ភាគីពាក់ព័ន្ធជំរុញឲ្យសារព័ត៌មានធ្វើសេចក្តីរាយការណ៍ពីដំណើរការបោះឆ្នោតឲ្យមានតម្លាភាព

ភាគីពាក់ព័ន្ធជំរុញឲ្យអ្នកសារព័ត៌មានចូលរួមធ្វើសេចក្តីរាយការណ៍ពីដំណើរការបោះឆ្នោតឲ្យមានតម្លាភាព ដោយ​គោរពតាមក្រមសីលធម៌វិជ្ជាជីវៈ ដើម្បី​បញ្ជៀសកុំឲ្យមានជម្លោះពីលទ្ធផលបោះឆ្នោតនាពេលខាងមុខ។

ក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្តីពីការត្រៀមលក្ខណៈរបស់អ្នកសារព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយ​សម្រាប់​កា​របោះ​ឆ្នោតឃុំ-សង្កាត់ ឆ្នាំ២០១៧ នាថ្ងៃទី៣១ មីនានេះ នាយកប្រតិបត្តិមជ្ឈមណ្ឌលកម្ពុជា ដើ​​ម្បី​​​​​ប្រព័ន្ធ​ផ្ស​ព្វផ្សា​យ​ឯ​​ក​រាជ្យ លោក ប៉ា ងួន​ទៀង លើកឡើងថា ការដែលគណបក្សពីរ មានបេក្ខភា​ពស្មើគ្នានៅ​ទូទាំងប្រ​ទេស​បែបនេះ លោ​​កថាការប្រកួ​តនឹង​មាន​លក្ខណៈស្រួចស្រាល។ លោកថាលទ្ធផលបោះឆ្នោ​ត អាចជាកា​រព្រួយ​បា​រម្ភពី​ភាព​ផុយស្រួយបង្កជម្លោះក្រោយការបោះឆ្នោត។

លោក ប៉ា ងួនទៀង ជំរុញឲ្យអ្នកសារព័ត៌មានត្រូវបង្កើនធ្វើសេចក្តីរាយការណ៍ពីបរិយាកាសន​យោបាយមុ​ន​បោះឆ្នោ​ត តម្លាភាពនៃការប្រកួតប្រជែង និងលទ្ធផលរាប់សន្លឹកឆ្នោត ប្រកបដោយវិជ្ជាជីវៈ ដែលលោ​ក​ថា​​ដើម្បីចូ​លរួមជំរុញឲ្យមានភាពត្រឹមត្រូវនៃការបោះឆ្នោត។

លោកថា៖ «ការប្រកួតដ៏ស្វិតស្វាញបែបនេះ វាជាភាពផុយស្រួយណាស់ទៅនឹងលទ្ធផលបោះឆ្នោត​។ ដូច្នេះខ្ញុំថាតួនា​ទីយើងជា​អ្នកសារព័ត៌មាន មានសារប្រយោជន៍សំខាន់ ហើយខ្ញុំជឿថាប្រជាពលរ​ដ្ឋភាគច្រើនគាត់​ឲ្យតម្លៃអ្ន​កសា​រព័ត៌​មា​ន គាត់ជឿសមត្ថភាពវិជ្ជាជីវៈរបស់អ្នកសា​រព័ត៌មាន។ ​​ដូច្នេះអ្វីដែល​យើងត្រូវធ្វើ​ យើងត្រូវរៀ​បចំខ្លួន​យើងតាំ​ងពីក្រមសីលធម៌ របៀបនៃការរាយការណ៍ ត្រូវឆែកប្រភ​ពឲ្យច្បា​ស់លា​ស់មុនយើងផ្សាយ បើមិនអញ្ចឹង​ទេ​ វានឹ​ងធ្វើ​ឲ្យខូចមុខមាត់[ស្ថាប័ន]និងបាត់បង់ជំនឿ»។

សមាជិកសម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត ERA លោក សំ គន្ធាមី លើកឡើងដែរថា ដើម្បីជំរុញឲ្យមាន​តម្លាភាព​ ​ERA នឹងដាក់ពង្រាយ​អ្នកសង្កេត​ការណ៍ឲ្យបាន​ជា​ង២ម៉ឺនការិយាល័យនៅទូទាំងប្រទេស សម្រាប់តាមដានដំ​ណើរកា​របោះ​ឆ្នោតរហូតបោះឆ្នោតរួច។

លោក សំ គន្ធាមី ឲ្យដឹងទៀតថា អ្នកព័ត៌មានក៏អាចទាញយកឯកសារនានាដែលបានពីអ្នកសង្កេតការណ៍ពីបន្ទ​ប់ស្ថាន​កា​រណ៍បោះឆ្នោត យកទៅផ្សព្វផ្សាយបន្តឲ្យសាធារណជនបានដឹងបន្តផងដែរ។​

ប្រធានក្លឹបអ្នកកាសែត លោក ប៉ែន បូណា លើកឡើងដែរថា ការផ្សាយព័ត៌មានប្រកបដោយវិជ្ជាជីវៈ លោ​ក​ថា បានដើ​រ​តួ​នាទី​យ៉ាងសំខាន់ ក្នុងការជំរុញតម្លាភាពនៃការបោះឆ្នោត ដោយផ្សព្វផ្សាយពីសកម្មភាព គជប សកម្មភាពអ្នកនយោបាយ និងពន្យល់ពលរ​ដ្ឋ​ឲ្យ​​យ​ល់ដឹ​ង ពី​សារសំ​ខាន់នៃការបោះឆ្នោតជាដើម។

លោកថា៖ «អ្នកសារព័ត៌មានយើង គួរតែប្រកាន់យកគោលការណ៍ហ្នឹងឯងបាទ។ សារព័ត៌មានធ្វើយ៉ាងម៉េច [សរសេរ​បែបសន្តិភាព]ហើយជាពិសេសក្នុងដំណាក់កាលបោះឆ្នោត ជាដំណាក់កាលមួយដ៏ក្តៅ ដែលរសើប បើសិនជា​យើ​ង​នាំ​​​គ្នាទៅបង្កាត់ភ្លើង ឬយើងនាំគ្នាយកសាំងទៅចាក់លើភ្លើង ពេលនោះ វានឹងក្លាយជារឿងធំ»។

អគ្គនាយករងនៃអគ្គនាយកដ្ឋានព័ត៌មាននិងជាតំណាងឲ្យក្រសួងព័ត៌មាន លោក ពៅ ពីសិដ្ឋ លើកឡើងដែរថា អ្ន​កព័​ត៌​មានដែលគោរពក្រមសីលធម៌ និងវិជ្ជាជីវៈពិតជាបានជួយជំរុញ​តម្លាភាពនៃដំណើរការបោះ​ឆ្នោត។ប៉ុន្តែលោ​ក​ថា អំឡុងយុទ្ធនាការរកសំឡេងឆ្នោត  ក្រសួងមិនអនុញ្ញាតិ ឲ្យផ្សព្វផ្សាយពីការស្ទង់មតិទេ  ដោយ​ថា ​ដើម្បីកុំ​ឲ្យ​ពល​រ​ដ្ឋមា​នការយល់ច្រឡំ និងទប់ស្កាត់ភាពចលាចលក្នុងសង្គម។

អ្នកនាំពាក្យ គជប លោក ហង្ស ពុទ្ធា អះអាងថា ស្ថាប័នជាតិមួយនេះ នឹងបំពេញតួនាទីជាស្ថាប័នឯករាជ្យ ដែលលោកថាដើម្បីផ្តល់ទំនុកចិត្តដល់ម្ចាស់ឆ្នោតនិងគណបក្សនយោបាយនានា។

លោក​ ហង្ស ពុទ្ធា បញ្ជាក់ផងដែរថា លទ្ធផលបោះឆ្នោតនឹងត្រូវបិទនៅ​តាមការរិយាល័​យនីមួយៗ​ ទូទាំ​ងប្រទេស​ ​ភ្លាមៗ ក្រោយពីរាប់រួចនិងផ្ញើទៅកាន់​គណបក្សន​យបោយផងដែរ ក្រៅពី​ប​​​ង្ហោះ​​​​​នៅគេហទំព័រ របស់ គជប ។

លោកថា៖ «គជប កំពុងតែគិតអំពីប្រព័ន្ធផ្ញើមក នូវលទ្ធផលបោះឆ្នោត តាមបែបនីតិវិធី។ បានន័យថាមាន​ភាពច្បា​ស់លា​ស់ មិនមែនគ្រាន់តែឮតាមទូរសព្ទ ហើយចេះតែឆ្លើយទេ។ ហើយ គជប គ្មានគោលបំណងធ្វើនយោបាយទេ គជប ប្រកាន់នូវអព្យាក្រិតភាពរបស់ខ្លួន។ អញ្ចឹង គជប នឹងធ្វើការប្រកាស ស្នើសុំមិនឲ្យ​គណ​បក្សន​យោបា​យណា​មួ​យចេញសេចក្តីប្រកាសពីលទ្ធផលបោះឆ្នោតមុន គជប ទេបាទ»។

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នឹងប្រព្រឹត្តទៅ​នៅថ្ងៃទី៤ ខែ​មិថុនា ឆ្នាំ​២០១​៧ ពោលគឺ​នៅស​ល់​ប្រ​​មាណជាពីរខែទៀតប៉ុណ្ណោះ។

បើតា​មលោក ហង្ស ពុទ្ធា នៅថ្ងៃបោះឆ្នោត អ្នកសារព័ត៌មាន អាចថតសកម្មភាព បោះឆ្នោត នៅតាមកា​ររិយល័​យ​បោះ​ឆ្នោតនីមួយៗបាន បើមានការអនុញ្ញាតិពីមន្ត្រីប្រចាំការិយាល័យ។ ប៉ុន្តែលោកថា អ្នកសារព័ត៌មាន អាចថ​តបាន ដោយមិនចាំបាច់សុំការអនុញ្ញាតិ ចំពោះសកម្មភា​ព​កំ​ពុ​ងរាប់សន្លឹកឆ្នោត និងឯកសារដែលបិ​ទប្រកា​សនៅ​តា​មកា​រិយា​ល័យ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ