ប្រមុខរដ្ឋា​ភិបាលពិចារណាបិទ​មណ្ឌលព្រៃស្ពឺ

​មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈព្រៃ​ស្ពឺ

ប្រមុខរដ្ឋាភិបាលបញ្ជាឲ្យអាជ្ញាធររាជធានីភ្នំពេញនិងក្រសួងសង្គមកិច្ចឲ្យពិនិត្យលើមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈព្រៃស្ពឺ ដោយលោកថាមានសេចក្តីរាយការណ៍ថាមណ្ឌលនេះមានកេរិ៍ឈ្មោះមិនល្អក្នុងការបម្រើសេវាដល់កុមារឬជនអនាថាផ្សេងទៀត។

ថ្លែងក្នុងពិធីរំឭកខួបលើកទី៦៧នៃទិវាកុមារអន្តរជាតិ១ មិថុនា នៅសាលមហោស្របកោះពេជ្រនាព្រឹកនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងថាមណ្ឌលព្រៃស្ពឺដែលមានទីតាំងស្ថិតក្នុងខណ្ឌពោធិសែនជ័យក្នុងរយៈពេលជាច្រើនឆ្នាំនេះនៅតែមិនអាចកែលម្អសេវារបស់ខ្លួនឲ្យមានភាពល្អប្រសើរបាន។ លោកថា លោកបានដឹងថាមណ្ឌលមួយនេះរងនូវការតិះដៀលជាច្រើនពីមហាជន ដោយលោកថាដោយសារតែមណ្ឌលមួយនេះបានធ្វើឲ្យប៉ះពាល់ដល់មុខមាត់រដ្ឋាភិបាល។ លោកក៏បានស្នើឲ្យបិទមណ្ឌលនេះបើសិនជាមិនមានការកែប្រែសេវាឲ្យល្អប្រសើរនោះទេ។

លោកបន្ថែមថា៖ “ក៏ប៉ុន្តែមណ្ឌលមួយនេះតែងរងនូវការទិតៀនដែលធ្វើឲ្យកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលរងនូវភាពល្អក់កករដោយសារតែមណ្ឌលមួយនេះ…បើសិនជាខ្វះសមត្ថភាពគ្រប់គ្រងតាំងពីមណ្ឌលតូចតាចប៉ុណ្ណឹង តើយើងមានលទ្ធភាពធ្វើអ្វីបន្ថែមទៀត អ៊ីចឹងសូមឲ្យបញ្ឈប់ ព្រោះរឿងនេះប្រហែលជាបួនប្រាំឆ្នាំហើយ រឿងវាមិនចេះឈប់អាមណ្ឌលមួយហ្នឹង…បើថាបិទៗចោលតែម្តងទៅមិនចាំបាច់ធ្វើអ្វីទៀតទេ ព្រោះវាយូរពេកហើយ វាត្រាំត្រែងពេកហើយៗខ្វះការពន្យល់ ខ្វះការរៀបចំ មានតែប៉ុណ្ណឹងទេ”

ទាក់ទងនឹងការលើកឡើងនេះ អ្នកនាំពាក្យសាលារាជធានីភ្នំពេញលោក ជិន ប៊ុនធឿន ថាលោកមិនទាន់អាចធ្វើអត្ថាធិប្បាយលើករណីនេះបាននៅឡើយ។ វីអូឌី ក៏មិនទាន់អាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យក្រសួងសង្គមកិច្ច លោក សួង ម៉េងឡុង បាននៅឡើយដែរ ដោយទូរស័ព្ទចូលតែគ្មានអ្នកទទួល។

អ្នកគ្រប់គ្រងបច្ចេកទេសផ្នែកស៊ើបអង្កេតនៅអង្គការលីកាដូលោក អំ សំអាត មានប្រសាសន៍ថាអង្គការលីកាដូ បានធ្វើការទាក់ទងនឹងមណ្ឌលព្រៃស្ពឺនេះពីឆ្នាំ២០០៦ដល់ឆ្នាំ២០០៩ និងបានរកឃើញថាមណ្ឌលមួយនេះមានការធ្វើទារុណកម្ម ការឃុំឃាំងមនុស្ស និងទុកមនុស្សដែលមានជំងឺរហូតដល់ស្លាប់ដោយមិនបានយកទៅព្យាបាលជាដើម។ លោកសាទរទៅនឹងបញ្ជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការពិចារណាបិទមណ្ឌលមួយនេះ។

លោកបន្ថែមថា៖ “អ៊ីចឹងហើយពេលនេះសម្តេចនាយករដ្ឋមន្ត្រីក៏លោកមើលពិនិត្យឃើញអ៊ីចឹង ហើយលោកបានទទួលបានព័ត៌មានអ៊ីចឹងបានជាលោកឲ្យធ្វើការព្រមានឲ្យកែប្រែ បើមិនដូច្នេះឲ្យបិទតែម្តង នេះជាចំណុចមួយដែលប្រមុខរាជរដ្ឋាភិបាលមើលឃើញនូវមណ្ឌលនេះមានភាពមិនប្រក្រតីប៉ះពាល់ដល់សិទ្ធប្រជាពលរដ្ឋ

បើតាមលោក អំ សំអាត មណ្ឌលព្រៃស្ពឺនេះជាកន្លែងដែលអាជ្ញាធរប្រមូលកុមារនិងជនអនាថាឬស្ត្រីប្រកបរបររកស៊ីផ្លូវភេទមកឲ្យស្នាក់ក្នុងមណ្ឌលមួយនេះ។

គួររំឭកដែរថាកាលពីចុងឆ្នាំ២០១៥ អង្គការលីកាដូបានស្នើឲ្យរដ្ឋាភិបាលបិទមណ្ឌលព្រៃស្ពឺនេះបន្ទាប់ពីអង្គការនេះរកឃើញថាមានបុរសមានវិបត្តិផ្លូវចិត្តម្នាក់ស្លាប់ដោយសារលង់ទឹកនិងស្រីម្នាក់ទៀតស្លាប់ដោយគ្មានការស៊ើបអង្កេតរកមូលហេតុ។ អង្គការដដែលចាត់ទុកមណ្ឌលមួយនេះថាជាកន្លែងឃុំឃាំងមនុស្សដោយមិនចាំបាច់មានដីកាពីតុលាការ។ កន្លងមកស្ត្រីប្រកបរបររកស៊ីផ្លូវភេទមួយចំនួនក៏ធ្លាប់លើកឡើងដែរថា អាជ្ញាធរបានចាប់ពួកគេទៅដាក់នៅក្នុងមណ្ឌលមួយនេះដោយមិនមានបង្រៀនអ្វីនោះទេនិងខ្លះថាខ្លួនបានលួចរត់ចេញពីមណ្ឌលនោះវិញ ដោយសារស្ថានភាពរស់នៅលំបាក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ