សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្សព្រួយបារម្ភពីការបោះឆ្នោតនៅកម្ពុជា

សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស ហៅ​កាត់​ថា APHR នៅ​ថ្ងៃ​នេះ បាន​អំពាវ​នាវ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ដោយ​បើក​ចំហ និង​ដោយ​សន្តិវិធី​នៅ​កម្ពុជា ខណៈ​ដែល​ប្រទេស​នេះ​គ្រោង​រៀបចំ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​-សង្កាត់ នៅ​ចុង​សប្ដាហ៍​នេះ។​​

ក្នុង​សេចក្ដី​ប្រកាសព័ត៌មានមួយ​ នៅ​ថ្ងៃ​នេះ ក្រុម​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស​ បាន​អំពាវ​នាវ​ឲ្យ​បញ្ចប់​ការ​គំរាម​កំហែង អំពើ​ហឹង្សា និង​ការ​យាយី និងជំរុញ​ទៅ​អាជ្ញាធរ​កម្ពុជាឲ្យ​ធានា​ថា សិទ្ធិ​បោះ​ឆ្នោត​របស់​ពលរដ្ឋ​កម្ពុជា​ ត្រូវ​បាន​ការពារ។

ប្រធាន​ APHR លោក Charles Santiago សមាជិក​សភា​ម៉ាឡេស៊ី ត្រូវ​បាន​ដក​ស្រង់​សម្ដី​ដោយ​និយាយ​ថា ពលរដ្ឋ​កម្ពុជា​សម​តែ​ទទួល​បាន​ឱកាស​ក្នុង​ការ​ជ្រើស​រើស​មេដឹកនាំ​មូលដ្ឋាន​របស់​ពួកគេ​ដោយ​គ្មាន​ការ​ភ័យ​ខ្លាច។

លោក​បន្ថែម​ថា បរិយា​កាស​សិទ្ធិ និង​នយោបាយ​ដែល​មាន​លក្ខណៈ​គាប​សង្កត់ និង​រឹតត្បិត​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​គ្រោះ​ថ្នាក់ និង​ការ​ធាក់​ថយ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​នេះ បាន​ធ្វើ​ឲ្យ​កម្ពុជា​ក្លាយ​ជា​ប្រទេស​មាន​គំនាប​នយោបាយ​ខ្លាំង​បំផុត​នៅ​ក្នុង​តំបន់។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថា គ្មានការគំរាមកំហែង គ្មានការគាប​សង្កត់​ទៅលើគណបក្សប្រឆាំងទេ ហើយថា មិនអាចទទួលយកបានទេចំពោះរបាយការណ៍ ឬអនុសាសន៍ ដោយថា ​លំអៀងទៅខាងបក្សប្រឆាំង៖ «ប៉ុន្មានថ្ងៃមុននេះ ម្សិលមិញម្សិលម៉្ងៃនេះ គឺពួកបក្សប្រឆាំង​ហ្នឹងហែក្បួន​ហើយ​វ៉ៃអ្នកជិះម៉ូតូម្នាក់ដែលប៉ះពាល់ទៅដល់ក្បួនហែរបស់គេហ្នឹង អាហ្នឹងសួរថាអ្នកណាបង្កើតអំពើហិង្សា?។ សុំសួរ​អស់លោកសភាគណបក្សប្រឆាំងនៅអាស៊ានមើល៍ អស់លោកយល់យ៉ាងម៉េចដែរដែលគេវ៉ៃគេជិតស្លាប់ហ្នឹង បួន​ដប់ម្ភៃនាក់វ៉ៃគេតែម្នាក់ហ្នឹង អាហ្នឹងតើជាអំពើហិង្សា? ពីណាគាបអ្នកណា? ពីណាមកគំរាមកំហែងអ្នកណា?»។ លោកនៅបញ្ជាក់បន្ថែមថា លោក ហ៊ុន សែន មិនមែនជាអ្នកបង្កើតសង្គ្រាមទេ តែបាននិយាយថា បើគ​ណបក្សប្រឆាំងឈ្នះឆ្នោត គឺនយោបាយរបស់បក្សប្រឆាំង​បង្ក​ឲ្យមានសង្គ្រាម។

ប៉ុន្តែគណបក្សប្រឆាំង និងអ្នកវិភាគ តែងតែអះអាងថា បើគណបក្សប្រឆាំងឈ្នះឆ្នោតនឹងមិនមានសង្រ្គាមទេ ដោយបក្សប្រឆាំងគ្មានអាវុធនោះឡើយ។

ស្របពេលនៃការបោះឆ្នោតនេះ អង្គការលើកលែងទោសអន្តរជាតិ (Amnesty International)​ បាន​ចេញ​របាយការណ៍មួយថា​ បក្ស​កា​ន់អំណាច ហាក់បានប្រើវិធា​នកា​​រ​បំបាត់សិទ្ធិសេរីភាពបញ្ចញមតិ ការជួបជុំ​ដោយសន្តិវិធី ខណៈកា​រ​បោះឆ្នោតឆ្នាំ២០១៧ និង២០១៨ជិតមកដល់។

អង្គការលើកលែងទោសអន្តរជាតិមួយនេះ បានចាត់ទុក ការឃុំខ្លួនសកម្មជនដីធ្លីនៅតំបន់បឹងកក់ អ្នកស្រី ទេព វន្នី ការចាប់ខ្លួនមន្ត្រីអាដហុក​ មន្ត្រី គ.ជ.ប សកម្មជនបក្សប្រឆាំង និងការយាយីអតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី ជាដើ​ម​ថា រ​ដ្ឋា​ភិបាលរបស់លោក ហ៊ុន សែន «ហាក់បីដូច​ជាបានចា​​ប់ផ្តើម​ធ្វើយុ​ទ្ធនា​ការជា​ប្រព័ន្ធមួយ ដើ​ម្បីកម្ចាត់អ្នកដែលហ៊ានរិះគន់ តាមរយៈសំ​ណុំរឿ​ងព្រហ្មទណ្ឌគ្មានហេតុផល និង​ប្រឌិត»។

ប៉ុន្តែដូចរាល់ដងដែរ មន្រ្តីគណបក្សកាន់អំណាចបានច្រានចោលរបាយការណ៍នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ