ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានប្រាប់ទៅប្រធានាធិបតីថ្មីរបស់ហ្វីលីពីនថាប្រទេសចិនសង្ឃឹមស្ដារទំនាក់ទំនងជាមួយប្រទេសហ្វីលីពីនឲ្យត្រឡប់ទៅរកភាពប្រក្រតីឡើងវិញ បន្ទាប់ពីទំនាក់ទំនងរវាងប្រទេសទាំងពីរជួបភាពរកាំរកូសជុំវិញជម្លោះដែនទឹកនៅសមុទ្រចិនខាងត្បូង។
ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថា លោក ស៊ី បានបញ្ជូនសារទៅលោក Duterte កាលពីល្ងាចថ្ងៃចន្ទម្សិលមិញដោយបានអបអរសាទរជ័យជម្នះរបស់លោកក្នុងការបោះឆ្នោតកន្លងមក ហើយនិយាយថា ប្រទេសទាំងពីរមានប្រវត្តិសាស្ត្រជាមិត្តនឹងគ្នាយូរអង្វែងមកហើយ។
លោក ស៊ី បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍នោះថា ការវិវត្តនៃទំនាក់ទំនងចិន-ហ្វីលីពីនប្រកបដោយមិត្តភាពនិងស្ថេរភាព កើតឡើងដោយផ្អែកតាមផលប្រយោជន៍នៃប្រទេសនិងប្រជាជនទាំងពីរ។ លោកបន្តថា ប្រទេសទាំងពីរមានការទទួលខុសត្រូវចំពោះកិច្ចសហប្រតិបត្តិការដ៏ស៊ីជម្រៅ។
ទំនាក់ទំនងចិននិងហ្វីលីពីនបានជាប់នៅក្នុងជម្លោះដែនដីនៅសមុទ្រចិនខាងត្បូងដែលជាផ្លូវទឹកយុទ្ធសាស្ត្រដ៏សំខាន់ដែលមានការដឹកជញ្ជូនទំនិញតម្លៃ៥ពាន់ពាន់លានដុល្លារឆ្លងកាត់ទីនោះជារៀងរាល់ឆ្នាំ។ ប្រទេសប៊្រុយណេ ម៉ាឡេស៊ី តៃវ៉ាន់ និងវៀតណាមក៏អះអាងជាម្ចាស់លើដែនដីនោះផងដែរ។
ភាពតានតឹងរវាងចិននិងហ្វីលីពីនបានកើនឡើង ខណៈដែលតុលាការអន្តរជាតិនៅទីក្រុងឡាអេកំពុងត្រៀមចេញសាលដីកាមួយនៅពីរបីខែខាងមុខនេះនៅក្នុងករណីមួយដែលប្ដឹងដោយប្រទេសហ្វីលីពីនកាលពីឆ្នាំ២០១៣។
ហ្វីពីលីនកំពុងស្វែងរកការបញ្ជាក់ពីច្បាប់សមុទ្ររបស់អង្គការសហប្រជាជាតិដែលអាចនឹងបំផ្លាញដល់ការអះអាងជាម្ចាស់លើផ្ទៃទឹក៩០ភាគរយនៃសមុទ្រចិនខាងត្បូង។ ចិនបានច្រានចោលអំណាចតុលការនេះ៕