាវិញដើម្បីចូល​រួម​សវនាការ​បំភ្លឺ​នៅខេត្តកោះកុង។ ប៉ុន្តែ​​លោក​ថា​ក្រសួងមហាផ្ទៃ​បានបដិសេធមិន​ទទួល​លិខិតនោះ។

គួរបញ្ជាក់ថា​សកម្មជនចលនាមាតាធម្មជាតិ៣នាក់រួមមានលោក សាន់ ម៉ាឡា លោក ទ្រី សុវិគា និងលោក ស៊ីម សំណាង ត្រូវបានចាប់ខ្លួនកាលពីខែសីហា ឆ្នាំ២០១៥ ដោយចោទប្រកាន់ពីបទគំរាមកំហែងធ្វើឲ្យខូចខាតទ្រព្យសម្បត្តិ ហើយលោក អាឡិច ត្រូវតុលាការខេត្តកោះកុងចោទលោកពីបទសមគំនិត។

កន្លងទៅ លោក អាឡិច បាន​អំពាវនាវឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយសម្រួលឲ្យលោកបានវិលត្រឡប់មកកម្ពុជាវិញ។ លោកបានហៅការចោទប្រកាន់របស់តុលាការថាជាការចោទប្រកាន់ដោយគ្មានមូលដ្ឋានច្បាស់លាស់។ លោក អាឡិច មានប្រសាសន៍ថា៖ ខ្ញុំសូមបញ្ជាក់ថាខ្ញុំមិនគេចវេស ហើយខ្ញុំរីករាយក្នុងការចូលរួមក្នុងសវនាកាដើម្បីបំភ្លឺទៅនឹងការចោទប្រកាន់ដោយគ្មានមូលដ្ឋាននេះ…ដូច្នេះខ្ញុំសូមអំពាវនាវដល់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយសម្រួលឲ្យខ្ញុំបានចូលបំភ្លឺនៅតុលាការ

សព្វថ្ងៃនេះ លោក អាឡិច ត្រូវរដ្ឋាភិបាលកម្ពុជាបញ្ចូលក្នុងបញ្ជីខ្មៅ ហាមមិនឲ្យចូលប្រទេសកម្ពុជានោះទេ បន្ទាប់ពីជនជាតិអេស្បាញរូបនេះត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៥ ហើយត្រូវបានបញ្ជូនចេញពីប្រទេសកម្ពុជាភ្លាមៗ។ ការចាប់បញ្ជូនខ្លួនលោក អាឡិច ធ្វើឡើងបន្ទាប់ពីលោកបានចូលរួមយ៉ាងសកម្មប្រឆាំងនឹងការធ្វើទំនប់វារីអគ្គិសនីតំបន់អារ៉ែងនិងការបូមខ្សាច់នៅខេត្តកោះកុង។

លោក អាឡិច បានមករស់នៅលើទឹកដីកម្ពុជានេះជាង១០ឆ្នាំនិងចេះនិយាយភាសាខ្មែរបានយ៉ាងច្បាស់លាស់ព្រមទាំងបានបង្កើតសមាគមការពារព្រៃឈើមួយឈ្មោះថាមាតាធម្មជាតិដែលមានសមាជិកភាគច្រើនជាជនជាតិដើមភាគតិចនៅតំបន់អារ៉ែង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ