គ.ជ.ប នឹងធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោតថ្មី ខណៈរកឃើញចំណុចខ្វះខាត

វគ្គបណ្ដុះបណ្ដាលមួយស្ដីពី «ការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧»

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នឹងធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោតម្ដងទៀត មុនការបោះឆ្នោតថ្នាក់ជាតិនៅឆ្នាំក្រោយនេះ ខណៈ គ.ជ.ប ទទួលស្គាល់ថា ការរៀបចំបញ្ជីឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០១៦ នៅមានចំណុចខ្វះខាតមួយចំនួន។

បើតាមសេចក្ដីប្រកាសព័ត៌មាន គ.ជ.ប កំពុងរៀបចំ បើកវគ្គបណ្ដុះបណ្ដាលមួយស្ដីពី «ការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧» ដល់មន្ដ្រី គ.ជ.ប គណបក្សនយោបាយ និងអង្គការមិនមែនរដ្ឋាភិបាល ដោយមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៣១ខែកក្កដា ដល់ថ្ងៃទី២ខែសីហា ឆ្នាំ២០១៧។

ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាល នៅថ្ងៃចន្ទទី៣១កក្កដានេះ អនុប្រធាន គ.ជ.ប លោក គួយ ប៊ុនរឿន ថ្លែងថា ដំណើរការចុះឈ្មោះ ដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មី ឆ្នាំ២០១៦កន្លងទៅនេះ ទទួលបានលទ្ធផលល្អប្រសើរ។ ប៉ុន្ដែ គ.ជ.ប ទទួលស្គាល់ថា នៅមានចំណុចខ្វះខាតមួយចំនួន ដែលត្រូវកែលម្អ មុននឹងយកបញ្ជីបោះឆ្នោតទៅប្រើប្រាស់ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រនីតីកាលទី៦ខាងមុខនេះ។

លោកថ្លែងថា៖ «ឆ្នាំ២០១៧នេះ គឺជាឆ្នាំទី១ ដែល គ.ជ.ប ត្រូវរៀបចំធ្វើបច្ចុប្បន្នភាព និងចុះឈ្មោះបោះឆ្នោត បន្ទាប់ពីការចុះឈ្មោះដោយប្រព័ន្ធកុំព្យូទ័រ ដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មី ឆ្នាំ២០១៦ កន្លងទៅ ទទួលបានលទ្ធផលល្អ ប៉ុន្ដែយើងក៏ទទួលស្គាល់ផលដែរថា នៅមានចំណុចខ្វះខាតមួយចំនួន ដែលយើងត្រូវយកចិត្តទុកដាក់ និងបំពេញបន្ថែម ដោយបានធ្វើការកែលម្អនូវបទបញ្ជា និងនីតិវិធី បច្ចេកទេសក្នុងការរៀបចំប្រព័ន្ធគ្រប់គ្រង……»។

លោក គួយ ប៊ុនរឿន មានប្រសាសន៍ថា វគ្គបណ្ដុះបណ្ដាលនេះ នឹងជួយជំរុញ​ឲ្យបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ កាន់តែល្អប្រសើរ ដោយថា គ្រូជំនាញរបស់ គ.ជ.ប នឹងជួយបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពក្រុមចុះឈ្មោះបោះឆ្នោត(ក.ច.ប)និងក្រុមប្រឹក្សាឃុំសង្កាត់(ក.ឃ.ស.ប)។

លោកបន្ថែមថា វគ្គបណ្ដុះបណ្ដាលនេះ ក៏នឹងផ្ដោតលើបញ្ហាមួយចំនួន ដូចជា ការចេញឯកសារបញ្ជាក់អត្ដសញ្ញាណបម្រើឲ្យការបោះឆ្នោត ការផ្សព្វផ្សាយព័ត៌មានដល់ប្រជាពលរដ្ឋឲ្យបានទូលំទូលាយជាងមុន និងដំណើរការចុះឈ្មោះ ដើម្បីធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោតថ្មី ឆ្នាំ២០១៧។

បើតាមមន្ដ្រី គ.ជ.ប ការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោតថ្មី ឆ្នាំ២០១៧ នឹងផ្ដោតទៅលើពលរដ្ឋ៣ប្រភេទ គឺពលរដ្ឋទើបគ្រប់អាយុបោះឆ្នោត ពលរដ្ឋមានសិទ្ធិបោះឆ្នោត តែមិនទាន់បានចុះឈ្មោះ និងករណីផ្លាស់ទីលំនៅ ឬទីសំណាក់ចូលថ្មី។

បើតាមសេចក្ដីប្រកាស គ.ជ.ប នឹងធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០១៧ ចាប់ពីថ្ងៃទី១កញ្ញា រហូតដល់ថ្ងៃទី៩វិច្ឆិកាឆ្នាំ២០១៧ ពោលគឺធ្វើឡើងឲ្យបានមុនការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៨៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ