កែវ កល្យាណ បដិសេធដើរគន្លង អម្ពរ ទេវី

អ្នកនាង កែវ កល្យាណ ដែលជាអតីតតារាសម្ដែងជើងចាស់ (វង្ស សុម៉ាលីន)

ក្នុងជំនួប​ដោយ​ផ្ទាល់ក្នុងពិធីពិធីខួបអាពាហ៍ពិពាហ៍​របស់​អ្នកនាង ទេព បុទមបុផល ដែលជាតារាកំប្លែងកាលពីថ្ងៃទី២៨ ឧសភា អ្នកនាង កែវ កល្យាណ ដែលជាអតីតតារាសម្ដែងជើងចាស់ បានអះអាងថាអ្នកនាងមិនដើរតាមគន្លងរបស់អ្នកនាង អម្ពរ ទេវី ដែលសុខចិត្តជិះយន្តហោះមកសម្ដែងភាពយន្តមួយទុកជាស្នាដៃធ្វើអោយមានការភ្ញាក់ផ្អើលនោះទេ ដោយអ្នកនាងប្រកាសថាមិនចង់សម្ដែង និងមិនចង់ល្បី​​បន្តទៅទៀត។

អ្នកនាងបានឆ្លើយតបបែបនេះ នៅពេលមានការចោទសួរថា តើអ្នកនាងមានគម្រោងសម្ដែងមួយរឿងអោយផ្អើលសិល្បៈដូចគ្នានឹងអ្នកនាង អម្ពរ ទេវី​​ ឬទេ។ អ្នកនាង កែវ កល្យាណ និយាយថា​អ្នកនាង​រស់នៅក្នុងស្រុក​មិនដែលបានចេញទៅណាមកណានោះទេ ប៉ុន្តែមកពីអ្នកនាង​អត់មានអារម្មណ៍ចង់វិល​ក្នុងសិល្បៈ ទើបអ្នកនាងប្រកាសថាមិនទទួលការសម្ដែងនោះទេ។

អ្នកនាងថាខ្លួនចាស់ហើយ ​​ទើបរមែងប្រកែកមិនទទួលការសម្ដែង ដោយសារតែអ្នកនាងក៏មិនចង់បង្ហាញមុខណាមួយធ្វើអោយ​ក្មេង​ៗយល់ថាអ្នកនាងនៅតែចង់ល្បីឈ្មោះ។ ​​អ្នកនាងសារភាពដោយត្រង់ថា មានផលិតករច្រើននាក់​បានស្នើអោយអ្នកនាងចេញសម្ដែង ដោយគម្រោងធ្វើរឿងអោយអ្នកនាងបាន​សម្ដែង​អោយខ្លាំងដូចគ្នានឹងភាពយន្តដែលអ្នកនាង អម្ពរ ទេវី បានសម្ដែងយ៉ាងលេចធ្លោក្នុងរឿង «ទឹកចិត្តម្ដាយសម័យថ្មី» នោះផងប៉ុន្តែមកពីអ្នកនាងមិនចង់សម្ដែងទើបរមែងច្រានចោល។

អ្នកនាងនិយាយថា «អត់ទេ អត់ចង់សម្ដែងអី​ដូច អម្ពរ ទេវី ទេ ចាស់ហើយនៅតាមចាស់ទៅ»។

យ៉ាងណាមិញ​ផ្ទុយពីការដាក់ខ្លួនរបស់អ្នកនាង កែវ កល្យាណ គេកត់សម្គាល់ថាអ្នកនាងនៅស្អាត និងមិនចាស់តាមវ័យ ដែលអាចនៅសម្ដែងជាតួម្ដាយឬជាតួជំទាវបាននៅឡើយ។ ក្នុងពេលអ្នកនាងបង្ហាញខ្លួន មានអ្នក​សិល្បៈនិងភ្ញៀវកិត្តិយសច្រើននាក់សុំអ្នកនាងថតជាមួយ ដោយអ្នកនាងក្រៅពីមិនរើសអើង ក៏រួសរាយណាស់ដែរ។ ​​អ្នកនាងមិនបានបង្ហើបអោយដឹងពីស្ថានភាព​ឯកជននោះទេ តែអ្នកនាងប្រាប់ថាខ្លួនមានកូនស្រីម្នាក់ស្រឡាញ់សិល្បៈដែរ ដោយគ្រាន់តែអ្នកនាងមិន​អោយចូលប្រឡូកប្រឡាក់ដោយចង់អោយរៀនអោយបានជ្រៅជ្រះ។

អ្នកនាងផ្ដល់ចម្លើយដដែលជាដដែលថា ​មិន​ចង់បន្សល់ទុកស្នាដៃណាមួយមុនពេល​ចាស់ទៅនោះទេ ដោយសារតែអ្នកនាងយល់ថាក្មេងៗមានសមត្ថភាពច្រើន ដែលមិនចាំបាច់ទាល់តែអ្នកនាងទើបរឿងនោះមានតួអង្គល្អ។

អ្នកនាងនិយាយថា «ទៅសម្ដែងអីទៀត ក្មេងៗឥឡូវពូកែចង់ងាប់ គេសម្ដែងបានហើយ ខ្ញុំមិនបាច់ទេ(សម្ដែង)»។

យោងតាមការអះអាងរបស់អ្នកនាង កែវ កល្យាណ គឺមហាជននឹងមិនអាចបានឃើញស្នាដៃមួយថ្មីរបស់អ្នកនាងទៀតទេ បើទោះជាអ្នកនាងរស់នៅស្រុក ហើយបានឃើញពីភាពរីកចំរើនក្នុងវិស័យភាពយន្តនាពេលចុងក្រោយច្រើនជាងតារាសម្ដែងជើងចាស់ដែលរស់នៅក្រៅស្រុកដូចជាអ្នកនាង អម្ពរ ទេវី ជាដើម ដែលគួរតែចាប់អារម្មណ៍ចង់បង្ហាញមុខមួយរឿង ច្រើនរឿង មិនខុសគ្នានឹងអ្នកនាង ចាន់ តារាទី និង ប៉ែន សុផានី ជាដើម។

អ្នកនាងថាខ្លួនគឺអស់និស្ស័យនឹងការសម្ដែងតែម្ដង ទើបអ្នកនាងលែងចង់សម្ដែង និងថាការសម្ដែងមួយរឿងទុកជាអនុស្សាវរីយ៍មុនចាស់ឬទុកជាស្នាដៃអ្វីដូចគ្នានឹងអ្នកនាង អម្ពរ ទេវី គឺមិនអាច។

យ៉ាងណាមិញ អ្នកនាងថាសម្រាបការបង្ហាញមុខក្នុងកម្មវិធីសិល្បៈ អ្នកនាងនៅតែបន្តធ្វើឡើងដោយមិនខ្លាចចំពោះ​ការសម្ភាសន៍របស់អ្នកកាសែតនោះទេ ដោយសារតែអ្នកនាងយល់ថាខ្លួនមិនមានរឿងត្រូវខ្លាចនិងចង់ភ្ជាប់ទំនាក់ទំនងជាមួយតារាសិល្បៈជំនាន់ក្រោយដូចគ្នា។

អ្នកនាងនិយាយថា «សម្រាប់ខ្ញុំ ប្អូន(អ្នកសិល្បៈ)អោយតែអញ្ជើញគឺអត់ចោលទេ ព្រោះខ្ញុំចូលចិត្តជួបជុំចឹងដែរតើ!»។

អ្នកនាងសរសើរថាតារាសិល្បៈស្រករក្រោយស្រស់ស្អាតជាងជំនាន់អ្នកនាង និងសម្ដែងបានល្អមិនចាញ់តារាៗនៅក្នុងជំនាន់អ្នកនាង​​ក្នុងពេលដែល​តារាស្រករក្រោយបែរជាមើលឃើញថាអ្នកនាងជាតារាជើងចាស់ដែលសម្ដែងបានឥតខ្ចោះមិនអាចប្រដូចបាន និងនៅស្រស់ស្អាតបើទោះជាមានវ័យច្រើន។

អ្នកនាងមិនបានបង្ហើប​ថាតើអ្នកនាងប្រកបអាជីវកម្មអ្វី និងមានស្វាមី ឬយ៉ាងណានោះទេ ខណៈដែលតារាសិល្បៈបានអះអាងថាអ្នកនាងទំនងជាមេម៉ាយច្រើនជាងមានស្វាមី ដោយសារតែអ្នកនាងមិនធ្លាប់រំលឹករឿងស្វាមី និងចូលចិត្តទៅណាមកណាតែជាមួយកូនស្រីឬជាមួយតារាចម្រៀង ចាន់ ចរិយា ដែលអ្នកនាងបានអះអាងថាជាប្អូនស្រីធម៌ឬជាមិត្តសម្លាញ់នោះ។

អ្នកនាងត្រូវគេអះអាងថារស់នៅក្នុងវីឡាមួយនៅបុរីប៉េងហួតទួលគោល ដោយជីវភាពរបស់អ្នកនាងក្រៅពីមានវីឡាក៏មានលុយចាយមិនអស់ដែរ ​ក្រោយពេលបាត់បង់ពីសិល្បៈទាំងស្រុង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ