បក្សប្រឆាំងអំពាវនាវឲ្យកម្មករទៅបោះឆ្នោត ខណៈក្រ​សួង​ការងារ​មិនផ្តល់​ថ្ងៃឈប់សម្រាក

កម្មករ-កម្មការិនីរោងចក្រ (រូបភាពពីសហជីព CLUF)

គណបក្ស​សង្គ្រោះ​ជាតិ​ អំពាវនាវឲ្យកម្មករ កម្មការិនី និងនិយោជិតទាំងអស់ទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នា បើទោះបីជាក្រ​សួង​ការងារ​មិន​អនុញ្ញាតឲ្យ​មាន​ថ្ងៃឈប់សម្រាកចំនួនពីថ្ងៃបន្ថែមក៏ដោយ។

ក្នុងសេចក្ដីអំពាវនាវរបស់គណបក្សសង្គ្រោះជាតិ ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧ ឲ្យដឹងថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅពេលខាងមុខនេះ ពិតជាមានសារៈសំខាន់បំផុតសម្រាប់ប្រជាពលរដ្ឋនិងកម្មករកម្មការិនី និយោជិតទាំងអស់ ក្នុងការជ្រើសរើសតំណាងរបស់ខ្លួននៅថ្នាក់មូលដ្ឋាន និងជំហានឆ្ពោះទៅរកការផ្លាស់ប្ដូរជាវិជ្ជមាននៅការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៨។

ទោះជាយ៉ាងណា ​ក្នុងសេចក្ដីអំពាវនាវនោះ គណបក្សសង្រ្គោះជាតិបានលើកទឹកចិត្តឲ្យ កម្មករ កម្មការិនី និយោជិតទាំងអស់ លះបង់ពេលវេលា ថវិកា ផ្ទាល់ខ្លួន ដើម្បីជម្នះទៅបោះឆ្នោតនៅតាមទីកន្លែងដែលបានទៅចុះឈ្មោះបោះឆ្នោតកន្លងមក  បើទោះបីជារោងចក្រ សហគ្រាស ក្រុមហ៊ុន សណ្ឋាគារ ភោជនីយដ្ឋាន និងគ្រឹះស្ថានទាំងអស់មិនអនុញ្ញាត ឲ្យច្បាប់ឈប់សម្រាកគ្រប់គ្រាន់សម្រាប់ឲ្យទៅបោះឆ្នោតក៏ដោយ។

នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧  អតីតមន្ត្រីគណបក្ស​សង្គ្រោះ​ជាតិ​ដែលកំពុង​ជាប់​ឃុំ​នៅពន្ធនាគារនៅព្រៃសរ ក៏បានអំពាវនាវឲ្យពលរដ្ឋទៅបោះឆ្នោត ដោយថាដើម្បីធ្វើការផ្លាស់ប្ដូរ ដូរយកសេរីភាព យុត្តិធម៌  និងជីវភាពថ្លៃថ្នូរ  ហើយបើគ្មានការផ្លាស់ប្ដូរដោយសន្លឹកឆ្នោតមួយសន្លឹករបស់ពលរដ្ឋទេ គឺការឈឺចាប់ ការភ័យខ្លាចនៅតែបន្តកើតមាន ដោយសារ  ការគំរាមកំហែងសន្តិសុខ សុវត្ថិភាពដដែល។   លិខិតអំពាវនាវឲ្យដឹងបន្តថា មន្ត្រីគណបក្សសង្គ្រោះជាតិមួយចំនួន ដែលកំពុងជាប់ពន្ធនាគារមកដល់សព្វថ្ងៃនេះ ដោយសារ ស្ថាប័នតុលាការមិនឯករាជ្យ និងការដឹកនាំផ្ដាច់ការរបស់រដ្ឋាភិបាលបច្ចុប្បន្ន។

កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៧ សហភាពការងារកម្ពុជា បានស្នើសុំ គ.ជ.ប សហការជា​មួយក្រសួង​ការងារ​​និ​ងបណ្តុះបណ្តាលវិជ្ជាជីវៈ ជួយសម្រួលផ្តល់ថ្ងៃឈប់សម្រាកដោយមិនកាត់ប្រាក់ឈ្នួល​ចំនួនពីរថ្ងៃ​បន្ថែម​​ទៀត គឺថ្ងៃទី៣និងទី៥ខែឧសភា មុននិងក្រោយថ្ងៃបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលនឹង​ប្រព្រឹត្ត​ទៅ​នៅថ្ងៃទី៤​ មិថុនា​ ២០១៧។

ប៉ុន្តែកាលពីថ្ងៃចន្ទ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចេញសេចក្ដីជូនដំណឹងឲ្យម្ចាស់រោងចក្រ សហគ្រាស គ្រឹះស្ថានទាំងអស់ជួយបង្កលក្ខណៈងាយស្រួលដល់កម្មករ និយោជិតបានទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះ ប៉ុន្តែមិនបានអនុញ្ញាតឲ្យមានថ្ងៃឈប់សម្រាកបន្ថែមនោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ