រដ្ឋាភិបាលស្នើវិស័យឯកជនជួយផ្តល់ព័ត៌មានអំពីតម្រូវការបុគ្គលិកជំនាញនៅក្នុងស្ថាប័នខ្លួន

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈស្នើឲ្យវិស័យឯកជន និងស្ថាប័នពាក់ព័ន្ធជួយផ្តល់ព័ត៌មានទាក់ទងនឹងតម្រូវការកម្លាំងពលកម្មជំនាញនៅតាមស្ថាប័នរបស់ខ្លួន ដោយបញ្ជាក់ថាដើម្បីឲ្យការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសអាចបំពេញតម្រូវការទីផ្សារការងារ។

ក្នុងសេចក្តីជូនដំណឹងចុះថ្ងៃទី២៩ ខែមីនា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លើកឡើងថា បច្ចុប្បន្នមានគ្រឹះស្ថានអប់រំសាធារណៈ ឯកជន សមាគម និងអង្គការមិនមែនរដ្ឋាភិបាលដែលស្ថិតនៅក្រោមឱវាទក្រសួង នៅគ្រប់២៥រាជធានីខេត្ត កំពុងធ្វើការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីបំពេញតម្រូវការទីផ្សារការងារក្នុង និងក្រៅប្រទេស។

សេចក្តីជូនដំណឹងបន្ថែមថា ដើម្បីឲ្យការបណ្តុះបណ្តាលជំនាញបច្ចេកទេសទទួលបានលទ្ធផល និងប្រសិទ្ធិភាពខ្ពស់ គឺត្រូវមានការចូលរួមពីគ្រប់មជ្ឈដ្ឋាន ជាពិសេសវិស័យឯកជន និងអង្គភាពនានាក្នុងការផ្ដល់ព័ត៌មានពីតម្រូវការកម្លាំងពលកម្ម និងផ្ដល់ឱកាសការងារដល់ពួកគេក្រោយបញ្ចប់ការសិក្សា។

លើសពីនេះ ក្រសួងក៏បានស្នើឲ្យម្ចាស់សហគ្រាស គ្រឹះស្ថាន ឧស្សាហកម្ម ក្រុមហ៊ុនឯកជននានាសហាករជាមួយមន្ត្រីជំនាញរបស់នាយកដ្ឋានព័ត៌មានទីផ្សារការងារ និងគ្រឺះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីផ្សព្វផ្សាយពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ សិក្សាពីតម្រូវការជំនាញនៅតាមសហគ្រាស និងគ្រិះស្ថានឧស្សាហកម្ម ក្រុមហ៊ុនឯកជននានា។

ក្នងសេចក្តីជូនដំណឹងដដែលនោះ ក្រសួងក៏បានសុំឲ្យមានការជូយសហការក្នុងការស្វែងរកទីតាំងដើម្បីឲ្យសិក្ខាកាម សិស្ស និស្សិត ចុះកម្មសិក្សា ឬទស្សនកិច្ចសិក្សា និងផ្តល់ឱកាសការងារ ព្រមទាំងពង្រឹង និងពង្រីកភាពជាដៃគូររវាងវិស័យសាធារណៈ និងឯកជន លើវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ