សង្គម​ស៊ីវិលស្នើ​ឲ្យ​ស្ថាប័នពាក់ព័ន្ធចូលរួម​លុប​បំបាត់​អំពើ​ហិង្សា​លើ​ស្ត្រី

ទិវា​សុវត្ថិភាព​ទីក្រុង​សម្រាប់​ស្ត្រី

អង្គការ​សង្គម​ស៊ីវិល​ចំនួន៥បានស្នើជំរុញឲ្យ​រដ្ឋាភិបាលនិងស្ថាប័ន​ពាក់​ព័ន្ធ រួម​គ្នា​លុប​បំបាត់​អំពើ​ហិង្សា​លើ​ស្ត្រី ព្រម​ទាំង​រក​ដំណោះ​ស្រាយ​បន្ថែម​ក្នុង​ការ​ធ្វើ​យ៉ាង​ណា​ធានា​ឲ្យ​ស្ត្រីមាន​សុវត្ថិភាព​ក្នុង​ទីក្រុង។

ការ​ស្នើ​ឡើង​នេះ បាន​ធ្វើ​ឡើង​នៅ​ក្នុង​​កម្មវិធីមួយ​ដែល​មាន​ឈ្មោះថា ទិវា​សុវត្ថិភាព​ទីក្រុង​សម្រាប់​ស្ត្រី ក្នុង​គោល​ចំណង​បង្ហាញ​សេចក្តី​ប្រកាស​ស្តីពី​តម្រូវ​ការរបស់​ស្រ្តី ដើម្បី​លុប​បំបាត់​អំពើ​ហឹង្សារលើ​ស្ត្រីនៅ​ក្នុង​ទីក្រុង នៅក្រុងភ្នំពេញ ​កាល​ពីថ្ងៃទី៣០ ខែកក្កដាម្សិល​មិញ។

ក្នុង​កម្មវិធី អង្គការ​សង្គម​ស៊ីវិល៥ បាន​ដាក់​ចេញ​នូវ​សេចក្តី​ប្រកាស​រួម​គ្នា​មួយ ដែល​មាន​ខ្លឹម​សារ​ បក​ស្រាយអំពីបញ្ហា​ដែល​ស្ត្រីបាន​ជួប​ប្រទះ​នៅ​ក្នុង​ទីក្រុង និង​ដំណោះ​ស្រាយ​សម​ស្រន​ចំនួន​១០​ប្រការ ដើម្បី​ធានាសម្រេច​ឲ្យ​បាននូវ​ការ​​​ផ្តល់​សុវត្ថិភាព​ដល់​ស្ត្រីភេទ ពិសេស​ក្រុម​ស្រ្តីធ្វើការ​ក្នុង​សេដ្ឋកិច្ច​ក្រៅប្រព័ន្ធ មាន​ដូចជា ស្រ្តីធ្វើ​ការ​ក្នុង​វិស័យ​កាត់​ដេរ ស្រ្តីអ្នក​ផ្សព្វផ្សាយ​ស្រា​បៀ ស្ត្រីក្នុង​វិស័យ​កម្សាន្ត ស្រីប្រកប​របរ​ផ្លូវ​ភេទ។

ប្រធាន​ក្រុម​សិទ្ធិស្រ្តី អង្គការអាក់សិនអេត​កម្ពុជា លោកស្រី ឃួន ច័ន្ទទេវី មាន​ប្រសាសន៍ថា «ទីក្រុង​អាចជាទីក្រុង​ដ៏​ស្រស់​បំព្រង​សម្រាប់​ឲ្យ​យើង​រស់នៅ ប៉ុន្តែទីក្រុង​ក៏​អាច​ជា​ទី​កន្លែង​ពោរពេញ​ដោយ​ភាព​ភ័យ​ខ្លាច ជាពិសេស​សម្រាប់​ស្ត្រី»។ លោកស្រី ​ក៏​បាន​បង្ហាញ​សារ​មួយ​ចំនួន​ដែល​សុំ​ឲ្យ​ក្រសួង​ពាក់​ព័ន្ធជួយ​ដោះ​ស្រាយ​បញ្ហា​ទាំង​នោះ​ផង។

លោកស្រីថា៖ «យើង​សុំឲ្យ​និយោជក អ្នក​ផ្តល់​សេវាសាធារណៈ ធ្វើ​ការ​ជា​មួយ​ពួក​យើង​ដើម្បីធានា​ឲ្យ​បាន​ថា ជីវិត​រស់​នៅ​របស់​ស្ត្រី​ក្នុង​ទីក្រុងមាន​សុវត្ថិភាព និង​ភាពជឿជាក់។ ការទាមទារ​មួយ​ចំនួន​មាន​ដូចជា ការសុំឲ្យ​មាន​ការ​បំភ្លឺ​ផ្លូវ បន្ទប់​អនាម័យ ឬ​គ្រឿង​បរិក្ខាដែល​មាន​សុវត្ថិភាព និង ប្រសើរជាង​មុន បន្ទប់ជួល​ដែល​មាន​ភាព​សមរម្យជាង​មុន កាត់​បន្ថយការ​រើសអើង​ដល់​ស្ត្រីដល់​ចំណុច​សូន្យ»។

​កម្មការិនី​រោង​ចក្រម្នាក់ឈ្មោះ ពេជ្យ ចាន់ណា ​និង​ជា​អ្នក​ចូល​រួម​កម្មវិធីជា​មួយ​គ្នានេះថា នាង​មាន​ការ​ភ័យ​ខ្លាច​ មិន​ហ៊ាន​ចេញ​ដើរ​ពេល​យប់​ទេ ជា​ពិសេសនៅ​ពេល​ដែល​នាង​ត្រូវ​ធ្វើ​ការ​ថែម​ម៉ោង​នៅ​ពេល​យប់ មិន​ហ៊ាន​ដើរ​មក​បន្ទប់​ជួល​តែ​ឯង​ទេ។

នាង​ថា៖ «ខ្លាច​ណាស់ ខ្លាច​ក្មេង​ស្ទាវ អ្នក​ជក់​ថ្នាំ ព្រោះ​អី​នៅ​កន្លែង​ខ្ញុំ​នៅ​ហ្នឹង សំបូរ​ណាស់ ពេល​យប់​ឡើង ម៉ោង​៩ ម៉ោង១០ ដើរ​មក​តាម​ផ្លូវ តាម​ជួរ​បន្ទប់​ជួល​អី​ហ្នឹង ហើយជួន​កាល​មក​គោះ​ទ្វា​បន្ទប់​ពួក​យើង​ទៀត តែ​យើង​មិន​ដែល​បើក​ទេ»។

បើ​តាម​របាយការណ៍ ស្ត្រីមានការ​​ប្រឈម​ខ្ពស់​ទៅ​នឹងសុវត្ថិភាព​ក្នុង​ទី​ក្រុង។ របាយការណ៍​បន្ត​ថា ស្ត្រី​ត្រូវ​បាន​ហាមឃាត់​ឲ្យ​ដើរ​ពេល​យប់​ ព្រោះទីក្រុង​គួរ​ឲ្យ​ភ័យ​ខ្លាច អាច​ជួប​អំពើ​ហឹង្សា ឆក់​ ប្លន់ ឬ ការ​បៀត​បៀន​ផ្សេងៗ ហើយ ស្ត្រី​ធ្វើ​ការ​ជា​កម្មកររោងចក្រ ធ្វើការផ្សព្វផ្សាយ​ស្រាបៀ ខ៉ារ៉ាអូខេ ជា​ក្រុម​ដែល​ងាយ​រង​គ្រោះ​ ទាំង​បញ្ហា​សេដ្ឋកិច្ច សុវត្ថិភាព ការរស់​នៅ និងកិត្តិយស​ផង។

ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​ទាំង​នេះ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាស​ភក្តី បាន​ប្រាប់​វីអូឌី ថា ពាក់​ព័ន្ធ​នឹង​បញ្ហា​សុវត្ថិភាពនេះ ខាងអាជ្ញាធរ បាន​នឹង​កំពុង​តែ​ខិត​ខំ​ប្រឹង​ប្រែង​ក្នុង​ការធ្វើ​យ៉ាង​ណា​ឲ្យ​ទីក្រុង​មាន​សុវត្ថិភាព គ្មាន​ចោរ គ្មានអំពើ​ហឹង្សា​ហើយ តែ​ថា បញ្ហា​ខ្លះ​ប្រហែល​មិន​អាច​មើល​បាន​គ្រប់​ជ្រុង​ជ្រោយតែ​ប៉ុណ្ណោះ។

លោកថា៖ «ខាង​សមត្ថកិច្ច​ពិត​ជា​បាន​ធ្វើ​ការងារជាច្រើន​ ​ក្នុង​ការការពារ​សុវត្ថិភាពរបស់​ប្រជាពលរដ្ឋក្នុង​រាជធានី​ភ្នំពេញ ហើយ​ករណី​ខ្លះ ​ដែល​នៅ​តែ​កើត​មាន​យើង​ក៏​ត្រូវ​ស្វែង​រក​មុខ​សញ្ញា​បន្តចាប់​ជន​ល្មើស […] ដែល​គេ​ហៅថា ជា​ការស្វែង​រក​មុខ​សញ្ញា តាម​រក​ចាប់​ជន​ល្មើស​បន្ត​ទៀត​ដែរ ហើយ​ការងារ​នេះ មិន​ថា​ជា​យប់ ​ឬ​ថ្ងៃទេ គឺថែរក្សា​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ពិសេស ស្ត្រីគ្រប់​ពេល​វេលា»។

គួរ​បញ្ជាក់​ផងដែរ​ថា អង្គការទាំង​៥ រួម​មាន អង្គការអាក់សិន​អេតកម្ពុជា សម្ព័ន្ធ​បង​ប្អូន​ស្រី មជ្ឈមណ្ឌល​សម្ព័ន្ធភាពការងារ​និងសិទ្ធមនុស្ស សហព័ន្ធសហជីព​កម្មករ​ចំណី​អាហារនិង​សេវាកម្ម និង អង្គការ​អនាគត​កម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ