ក្រសួងអប់រំថ្កោលទោសសមាគមគ្រូបង្រៀនដែលអំពាវនាវឲ្យគ្រូបង្រៀនចូលរួមធ្វើបាតុកម្ម

ក្នុងខ្លឹមសារចេញផ្សាយថ្ងៃទី៣០ ខែឧសភា ក្រសួងអប់រំ យុវជន និងកីឡា បានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យដែលអំពាវនាវឲ្យគ្រូបង្រៀនទាំងអស់ចូលរួមធ្វើកូដកម្មឬបាតុកម្ម ប្រសិនបើមានការចាប់ខ្លួនប្រធានស្ដីទីគណបក្សសង្រ្គោះជាតិលោក កឹម សុខា។

ក្រសួងអប់រំបានហៅទង្វើរបស់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យមិនបានបង្ហាញពីភាពឯករាជ្យរបស់ខ្លួននិងថាសកម្មភាពនេះគ្រាន់តែជាកូនជឹងមួយរបស់គណបក្សសង្គ្រោះជាតិតែប៉ុណ្ណោះ។

សេចក្ដីថ្លែងការណ៍របស់ក្រសួងអប់រំបានសរសេរបន្ថែមថា៖ “ដោយសារតែទង្វើបម្រើគណបក្សនយោបាយទាំងអស់នេះហើយ ទើបក្រសួងមិនទទួលស្គាល់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យថាជាសហជីពឯករាជ្យដែលបម្រើផលប្រយោជន៍របស់បុគ្គលិកអប់រំឡើយ”

ក្រសួងអប់រំក៏បានចាត់ទុកការអំពាវនាវរបស់សមាគមគ្រូបង្រៀនឯករាជ្យថាជាការកំពុងអូសទាញគ្រូទាំងអស់ឲ្យផុងខ្លួនចូលទៅបម្រើនយោបាយប្រឆាំងតែប៉ុណ្ណោះ ថែមទាំងផ្ទុយនឹងស្មារតីនិងខ្លឹមសារនៃមាត្រា៣៤នៃច្បាប់ស្ដីពីការអប់រំផងដែរ។

ទាក់ទងនឹងសេចក្តីសេចក្តីថ្លែងការណ៍ថ្កោលទោសនេះ វីអូឌី បានព្យាយាមទាក់ទងអ្នកនាំពាក្យនិងមន្ត្រីក្រសួងអប់រំជាច្រើនដង ដើម្បីសុំការបញ្ជាក់បន្ថែមនៅថ្ងៃអង្គារនេះ។ ប៉ុន្តែទូរស័ព្ទចូល ហើយមិនមានអ្នកទទួលនោះទេ។

ប្រធានស្ដីទីនៃសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យលោកស្រី អ៊ុក ឆាយ៉ាវី សម្ដែងការសោកស្ដាយចំពោះការចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសរបស់ក្រសួងអប់រំ ហើយថាសកម្មភាពរបស់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យគឺធ្វើដើម្បីជាតិហើយមិនមែនដើម្បីបក្សនោះទេ។

លោកស្រី អ៊ុក ឆាយ៉ា បន្ថែមថា៖ ខ្ញុំឃើញថារដ្ឋាភិបាលធ្វើសព្វថ្ងៃគឺធ្វើដើម្បីបក្សមិនមែនដើម្បីជាតិទេ! ហើយខ្ញុំចេញសេចក្ដីថ្លែងការណ៍នេះខ្ញុំគិតថាខ្ញុំចេញមិនមែន[ដើម្បី]គណបក្ស។ ខ្ញុំចេញឲ្យរដ្ឋាភិបាលបានយល់ថាកាលដែរដកអភ័យឯកសិទ្ធិ មិនមែនគណបក្សរបស់ខ្លួនឯងទៅដកបានស្រេចតែចិត្តទេ! […] អញ្ចឹងមិនបាច់មានច្បាប់ទម្លាប់ទេចឹង”។

លោកស្រីបន្តថារដ្ឋាភិបាលគួរតែគិតរឿងប្រទេសជាតិជាធំ ហើយមិនគួរយករឿងស្នេហាបុគ្គលឯកជនមកធ្វើជារឿងធំនោះឡើយ។

ដោយឡែកលោកមេធាវី សុក សំអឿន សម្ដែងការគាំទ្រចំពោះសេចក្តីថ្លែងការណ៍របស់ក្រសួងអប់រំដែលថាគ្រូបង្រៀនត្រូវតែអព្យាក្រឹត្យនិងឯករាជ្យ។ ក៏ប៉ុន្តែលោកថាប្រសិនបើក្រសួងធ្វើគឺត្រូវធ្វើឲ្យមានភាពស្មើគ្នាពោលគឺមិនត្រូវប្រកាន់ខាងណាឡើយ។

លោកមានប្រសាសន៍បន្ថែមថា៖ “ […]ទាល់តែហាមកុំឲ្យគ្រូទាំងអស់កុំឲ្យចូលជាសមាជិកគណបក្សនយោបាយណាមួយ ហើយហាមមិនឲ្យគ្រូទាំងអស់ចូលរួមសកម្មភាពឃោសនានយោបាយ។ បើធ្វើបានស្មើភាពគ្នាទៅគឺល្អ ហើយបើបានគ្រូបង្រៀនអព្យាក្រឹត្យគឺល្អតែម្ដង

គួរបញ្ជាក់ថាកាលពីថ្ងៃទី២៩ខែឧសភាកន្លងទៅនេះសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យបានចេញសេចក្ដីថ្លែងការណ៍មួយដោយអំពាវនាវឲ្យលោកគ្រូអ្នកគ្រូទាំងអស់នៅទូទាំងប្រទេសចូលរួមធ្វើកូដកម្មឬបាតុកម្មដោយអហិង្សាស្របច្បាប់ ប្រសិនបើមានការចាប់ខ្លួនលោក កឹម សុខា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ