របាយការណ៍​មួយ​បង្ហាញ​ថាកម្ពុជាមិន​ទាន់បាន​ដោះ​ស្រាយចំ​បញ្ហា​គន្លឹះ​កសិកម្ម​

របាយការណ៍​ស្រាវជ្រាវ​ថ្មីមួយ​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល ​បង្ហាញ​ថា​កម្ពុជា​នៅ​មិន​ទាន់​អាច​ដោះ​ស្រាយ​បញ្ហាគន្លឹះ​​នៃ​វិស័យ​កសិកម្ម​​នៅ​ឡើយ​ ដែលធ្វើ​ឲ្យ​កសិផល​មិន​អាច​ប្រកួត​លើ​ទី​ផ្សារ​ធំ បើទោះ​ជា​ទី​​ផ្សារ​អាស៊ាន​បាន​​បើក​រួច​ហើយកាលពី​ចុង​ឆ្នាំ​២០១៥​។

​ក្នុងរបាយការណ៍​ស្តីពី​ការត្រៀម​ខ្លួន​របស់​គ្រួសារ​កសិករខ្នាត​តូចកម្ពុជា ឆ្ពោះ​ទៅ​សមាហរណ​កម្ម​សហគមន៍​សេដ្ឋ​កិច្ច​អាស៊ាន ​វេទិកា​​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្តីពីកម្ពុជា ឲ្យ​ដឹង​ថា អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​នេះ​រដ្ឋាភិបាល​នៅ​មិន​ទាន់​បាន​ដោះ​ស្រាយ​បញ្ហា​ប្រឈមបាន​ទាំង​ស្រុង​នៅឡើយ។ បញ្ហា​​ទាំង​នោះ​រួម​មាន ការ​រៀប​ចំ​ដីធ្លីកសិកម្ម ប្រព័ន្ធ​ស្រោច​ស្រព​ ការ​ទាក់​ទាញ​វិនិយោគ និង​ទី​ផ្សារ​ និង​បច្ចេក​ទេសកសិកម្ម។

វេទិកា​​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្តីពីកម្ពុជា បានដកស្រង់​របាយការណ៍​របស់​ក្រសួង​ធនធាន​ទឹក​នៅ​ឆ្នាំ​២០១០ បង្ហាញថាកម្ពុជា​អាច​​ចែកចាយទឹក​បាន​​តែ​ចំនួន​៤៣%​នៃ​ផ្ទៃ​ដី​កសិកម្ម ដែល​សល់​ពី​នេះ​គឺ​ធ្វើ​​កសិកម្ម​ដោយ​ពឹង​លើ​ទឹក​ភ្លៀង។

បើ​តាម​របាយការណ៍​នោះ​ ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ចទៅ​ឲ្យ​ក្រុម​ហ៊ុន​ឯក​ជន​ពីសំណាក់​​​រដ្ឋាភិបាល បាន​បន្សល់​នូវ​បញ្ហា​ជា​ច្រើន​ដដែល ជាពិសេស​ទៅ​លើ​សិទ្ធិ​ដីធ្លី​របស់​ជន​ជាតិ​ដើម​ភាគ​តិច បើ​ទោះ​ជា​ពេលនេះត្រូវបាន​ផ្អាកហើយក៏ដោយ​។ ​​

ប្រធាន​នាយក​ដ្ឋានកសិឧស្សាហកម្ម នៃ​ក្រសួង​កសិកម្ម លោក គង់ ភាជ មាន​ប្រសាសន៍​ថា លោក​ទទួល​ស្គាល់​ពី​ចំណុចខ្វះ​ខាត​ទាំង​នេះ តែ​លោក​ថា​បញ្ហា​ទាំង​នេះ​មិន​អាច​ដោះ​ស្រាយ​បាន​តែ​ក្រសួង​កសិកម្ម​បាន​នោះ​ទេ វា​ត្រូវ​ការ​ឲ្យ​មាន​ការ​ចូល​រួម​ពីភាគី​ក្រសួង​ពាក់​ព័ន្ធ​មួយ​ចំនួន​ទៀត។ ទោះ​ជា​យ៉ាង​ណា​លោក​ថា​បច្ចុប្បន្ន​នេះ រដ្ឋាភិបាល​កំពុង​រៀប​ចំបង្កើត​គណកម្មាធិការ​មួយ​ដែល​មានសមភាព​ពី​ភាគីក្រសួង​ពាក់​ព័ន្ធ​ទាំង​នោះ​ដើម្បី​ត្រៀម​ដោះ​ស្រាយពី​បញ្ហា​កសិកម្ម​នេះ​ហើយ។ លោក​មាន​ជំនឿ​ថា​ក្រោយ​ពី​គណកម្មាធិការនេះ​ត្រូវបាន​បង្កើត​ឡើងនោះ ​បញ្ហា​ទាំង​នេះ​​នឹង​អាច​ត្រូវ​បានដោះ​ស្រាយ។ ​

លោក​ថា៖ «យើង​មាន​ជំនឿ​និង​ទុក​ចិត្ត​បាន​ដោយសារ នៅ​ក្នុង​នោះ​គណកម្មាធិការ​គឺ​មាន​ការ​ចូល​រួម​ពី​ស្ថាប័ន​ពាក់​ព័ន្ធ​ច្រើន ដែល​មាន​១៨​ក្រសួង ហើយ​នឹង​មាន​អាជ្ញាធរ​ខេត្ត ដែល​មាន​គណៈអភិបាល​ខេត្ត​ រាជធានី​ទាំង​២៥ ក៏​ជា​សមាជិក​អញ្ចឹង​យើង​អាចមក​អង្គុយ​រួម​គ្នាដើម្បី​រក​ដំណោះ​ស្រាយ។ ដែល​មាន​បញ្ហា​ហើយ​ជា​ពិ​សេស​អ្វី​ដែលជា​សំណួរ​កំពុង​លើក​ឡើង​នេះ​ យើង​នឹង​ធ្វើ​ការ​ដោះ​ស្រាយ​ជុំគ្នា ដែល​កន្លងមក​គឺ​យើង​អត់​ទាន់​បាន​ធ្វើ​ការ​ឲ្យ​ស៊ី​ជម្រៅ​ទេហើយ​គណៈកម្មាធិការនេះ​យើង​នឹង​បង្កើត​ឆាប់ៗ»។

សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន បាន​ចាប់​ផ្តើម​ឡើង​នៅ​ថ្ងៃ​ទី៣១ ធ្នូ​ ឆ្នាំ​២០១៥ ត្រូវ​បានចាត់​ទុក​ថា​ជា​ឱកាស និង​ជា​កត្តាប្រឈម​ចំពោះ​សេដ្ឋកិច្ច​កម្ពុជា។ ទោះ​ជា​យ៉ាង​ណា​ក្តី​ គង់ ភាជ​ ថាកម្ពុជា​កំពុង​រៀប​ចំខ្លួន​​បណ្តើរ​ៗហើយនៅ​ពេល​នេះ ដោយ​លោក​ថា​វិធានការ​របស់​រដ្ឋាភិបាល​នាពេល​នេះ​គឺ​ធ្វើយ៉ាង​លើក​​ទឹក​ចិត្ត​អ្នក​ផលិត និង​អ្នក​កែច្នៃកសិផល​ ដោយ​ក្នុង​នោះអ្វី​ដែល​រដ្ឋាភិបាល​ដាក់​ចេញ​ហើយ​នោះ ​រួម​មានការ​​ទម្លាក់​អត្រា​ការ​​ប្រាក់​​ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ និង​ការ​លើក​ទឹក​ចិត្ត​ម្ចាស់​រោង​ម៉ាស៊ីន​កិន​ស្រូវ​តាម​រយៈការ​ទម្លាក់​តម្លៃ​អគ្គីសនី​ជា​ដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ