គណបក្សប្រឆាំងថា លោក កឹម សុខា មិនភ័យខ្លាចនឹងការតាមចាប់ខ្លួន

លោក កឹម សុខា កាលពីកន្លងទៅ

គណបក្សសង្រ្គោះជាតិនៅថ្ងៃនេះប្រកាសជាចំហរថា លោក កឹម សុខា នៅទីស្នាក់ការគណបក្សដោយមិនមានការភ័យខ្លាចពីការតាមចាប់ខ្លួនរបស់សមត្ថកិច្ចនោះទេបើទោះបីតំណាងរាស្ត្រគណបក្សប្រជាជនទាំង៦៨រូប បានបើកផ្លូវឲ្យតុលាការបន្តនីតិវិធីតាមចាប់ខ្លួនក៏ដោយ។

ក្នុងសន្និសិទសារព័ត៌មាននៅមុខស្នាក់គណបក្សស្ថិតក្នុងសង្កាត់ចាក់អង្រែលើ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣១ ខែឧសភានេះ មន្ត្រីជាន់ខ្ពស់និងជាតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង ថ្លែងប្រាប់អ្នកគាំទ្រនិងអ្នកសារព័ត៌មានថា លោក កឹម សុខា កំពុងនៅក្នុងស្នាក់ការគណបក្ស។ លោកថា លោក កឹម សុខា នឹងមិនគេចខ្លួនទេ បើមានករណីចាប់ខ្លួនមែននោះ។

លោក អេង ឆៃអ៊ាង បង្ហាញការខកចិត្តថា ការដែលក្រុមតំណាងរាស្ត្របក្សកាន់អំណាចប្រកាសបើកផ្លូវឲ្យតុលាការចាប់ខ្លួនមេបក្សរបស់ខ្លួនទាំងមានអភ័យឯកសិទ្ធិសភានោះ លោកថាវិធានការនោះបានរំលោភរដ្ឋធម្មនុញ្ញ។

លោកថា៖ “រដ្ឋសភាខ្មែរដែលមានតែតំណាងរាស្ត្រមកពីគណបក្សប្រជាជនកម្ពុជាហ្នឹងគឺបានអនុម័តដោយរំលោភរដ្ឋធម្មនុញ្ញផ្តល់សិទ្ធិឲ្យតុលាការដើម្បីបន្តនីតិវិធី(ចាប់ខ្លួនលោក កឹម សុខា) ហើយខ្ញុំជំរាបជូនបងប្អូនថា លោកប្រធានស្តីទី កឹម សុខា បច្ចុប្បន្នគឺគាត់ស្នាក់នៅទីស្នាក់ការនេះ ហើយសុខភាពរបស់គាត់អត់មានបញ្ហាអីទេ ហើយគាត់កាន់តែមានកម្លាំងចិត្ត ដើម្បីតស៊ូតទៅទៀតតាមរយៈដែលបងប្អូនតស៊ូ (មកគាំទ្រដល់ស្នាក់ការបក្ស)រយៈពេល៦ថ្ងៃនេះបានមកតាមឃ្លាំងមើលនិងផ្តល់កម្លាំងចិត្ត ហើយគាត់អត់រាថយទេបងប្អូន

កាលពីថ្ងៃទី៣០ ខែឧសភា ម្សិលមិញរដ្ឋសភាបានបើកកិច្ចប្រជុំបន្ទាន់មួយដែលមានតែតំណាងរាស្ត្របក្សកាន់អំណាចចូលរួម។ ពួកគេបានសម្រេចឲ្យតុលាការបន្តនីតិវិធីតាមចាប់ខ្លួនប្រធានស្តីទីលោក កឹម សុខា ទាំងមានអភ័យឯកសិទ្ធិសភា។

ក្រោយបញ្ចប់កិច្ចប្រជុំបន្ទាន់ដែលប្រើរយៈពេលមិនដល់មួយម៉ោងនោះអ្នកនាំពាក្យរដ្ឋសភាលោក ឡេង ប៉េងឡុង បានការពារពីភាពត្រឹមត្រូវនៃការសម្រេចរបស់តំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជានោះថាបានធ្វើឡើងតាមទម្រង់ច្បាប់។

លោកបន្ថែមថា៖ ប្រការ៤១ថ្មីនៃបទបញ្ជាផ្ទៃក្នុង ការអនុម័តទាំងឡាយណាត្រូវយកតាមមតិភាគច្រើនដែលមានកំណត់ក្នុងរដ្ឋធម្មនុញ ក្រៅពីនេះមតិភាគច្រើនដាច់ខាតនៃចំនួនសមាជិករដ្ឋសភាទាំងមូលត្រូវយកជាបានការ វៀរលែងតែមានចែងក្នុងច្បាប់ដោយឡែក អ៊ីចឹងគ្មានច្បាប់ណាកំណត់ដោយឡែកអ្វីទាំងអស់ អ៊ីចឹងការអនុម័តឲ្យសមត្ថកិច្ចបន្តនីតិវីធីទៅទៀតលើលោក កឹម សុខា និងលោក អ៊ុំ សំអាន គឺជារឿងត្រឹមត្រូវ

មាត្រា៨០នៃរដ្ឋធម្មនុញ្ញចែងថា តំណាងរាស្ត្រមានអភ័យឯកសិទ្ធិសភា។ តំណាងរាស្ត្ររូបណាក៏ដោយមិនអាចត្រូវបានចោទប្រកាន់ ចាប់ខ្លួន ឃាត់ខ្លួន ឬឃុំខ្លួន ដោយហេតុពីបានសំដែងមតិយោបលឬបញ្ចេញមតិក្នុងការបំពេញមុខងាររបស់ខ្លួនសោះឡើយ។

ការចោទប្រកាន់ការចាប់ខ្លួន ការឃាត់ខ្លួន ឬការឃុំខ្លួនសមាជិកណាមួយនៃរដ្ឋសភានឹងអាចធ្វើទៅកើត លុះណាតែមានការយល់ព្រមពីរដ្ឋសភាឬពីគណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋសភាក្នុងចន្លោះសម័យប្រជុំនៃរដ្ឋសភា វៀរលែងតែក្នុងករណីបទល្មើសព្រហ្មមទណ្ឌជាក់ស្តែង។

ក្នុងករណីខាងក្រោមនេះ ក្រសួងមានសមត្ថកិច្ចត្រូវធ្វើសេចក្តីរាយការណ៍ជូនរដ្ឋសភាឬជូនគណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋសភាជាបន្ទាន់ដើម្បីសម្រេច។ មាត្រនោះចែងទៀតថាសេចក្តីសម្រេចរបស់គណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋសភាត្រូវដាក់ជូនសម័យប្រជុំរដ្ឋសភាខាងមុខ ដើម្បីអនុម័តតាមមតិភាគច្រើនពីរភាគបីនៃសមាជិករដ្ឋសភាទាំងមូល។

នៅក្នុងសេចក្តីថ្លែងការណ៍មួយចេញផ្សាយនៅថ្ងៃចន្ទនេះ ប្រមុខបេសកកម្មការទូតនៃសហភាពអឺរ៉ុបបានលើកឡើងថាខ្លួនខកចិត្តយ៉ាងខ្លាំងចំពោះ”ការកើនឡើងកម្តៅនយោបាយដ៏គ្រោះថ្នាក់”នៅប៉ុន្មានថ្ងៃថ្មីៗនេះ ដោយអំពាវនាវឲ្យបញ្ឈប់នូវការយាយីផ្នែកតុលាការលើលោក កឹម សុខា និងតំណាងអង្គការសង្គមស៊ីវិលផ្សេងៗ។

VODមិនអាចរកការបញ្ជាក់ពីអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន បានទេដោយទូរសព្ទរបស់លោកមិនមានអ្នកទទួល។ ប៉ុន្តែបើតាមលោក អេង ឆៃអ៊ាង គិតត្រឹមថ្ងៃទី៣១ខែឧសភានេះ គណបក្សសង្រ្គោះជាតិមិនទាន់ទទួលដំណឹងពីបក្សកាន់អំណាចសម្រាប់កំណត់ថ្ងៃបើកកិច្ចពិភាក្សា រកដំណោះស្រាយនយោបាយនៅឡើយទេ បើទោះបីកន្លងទៅគណបក្សលោកធ្លាប់បានឲ្យអគ្គលេខាធិការរងរដ្ឋសភាមកពីគណបក្សប្រឆាំងទាក់ទងលោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា ដើម្បីទាក់ទងទៅគណបក្សប្រជាជនកម្ពុជាស្វែងរកការចរចាក៏ដោយ។

បើតាមលោក អេង ឆៃអ៊ាង នៅចំពោះមុខស្ថានការណ៏នេះគណបក្សប្រឆាំងប្រើជម្រើស៣គឺការអន្តរាគមពីព្រះមហាក្សត្រ ការអន្តរាគមពីសហគមន៍អន្តរជាតិ និងការគាំទ្រពីកម្លាំងមហាជន ដែលលោកថាដើម្បីជំរុញឲ្យស្ថានការនយោបាយវិលទៅរកភាពល្អប្រសើ ឈានទៅធានាការបោះឆ្នោតនៅឆ្នាំ២០១៧និង២០១៨ប្រព្រឹត្តិទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌៕ រាយការណ៍បន្ថែមដោយ ញឹម សុខន

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ