អង្គការថាជនពិការនៅតែបាត់បង់សិទ្ធិបោះឆ្នោត

អង្គការជនពិការកម្ពុជាលើកឡើងថា ជនពិការនៅតែបាត់បង់សិទ្ធិក្នុងការចូលរួមការបោះឆ្នោតដោយថាមកពីអាជ្ញាធរមិនសូវយកចិត្តទុកដាក់។

ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងសិក្ខាសាលាមួយនៅថ្ងៃនេះ នាយកប្រតិបត្តិអង្គការជនពិការកម្ពុជាលោក ងិន សៅរ័ត្ន មានប្រសាសន៍ថា តាមការសង្កេត និងចុះធ្វើការផ្ទាល់ជាមួយបណ្តាញជនពិការតាមបណ្តាខេត្តគឺ រកឃើញថា ជនពិការមួយចំនួនមិនទាន់មានអត្តសញ្ញាណប័ណ្ណសម្រាប់ទៅបោះឆ្នោតនោះទេ។ ប៉ុន្តែយ៉ាងណាលោកមិនបានបញ្ជាក់ពីចំនួនតួលេខជាក់លាក់ ឡើយ។

លោកមន្ថែមថា «អង្គការជនពិការយើងជាអង្គការបណ្តាញដែលធ្វើការទូរទាំង២៥រាជធានីខេត្ត ហើយពេលដែលយើងចុះធ្វើការជំរុញបងប្អូនជនពិការក្នុងការបោះឆ្នោត យើងនៅតែសង្កេត ឃើញថា ជនពិការខ្សោយសន្តិបញ្ញា និងជនពិការធ្ងន់ធ្ងរមួយចំនួននៅតែអត់ទាន់មានអត្តសញ្ញាណប័ណ្ណតាំងពីគាត់កើតមករហូតដល់ពួកគាត់អាយុ៣០ទៅ៤០ឆ្នាំហើយអត់ទាន់មាន អត្តសញ្ញាណប័ណ្ណនៅឡើយទេគឺវាជាការពិត ព្រោះពេលដែលយើងចុះជួបបងប្អូនជនពិការ នៅតាមសហគមន៍ ហើយតាមរយៈការប្រជុំបណ្តាញរបស់អង្គការជនពិការកម្ពុជាក៍មានការ លើកឡើងពីថ្នាក់ដឹកនាំតាមបណ្តាខេត្តប្រាប់មកដល់អង្គការជនពិការកម្ពុជាយើងដែរ»

លោក ងិន សៅរ័ត្ន បានអំពាវនាវឲ្យរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធជួយយកចិត្តទុកដាក់ ដល់ជនពិការបន្ថែមទៀត ដោយធ្វើយ៉ាងណាឲ្យពួកគេមានសិទ្ធិចូលរួមបោះឆ្នោតបានគ្រប់ៗគ្នា។

ទីប្រឹក្សាក្រសួងព័ត៌មានលោក គាម ម៉ារិទ្ធីយ៉ា ដែលចូលរួមសិក្ខាសាលានោះ និយាយថា កន្លងមករដ្ឋាភិបាលធ្វើការងារជាច្រើនដើម្បីជួយលើកកម្ពស់សិទ្ធិ និងជំរុញឲ្យជនពិការអាចចូល ក្នុងវិស័យនយោបាយ ដូចជាការផ្សព្វផ្សាយអំពីសិទ្ធិ និងច្បាប់ជនពិការជាដើម។

លោកបន្ថែមថា «ចំពោះបញ្ហានេះ ការយកចិត្តទុកដាក់គឺយើងធ្វើសន្សឹមៗ យើងមិនអាចធ្វើ ដោយកំហ៊ុកបានទេ សន្សឹមៗយ៉ាងម៉េច? យើងមើលគជបក្នុងបច្ចុប្បន្ននៃអណត្តិនេះហាក់បី ដូចជាបានចូលរួម និងធ្វើកិច្ចការច្រើនណាស់ដើម្បីបំរើ និងសម្រប់សម្រួលឲ្យជនពិការ អញ្ចឹង យើងឃើញថានេះជាការបោះជំហានទី១របស់គជបហើយ ប៉ុន្តែឲ្យក្រឹតភាពវាមិនអាចធ្វើបាន ល្អនោះទេគឺយើងត្រូវធ្វើម្តងបន្តិចៗ ព្រោះអី គជប ក៏អត់ស្វែងយល់ស៊ីជំរៅអស់អំពីទុក្ខលំបាក់របស់ជនពិការដែរ អញ្ចឹងមានជនពិការគ្នាយើងទេដែលអាចដឹងអស់»

ប្រធានការិយាល័យរដ្ឋបាលនិងផលិតឯកសារបណ្តុះបណ្តាលនៃជគបលោក ស៊ុំ ប៊ុនហុង ឲ្យ ដឹងថា តាមលទ្ធផលនៃចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៦មានជនពិការជាង៣ម៉ឺននាក់បានទៅចុះឈ្មោះបោះឆ្នោត។

លោកបន្តថា ដើម្បីជំរុញឲ្យជនពិការទៅបោះឆ្នោត គជប បានជួយសម្រួលច្រើនដល់ជនពិការ ដូចជាការផ្តល់អាទិភាពឲ្យចូលបោះមុនគេ ចំពោះអ្នកមិនអាចបោះដោយខ្លួនបានគឺអាចរក ជំនួយបាន និងនីតិវិធីផ្សេងៗទៀត។

លោកបន្ថែមថា «ហើយទី២យើងបានបញ្ជូលទៅសម្រាប់អ្នកពិការភ្នែក ដែលគាត់មានបំណង ចង់បោះឆ្នោត អញ្ចឹងយើងបានបង្កើតក្របក្រដាសពិសេសមួយដើម្បីឲ្យគាត់ងាយស្រួលក្នុង ការគូសធិចនៅលើសន្លឹកឆ្នោតដែលគាត់សម្រេចចិត្តថាបោះឲ្យគណបក្សណាទៅតាមអ្វីដែល គាត់បានដឹងអំពីគណបក្សនយោបាយដែលចុះឈ្មោះនៅឃុំសង្កាត់ហ្នឹង ដល់អញ្ចឹងគាត់សិទ្ធិ គូសធិចនៅតាមក្របក្រដាស់ដែលគជបដាក់ឲ្យហ្នឹង ប៉ុន្តែកន្លែងខ្លះក៍គជបមិនទាន់មានលទ្ធ ភាពគ្រប់គ្រាន់ទេដោយសារ គជប ជាស្ថាប័នអនុវត្តនៅបច្ចេកទេស អញ្ចឹងចំពោះការសម្រួល ផ្សេងៗ គជប មិនអាចធ្វើបានទេ»

អ្នកប្រឹក្សាឯករាជ្យផ្នែកសិទ្ធិមនុស្សលោក សួន​ ប៊ុនស័ក្តិ មានប្រសាសន៍ថា ជនពិការមានសិទ្ធិ បោះឆ្នោតដូចពលរដ្ឋមិនពិការដែរ ប៉ុន្តែប្រសិនបើអាជ្ញាធរមិនគិតគូរជួយឲ្យពួកគេបានចូលរួម បោះឆ្នោតទេ វាជាទម្រង់មួយនៃការរំលោភសិទ្ធិអ្នកទទួលបានការបោះឆ្នោត។

លោកបន្ថែមថា «បញ្ហាទីមួយគឺរំលោភសិទ្ធិការទទួលបានការបោះឆ្នោតរបស់ជនពិការ ដោយ អាជ្ញាធររដ្ឋដែលមិនបានគិតគូរពីរឿងសិទ្ធិក្នុងការចូលរួមការបោះឆ្នោតនេះឯង ពីព្រោះថាបី កាលណាមានសិទ្ធិចូលរួមបោះឆ្នោតហើយតែរដ្ឋមិនលើកទឹកចិត្ត រដ្ឋមិនរកមយ្យោបាយដោះ ស្រាយជូនគ្នាទេអានេះគឺជាទម្រុងនៃការរំលោភសិទ្ធិអ្នកទទួលបានការបោះឆ្នោតពីរដ្ឋ»

តាមរបាយការណ៍របស់អង្គការជនពិការកម្ពុជាបង្ហាញថាបច្ចុប្បន្នមានជនពិការប្រមាណជា១៥ភាគរយនៃប្រជាជនសរុបជាង១៤លាននាក់។ តួលេខនេះច្រើនជាងរដ្ឋាភិបាលដែលអះអាងថាកម្ពុជាមានជនពិការត្រឹមតែ២,១ភាគរយតែប៉ុណ្ណោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ