កម្ពុជា​​​មានសិទ្ធិលើថៃ ឡាវ និង​សិង្ហបុរី ក្នុងភាពយន្តរឿង «​អនុស្សាវរីយ៍ថ្ងៃចូលឆ្នាំ»

តារាសម្ដែងក្នុងរឿង​​«អនុស្សាវរីយ៍ថ្ងៃចូលឆ្នាំ»​ (វង្ស សុម៉ាលីន)

យោងតាមការប្រកាស​​ ភាពយន្ត​​​​រឿង ​​«អនុស្សាវរីយ៍ថ្ងៃចូលឆ្នាំ» ​គឺជារឿងដែលបាន​បោះទុន​ផលិតដោយផលិតករ​​​មកពី​៤ប្រទេសរួម​គ្នាគឺកម្ពុជា ថៃ ឡាវ និង​​សិង្ហបុរី ដោយផលិតករ​​​ទាំងនោះ បានទាំង​​​​យក​​តារាសម្ដែងតំណាងអោយប្រទេស​រៀងខ្លួន​​​មករំលេចនៅក្នុងភាពយន្តនេះ អោយសម្ដែងជាមួយតារាខ្មែរនោះ​ផង។

យ៉ាងណាមិញ ​ភាគីកម្ពុជាគឺផលិតកម្មមហាហង្ស​ ត្រូវបាន​​​​ភាគី​ប្រទេសទាំង​​​៣ផ្ដល់សិទ្ធិអោយធំជាង ​​លើសិទ្ធិ​​​កំណត់លើសាច់រឿងមួយផ្នែកធំ មានសិទ្ធិ​​ដាក់​តារាសម្ដែងខ្មែរ​ច្រើនជាងគេ ដែលមិនខុសពីម្ចាស់​​ផ្ទះសម្រាប់ការ​​ផលិត​ភាពយន្តមួយ​នេះ​ជាកម្មសិទ្ធិរួម​ផង ទើប​ធ្វើអោយ​​​ផលិតករ​​​​​​ប្រទេស៣ផ្សេងទៀត រួមទាំងតួសម្ដែង​ផង​ ជុំគ្នា​ក្រុងពាលី​នៅក្នុង​​ប្រទេសកម្ពុជាក្នុង​​ផលិតកម្មមហាហង្ស​កាលពីថ្ងៃ​ទី​​​២៩ កក្កដា។ ​

លោក អ៊ិន សុភិន ចាងហ្វាងផលិតកម្មមហាហង្ស​​​​និយាយថា ក្រោយការ​​ជជែក​​ដេញដោលអស់រយៈពេល​​យ៉ាង​យូរ ​ផលិតកម្មរបស់លោកក៏សម្រេចផលិតរឿង​​ «អនុស្សាវរីយ៍​ថ្ងៃចូលឆ្នាំ» ជាមួយ​​ផលិតករ​៣ប្រទេសរួមគ្នា​​ គឺ​ ​ផលិតករ​ថៃ ឡាវ និង​សិង្ហបុរី ដោយកិច្ចសហការនោះ​ គឺ​ភាគីទាំង​​​​៤សម្រេច​​​បោះទុន​​ក្នុងម្នាក់យ៉ាងតិច​៥ម៉ឺន​​ដុល្លារ ​​ព្រមជាមួយ​​នឹងការទទួល​ខុសត្រូវលើការចំណាយលើ​​តារាសម្ដែង​​និង​​ក្រុមការងារក្នុងពេល​ផលិត​។ អ៊ីចឹងហើយ​ទើបក្នុងរឿងនេះ គឺមានតួសម្ដែងរហូត​ដល់​​​ទាំង​​​​​​​​​៤ប្រទេសតែម្ដង គឺ​តារាថៃ​​​​២រូប តារាឡាវ​​១រូប តារា​សិង្ហបុរីមួយរូប និងភាគច្រើនគឺតារាកម្ពុជា ដោយ​​​សាច់រឿង​ទាំងមូលត្រូវកំណត់ចេញ​ថតនៅ​​ក្នុងប្រទេសថៃចំនួន៧ថ្ងៃ ឡាវ​​​៥ថ្ងៃ និងសល់ប៉ុន្មាន​​​ទៀតត្រូវថតនៅ​ក្នុងប្រទេសកម្ពុជា។

នៅក្នុងរឿងនេះ លោកថាផលិតកម្ម​មហាហង្សនឹងមានសិទ្ធិធំ​ជាងផលិតករទាំង​​​​៣ ដោយសារតែ​​លោកអាច​កំណត់សាច់រឿង​​ពាក់ព័ន្ធនឹង​ប្លង់របស់តារាខ្មែរបាន​មួយ​ផ្នែកធំ ហើយ​លោកក៏អាច​​ដាក់បញ្ចូល​តារា​​ខ្មែរអោយចូល​សម្ដែងបាន​ច្រើនបើ​ធៀប​នឹងតារាមកពីប្រទេស​៣ទៀត ដោយការកំណត់​​លើករណីផ្សេងទៀត ក៏​​ភាគីខាង​កម្ពុជា​​ទទួល​បានសិទ្ធិធំជាង ជាពិសេស​គឺការ​តម្រូវអោយ​តារា​​ខ្មែរ​បានសម្ដែងជាគូស្នេហ៍របស់​​​តារា​ថៃ និងតារា​ឡាវ ដើម្បី​រំលេចភាព​​​​លេចធ្លោររបស់តារាខ្មែរ​។

នៅក្នុងរឿងនេះ លោកថា​​​​ផលិតករ​​​ថៃ និង២ប្រទេសផ្សេងទៀតបានយល់ព្រម​​កំណត់​យក​​​តួឯក​​​​​​​៤គូ ដោយតារាប្រុសខ្មែរត្រូវសម្ដែងជាមួយ​តួស្រីថៃ តារា​ខ្មែរសម្ដែងជាមួយតួ​​​​ស្រីឡាវ ​​តារាថៃត្រូវ​សម្ដែងជាមួយ​តួឯករបស់​​​សិង្ហបុរី និងតារាខ្មែរត្រូវសម្ដែងជាមួយតារាខ្មែរ ​​ដើម្បីរំលេចពីស្នេហា​បែបរ៉ូម៉ាទិកនៅថ្ងៃចូលឆ្នាំក្នុងប្រទេសទាំង​៣។

លោកថារំលេចពីថ្ងៃចូលឆ្នាំព្រមគ្នានេះ គឺដោយសារតែថៃ ឡាវ និង​​​​កម្ពុជា ជាប្រទេស​ដែលមានថ្ងៃចូលឆ្នាំ​​​​ចំពេលតែមួយ​​​​​​​ ហើយមានលក្ខណៈស្រដៀងគ្នា ​​ហើយដោយសារតែខាងផលិតករមានបំនង​​ចង់បង្ហាញ​​វប្បធម៌ និង​ចងភ្ជាប់មិត្តភាព​​រវាងប្រទេសទាំង​​​៤ផង ទើបសម្រេចចាប់ដៃផលិតរឿងតែម្ដង។

សាច់រឿង ​«​អនុស្សាវរីយ៍​​​ថ្ងៃចូលឆ្នាំ» លោកថាត្រូវបាន​និពន្ធឡើងដោយ​​ផលិតករ​ចំនួន​​៤ប្រទេស​ ដោយខាង​កម្ពុជា​​​គឺលោកជា​អ្នកនិពន្ធ ហើយ​ទើប​យក​មក​​ផ្ដុំ​​សាច់រឿងបញ្ចូលគ្នា ​ដើម្បីអោយក្លាយជារឿងមួយ​ពេញ​ទម្រង់ និងមាន​សាច់រឿង​​ជក់ចិត្ត។ ​ភាពយន្តមួយនេះ នឹងដំណើរការចេញថតនៅ​ដើមខែ​សីហា ​​​​ដោយសាច់រឿងទាំងមូល​គឺនិយាយពី​​តារា​សិង្ហបុរី និង​​តារា​កម្ពុជាបាន​​ទៅកម្សាន្តចំ​ថ្ងៃចូលឆ្នាំនៅក្នុងប្រទេស​ឡាវ និងប្រទេសថៃ ​​ហើយ​​ក៏មាន​តារា​ថៃ មក​​កម្សាន្តនៅកម្ពុជាចំថ្ងៃ​​ចូលឆ្នាំដូចគ្នា ហើយក៏បង្កើតស្នេហា​​​​​បែប​រ៉ូម៉ាទិកមួយ​​​​​របស់​​​តួ​ឯកទាំង​​​៤គូ។

លោក​​បង្ហាញអារម្មណ៍​​សប្បាយចិត្ត​ដែលមាន​ឱកាស​ចាប់​ដៃផលិតរឿងជាមួយ​ផលិតករ​​​​​​ទាំង៣ប្រទេស ដែល​​​​មិនខុសពី​លោក​​ផលិតរឿង​​ជាលក្ខណៈអន្តរជាតិ ប៉ុន្តែមិន​ប្រើការចំណាយទាំងស្រុង​ដែលមានន័យថា​​លោក​​បាន​ផលិតរឿងមួយដោយមាន​​​​ក្រុមការងារ​​​ជា​ជនបរទេសចូលរួម​ចាត់ចែង និងមាន​​ទាំង​តួសម្ដែងដល់ទៅ​​​​៤ប្រទេសអោយសម្ដែង​​រួមគ្នា តែការចំណាយ​​មិនខ្ពស់។

លោកថា​​​ភាពយន្ត​នេះ​​នឹងបញ្ចប់ការ​ថត​​​​នៅអំឡុងខែ​៨ ​​ដើម្បីអាចកាត់និង​ដាក់បញ្ចាំង​ព្រមគ្នា​ចុង​ឆ្នាំ ដោយ​ការដាក់បញ្ចាំង​មិនមែន​​តែនៅ​​​ប្រទេសកម្ពុជាតែមួយ​​នោះទេ គឺដាក់​​បញ្ចាំង​​​៣ប្រទេស​ផ្សេង​ទៀតព្រមគ្នាតែម្ដង ​​គឺនៅប្រទេសថៃ ឡាវ និង​វៀតណាម​។

ភាពយន្តមួយនេះ​និយាយពីស្នេហា​​​៤គូ​​​នៅថ្ងៃចូលឆ្នាំ​​​​​ ដោយ​​តួ​អង្គ​​​​ខ្លះត្រូវឆ្លុះ​​បញ្ចាំង​​ពី​ ស្នហារ៉ូម៉ាទិក​​ចំថ្ងៃចូលឆ្នាំនៅ​ក្នុងប្រទេសថៃ ខ្លះនៅ​​ប្រទេសឡាវ និង​​ភាគច្រើន​បង្ហាញ​​​ស្នេហារវាង​​តារា​​​ប្រុសខ្មែរ​និង​តារាស្រីថៃនៅក្នុងប្រទេសកម្ពុជា តែខ្លឹមសារសំខាន់គឺនិយាយពី​ស្នេហា​មួយ​ដែលមិន​​ប្រកាន់ពូជសាសន៍ និងការ​​​​​​រំលេច​វប្បធម៌សាសនា​​របស់ប្រទេស​ទាំង​​​៣រួមគ្នា បង្ហាញ​​​​អន្តរជាតិ។

នៅក្នុងរឿងនេះ​​នឹងត្រូវ​​ចំណាយ​ទុនច្រើនក្នុងការ​រៀបចំ​ជាប្លង់អោយ​ដូចនឹងថ្ងៃចូលឆ្នាំ​​​​នៅក្នុងប្រទេសនីមួយ​ៗពិតៗ​​​​ ទើបការ​ចំណាយលោកថា​​​មិនទាន់ច្បាស់រឿង​​​ថា​​ត្រឹម​​​​មួយភាគ​​ហ៊ុន​៥ម៉ឺនដុល្លារអាចគ្រប់នោះទេ​។ លោកថាក្នុងពេល​​ចេញថត ប្រសិន​បើ​​តារា​ថៃ ឬតារាឡាវ និង​ក្រុមការងារចុះមកថតនៅកម្ពុជា នោះ​បន្ទុកក្នុងការចំណាយគឺជា​​របស់​លោក ប៉ុន្តែនៅពេលតារាខ្មែរ និងក្រុមការងាររបស់លោកចេញ​ទៅថត​នៅក្នុងប្រទេស​​ថៃ ឬឡាវ ក៏ជាបន្ទុក​​របស់​​ផលិតករ​ទាំង២​ដូចគ្នា​ផង​ដែរ ទើបលោកយល់ថាទោះមានការចំណាយខ្ពស់​យ៉ាងណាក៏មិនមែនជារឿងចម្លែក។

លោករំពឹង​ថា​​​ភាពយន្តមួយនេះ នឹងជោគជ័យ​នៅក្រៅប្រទេសច្រើនជាងក្នុងស្រុក ដោយសារតែ​​​ភាគី​ថៃមានការ​ចូលរួមសម្ដែង​​ដោយតារាស្រីថៃ​ដែលកំពុង​ឡើងកូដ ហើយភាគីឡាវ និង​សិង្ហបុរី ក៏សម្ដែងអោយ​​​​​​តួអង្គល្បីឈ្មោះដែលមានយុវវ័យប្រចាំប្រទេសពួកគេចូលចិត្ត ក្នុងពេលដែលភាគីខាង​​តារាខ្មែរដែលលោកជ្រើស​​រើស​​ ក៏​​សុទ្ធតែជាតួ​​​សម្ដែងដែល​​មានកេរ្តិ៍ឈ្មោះបោះសំឡេង និងឡើងកូដ​។

​ម្យ៉ាងមកពី​​មុន​​ចាប់ដៃ​​ផលិតរឿងនេះ​ ភាគីខាងថៃ ឡាវ និង​​វៀតណាម ​​សុទ្ធតែបានអះអាងថា​​នឹងទទួលយករឿងនេះ​ទៅដាក់បញ្ចាំង​តាមរោងទំនើប​ដោយមិនភ័យរឿងទីផ្សារដាក់បញ្ចាំង​​ផង ទើបលោក​កក់ក្ដៅ ក្នុងការចាប់ដៃ។ លោកថា​​ផលិតករ​ថៃ និងសិង្ហបុរី​​​​ដែលលោកចាប់ដៃ ធ្លាប់បាន​យករឿង​ដែលពួកគេ​ផលិត​ទៅបញ្ចាំង​នៅក្នុងទីផ្សារ​ទាំង​​៣ ហើយទទួលបានជោគជ័យ​​​​​យ៉ាងច្រើនមក​ហើយ ​​ ទើបលោកយល់ថាការផលិតមួយរឿងនេះ គឺ​ទោះជាត្រូវ​ ចំណាយ​អស់​​ជាង៣០ម៉ឺនដុល្លារ ក៏មិន​ពិបាកក្នុង​​​​​ប្រមូលដើមវិញ។

លោកនឹងយកបទពិសោធន៍​​ក្នុងការផលិតរឿងរួមគ្នាលើកនេះ ​ហើយ​បន្តចាប់ដៃជាមួយផលិតករ​​​ក្រៅប្រទេសក្នុងរឿងបន្តបន្ទាប់ ដើម្បី​បញ្ច្រៀត​ភាពយន្តរបស់ខ្មែរ​​ទៅកាន់ទី​ផ្សារ​ក្រៅប្រទេស​អោយកាន់តែទូលាយ​​​។

លោកនិយាយថា «សម្រាប់ភាពយន្ត​​​​​​​ខ្មែរគឺ​ទោះជាយើងផលិត​បានល្អម៉េច ក៏មិន​ងាយ​​​​ចូលទីផ្សារ​បរទេសបានដែរ ពិសេស​ត្រឹមតែ​​​​នៅ​រោងក្នុងបាងកកក៏មិនងាយចូលដែរ តែបើ​​យើងចាប់ដៃជាមួយ​បរទេស​​ហើយផលិត​​ជាមួយគ្នាចឹង គឺអត់ពិបាកទេ ព្រោះគាត់​​​ធានា​ទីផ្សារខាងគាត់ ហើយយើងធានាទីផ្សារខាងយើង ចឹង​ដឹងតែជោគជ័យម្មង»។

លោកថាផលិតករដែលបាន​ចាប់ដៃផលិតរឿងជាមួយលោក​គឺសុទ្ធតែ​ជាផលិតករដែលបាន​ផលិតភាពយន្តខ្នាតធំ ហើយទទួលជោគជ័យ​នៅលើទីផ្សារក្នុងរោងកុនក្នុងតំបន់អាស៊ាន​​​រួច​អស់មកហើយ ទើបលោកសប្បាយចិត្ត​ក្នុងការ​ចាប់​ដៃ។ ការផលិតរឿងនេះ លោក​​ថាមានការចំណាយ​ខ្ពស់ ប៉ុន្តែ​​​​បើនិយាយពីលទ្ធផលគឺបានច្រើន​​​​ជាងឆ្ងាយណាស់ ជាពិសេសនៅពេលដែលលោកមានឱកាសបានបញ្ចូលសម្ដែង​តារាខ្មែរច្រើននាក់អោយបានសម្ដែង​​រឿងនេះ ដែលលោក​​ចាត់ទុកថា​​គឺជាមោទភាពធំមួយសម្រាប់​តារា​ខ្មែរ និងវិស័យភាពយន្តរបស់ខ្មែរតែម្ដង​។

ភាពយន្តមួយនេះ លោកថា​​មានការចូលរួមសម្ដែង​ដោយតារា​ខ្មែរច្រើននាក់ ជាពិសេសត្រង់ឈុត​​​​​​​​​ថ្ងៃចូលឆ្នាំដែលតម្រូវអោយ​ផលិតករ​​រៀបចំ​ប្លង់អោយ​​ដូច​នឹងថ្ងៃចូលឆ្នាំ​​ពិត​ៗ បង្ហាញនៅក្នុងសាច់រឿងស្ដែងពីវប្បធម៌របស់ប្រទេសកម្ពុជានោះ​។ មួយវិញទៀត ​​​ដោយសារតែ​​រឿង​​«អនុស្សាវរីយ៍ថ្ងៃចូលឆ្នាំ»​គឺជាភាពយន្តនិយាយពី​​ស្នេហា និង​​​​វប្បធម៌ក្នុងថ្ងៃចូលឆ្នាំ​​របស់​​កម្ពុជា ឡាវ និងថៃ ទើបលោកយល់ថា​​ចំណាប់អារម្មណ៍សម្រាប់​​សាច់រឿងមួយនេះ នឹងកាន់តែទាក់ទាញ​ល្អ​​​ ដើម្បី​ដឹង​ថា​​តើពេល​ចូលឆ្នាំរបស់ប្រទេសទាំង​​​៣ គឺមានលក្ខណៈស្រដៀងគ្នា និង​ខុសគ្នា​​​​បែបណាខ្លះ? ​​ផលិតករថៃ ឡាវ និងសិង្ហបុរី ក្រៅពី​​​ទទួលខុសត្រូវ​​លើ​ភាគហ៊ុនស្មើនឹងផលិតកម្មមហាហង្ស លោកថា​ក៏​​​ត្រូវរាប់រង​​រឿង​​​តម្លៃ​​​តួ​​ឯក​ប្រុស​​ស្រី​ដែលយកមកថត លើក្រុមការងារ និងផ្ដល់​​ឧបករណ៍ថតអោយ​ទំនើប​ផងដែរ ​​ដើម្បី​អោយរឿងទាំងមូល​​​មានគុណភាព​​​ទាំង​​រូបភាព ទាំងសំឡេង និង​ប្លង់ក្នុងរឿង។

លោក ខាត់ វ៉ៃហាំង ដែលជាតារាខ្មែរមួយរូបមានសំណាងបាន​សម្ដែងជាតួ​​គូស្នេហ៍​ជាមួយតារាថៃ កញ្ញា ណាតាទីដា ដាំរ៉ុងវិសិដ្ឋផេត បានអះអាងថា​​លោកមានអារម្មណ៍រំភើបចិត្តយ៉ាងខ្លាំង​ ដែលត្រូវបាន​ផលិតករ​​មហាហង្ស​ជ្រើសរើស​​អោយធ្វើតេស្ដិ ហើយ​ក៏ត្រូវ​ផលិតករ​​​មកពី​​​៣ប្រទេសផ្សេងទៀតពេញចិត្ត​អោយ​ធ្វើតួឯកមួយរូប​។ លោកថា​តួអង្គសំខាន់​ៗនៅក្នុងរឿង​​នេះ​គឺ​​លុះត្រាតែមានការ​ឯកភាព​ពីខាង​បរទេសជាដៃគូ ទើបលោក​យល់ថាតារាដែលបានសម្ដែងនៅក្នុងរឿងនេះគឺជា​​​មោទនភាពធំ​​មួយ។

យ៉ាងណាមិញ លោក​​បានបង្ហាញពីអារម្មណ៍​រំភើប ក្នុងពេលដែលរឿងមួយ​នេះ ជាភាពយន្តដែលផលិតដោយ​ផលិតករ​​​​​​៤ប្រទេសផ្សេង​គ្នា គឺ​ថៃ ឡាវ សិង្ហបុរី និងកម្ពុជា ប៉ុន្តែកម្ពុជាបានធ្វើ​ជាអ្នកចាត់ចែងធំជាងគេ ​​ដោយអាចសម្រេចលើការ​ស្នើតួ​អោយថតបានច្រើន ដែលធ្វើអោយ​ភាពយន្តមួយ​នេះ​គឺមិនខុសពី​​ភាពយន្តរបស់​ខ្មែរនោះទេ ប៉ុន្តែមានការ​ចូលរួម​​​ពី ក្រុមការងារ​​​​​បរទេស និងពី​តារាបរទេស​​៣ប្រទេសផ្សេង​គ្នា។

លោកថា​ចំពោះ​​ភាសាគឺមិនមានបញ្ហាចោទនោះ​ទេ ដោយសារតែក្នុងពេល​ថតគឺក្រុម​ការងារបានអះអាងថានឹងមាន​អ្នកបកប្រែ​​​​​ប្រចាំការ ហើយ​​ប៉ារ៉ូលដែលត្រូវនិយាយ​ក៏​​​ត្រូវ​​និយាយភាសារៀងខ្លួន ​​ដោយ​ក្នុងពេល​​បញ្ចាំង​​​គឺបកប្រែ​​​​តែភាសារបស់តួអង្គ​ដែល​​ផ្ទុយពីប្រទេសដែលត្រូវ​បញ្ចាំង​​រឿង។ អ្វីដែលលោកសប្បាយថែមទៀត គឺរឿងទាំងមូលនឹងត្រូវ​​ដាក់បញ្ចាំងព្រម​គ្នានៅ​​ប្រទេសកម្ពុជា ថៃ ឡាវ និងវៀតណាម ហើយ​ឮថាក្នុងថ្ងៃបើក​សម្ពោធដាក់បញ្ចាំង គឺតារាបរទេស និងក្រុមការងារ​​​​ថៃ ឡាវ និងសិង្ហបុរី នឹងមក​​សម្ពោធនៅកម្ពុជាបំពេញមុខ​​​​កម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ